ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោក ម៉ប់ សារិន បានជំរុញឲ្យសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញទាំងអស់ ប្រញាប់បំពេញបែបបទប្រកាសទ្រព្យសម្បត្តិឲ្យបានលឿន ដើម្បីដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយឲ្យស្របទៅតាមច្បាប់។ ការជំរុញឲ្យធ្វើបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨អាណត្តិទី២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ ទី៨មករានៅសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានបន្តថា អង្គភាពប្រឆាំងអំពើពុករលួយបានកំណត់ឲ្យធ្វើការប្រកាស ទ្រព្យសម្បត្តិចំពោះមន្ត្រីរាជការក្នុងរយៈពេល២ឆ្នាំម្តង ដូច្នេះយើងគួរធ្វើការប្រកាសឲ្យបាន ទាន់ពេលវេលាក្នុងខែមករាដើមឆ្នាំ២០១៥នេះ។មានរបៀបវារះជាច្រើនដែលត្រូវលើកយកមកពិភាក្សាពិនិត្យ និងអនុម័តតាមសំណើរបស់រដ្ឋបាលរាជធានីភ្នំពេញ។
នៅក្នុងឱកាស នោះដែរ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានឆ្លើយតបទៅ នឹងសំណូមពរ ,កង្វល់និងសំណួរ១ចំនួនដែលសមាជិកក្រុមប្រឹក្សាបានលើកឡើង ដែលសុទ្ធសឹងជាការងាររបស់រដ្ឋបាលរាជធានីភ្នំពេញកំពុងតែធ្វើ និងបន្តធ្វើ។ពាក់ព័ន្ធនឹងការគ្រប់គ្រងទីផ្សារក្នុងរាជធានីភ្នំពេញ លោកអភិបាលបានបញ្ជាក់ថា សាលារាជធានីភ្នំពេញបានសិក្សារួចហើយលើការគ្រប់គ្រងទីផ្សាររដ្ឋទាំង២៥ក្នុងក្រុងឲ្យបានល្អប្រសើរ គឺសាលារាជធានីភ្នំពេញជាអ្នកចេញមុខធ្វើកិច្ចការនេះ និងឈានទៅពិនិត្យនីតិវិធី កិច្ចសន្យាចំពោះ ផ្សារឯកជន ឬផ្សារទំនើបដែលគ្រប់គ្រងដោយឯកជនផងដែរ។
លោកប៉ា សុជាតិវង្ស បន្តទៀតថា នៅមានបញ្ហាច្រើនលើការគ្រប់គ្រងទីផ្សារនាពេល កន្លងមក ពិសេសបញ្ហាអនាម័យបរិស្ថាន,សណ្តាប់ធ្នាប់ចរាចរ,ចំណតយានយន្តជាដើម ដែលតែងបង្កឲ្យមានការរិះគន់ពីមជ្ឈដ្ឋាននានា ក្នុងនោះក៏មានការយកភាស៊ី,តំលៃផ្ញើរកង់ ម៉ូតូ,រថយន្តដែលនៅតែមានកន្លែងខ្លះយកតំលៃលើសពីក្នុងសៀវភៅបន្ទុក។
ពាក់ព័ន្ធនឹងការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ លោកអភិបាលបានបង្ហាញពីការភ្ញាក់ផ្អើលនៅពេល ដែលក្រុមហ៊ុនស៊ីនទ្រី បញ្ចេញតួលេខដែលអ្នកភ្នំពេញជំពាក់ថ្លៃដឹកសំរាមមិនបានបង់ឲ្យ ក្រុមហ៊ុនមានជាង១០ម៉ឺនដុល្លាអាមេរិក។ សាលារាជធានីភ្នំពេញតែងខិតខំស្របស្រួលជាមួយក្រុមហ៊ុនស៊ីនទ្រី ដើម្បីបញ្ចៀសការកកស្ទះសំរាមរាល់ពេលដែលបុគ្គលិកក្រុមហ៊ុន ស៊ីនទ្រី ធ្វើកូដកម្មម្តងៗ។ តែទោះបីយ៉ាងណា ប្រជាពលរដ្ឋតែងបានស្តីបន្ទោសទៅលើ ក្រុមហ៊ុនស៊ីនទ្រីថា មិនបានប្រមូលសំរាមឲ្យបានទាន់ពេលវេលា តែប្រមូលលុយមិនដែលខាន៕

0 Comments