Ad Code

ច្រក​អន្តរជាតិ​ប៉ោយប៉ែត បាន​យក​ធុងសំរាម​ចាំ​ដាក់​សំរាម​ទទួល​ភ្ញៀវ​ទេសចរណ៍​


បន្ទាយមានជ័យ ៖ ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ គឺជា​ច្រក​មួយ​ផ្សារភ្ជាប់​រវាង​ប្រទេស​កម្ពុជា និង ​ប្រទេស​ថៃ ដែល​ពោរពេញ​ទៅ​ដោយ​ភ្ញៀវ​ទេសចរណ៍​រាប់​ពាន់​នាក់​ដែល​បាន​ចេញចូល​តាម​ច្រក​ទ្វារ​នោះ តែ​បែរជា​ច្រក​នេះ​ពោរពេញ​ទៅ​ដោយ​ធុងសំរាម ដោយមាន​ផ្ទុក​សំរាម​គរ​នៅ​និង​ចិញ្ចើម​ផ្លូវ ​ហាក់​បី​ដូច​ជា​យក​សំរាម​មក​ទទួលភ្ញៀវ​ទេសចរណ៍​អញ្ចឹង។

ដោយ​បាន​មើលឃើញ​ពី​កំណើន​ភ្ញៀវ​ដែល​ចេញចូល​ច្រើន​លើសលប់ រាជរដ្ឋាភិបាល​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​ច្រក​មួយ​នេះ​ តែ​បែរជា​អាជ្ញាធរ​ក្រុង​ និង​សមត្ថកិច្ច​ដែល​ឈរជើង​ប្រចាំការ​នៅ​ទីនោះ​ មិន​យកចិត្តទុកដាក់​ចំពោះមុខ​មាត់​ប្រទេស​ជាតិ​ទាល់​តែ​សោះ ​ដោយ​ទុក​ឲ្យ​មាន​គំនរ​សំរាម​តាម​ដងផ្លូវ​ចេញ​ចូល ហាក់ដូចជា​យក​សំរាម​មក​ទទួលភ្ញៀវ​ទេសចរណ៍​អញ្ចឹង ដែល​ធ្វើ​ឲ្យ​ជះ​ក្លិនស្អុយ​លើ​ភ្ញៀវ​ទេសចរណ៍​ទៅវិញ។ គំនរ​សំរាម​ទាំង​អស់​នោះ​ត្រូវ​បាន​គេ​ចោល​រាយប៉ាយ​ដោយ​គ្មាន​ធុងសំរាម​ដាក់​ត្រឹមត្រូវ​នោះ​ទេ ហើយ​បើ​មាន​គឺ​មានតែ​ធុងសំរាម​ដែល​ធ្វើ​ពី​សំបក​កង់​ឡាន​ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម​មិនអាច​ផ្ទុក​សំរាម​បាន​ឡើយ។​ ចំណែក​ឯ​ក្លិនស្អុយ​ភាគ​ច្រើន​គឺ​ចេញ​មក​ពី​ធុងសំរាម​ទាំងនោះ។​

អុំ​ស្រី លី​ណា មាន​មុខរបរ​ជា​អ្នក​រុញ​រទេះ​លក់​គ្រឿង​ម្ជូរ ដែល​លក់​ក្បែរ​គំនរ​សំរាម​បាន​និយាយ​ឲ្យ​ដឹង​ថា​ ជា​រៀងរាល់ថ្ងៃ​សំរាម​តែងតែ​មាននៅ​គរ​ក្បែរ​គាត់​លក់​ ហើយ​មាន​ក្លិនស្អុយ​ណាស់ អ្នក​ធ្វើ​ដំណើរ​ទូទៅ​ឲ្យ​តែ​មក​ដល់​ទីនេះ​តែង​យកដៃ​ខ្ទប់​មុខ​ និង​បិទ​ច្រមុះ​ហើយ។​

បងស្រី ដា ក៏បាន​និយាយ​ដូច​គ្នា​នេះ​ដែរ​ថា មានតែ​ធុង​មិន​បាច់​មាន​សំរាម​ក៏​មាន​ក្លិនស្អុយ​ដែរ​គឺ​ស្អុយ​ចេញពី​ធុង​តែម្តង។ គាត់​និយាយ​បន្ត​ទៀត​ថា​ ធុងសំរាម​ចាស់​ខូច​ចង់​អស់​ទៅ​ហើយ​ ដូច្នេះ​សំរាម​ដែល​ដាក់​កន្លងមក​ដែល​ហូរ​ទឹក​ជាប់​និង​ធុង​នោះ ​ក៏​បង្ក​ជា​ក្លិនស្អុយ​ដែរ។ ពួក​លក់ដូរ​ក្បែរ​នោះ​គឺ​ទ្រាំ​ណាស់​ដើម្បី​ក្រពះ។ ពួកគាត់​សួរ​ថា​ តើ​អាជ្ញាធរ​អត់​ដូរ​ធុងសំរាម​ថ្មី​ទេ​អី?​

ជួប​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី​០៧ ​ខែមករា​ លោក អាន វ​ណ្ណះ ប្រធាន​ស្នាក់​ការ​ត្រួត​ពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា ​លោក​អត់​បាន​ដឹង​ទេ​កន្លងមក ​ព្រោះ​ការងារ​ច្រើន​ដោយ​នេះ​ជា​ការងារ​របស់​អាជ្ញាធរ​ក្រុង​ និង​ខាង​អ្នក​ប្រមូល​សំរាម។

តែ​ក្រោយពី​មានការ​សួរនាំ​រួចមក លោក​នឹង​ចាត់ការ​ត្រួតពិនិត្យ​ឡើង​វិញ​ហើយ៕

អ​. ពៅ​៨​មករា​២០១៥


Post a Comment

0 Comments

Close Menu