Ad Code

ចម្លាក់​កូរ​សមុទ្រ​ទឹក​ដោះ​តំណាង​ឲ្យ​ការ​ងារ​កសិកម្ម​ខ្មែរ​បុរាណ

ចម្លាក់​តាម​ប្រាង្គ​ប្រាសាទ​នានា​នៅ​សម័យ​អង្គរ​គេ​តែង​បាន​ប្រទះ​ឃើញ​ចម្លាក់​ដ៏​មាន​ប្រជា​ប្រិយ​ និង​ពេញ​និយម​មួយ​គឺ​ចម្លាក់​ស្តី​ពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ។ ទោះ​ជា​មាន​ទ្រង់​ទ្រាយ​ប្លែក​គ្នា​ទៅ​តាម​សមត្ថ​ភាព​ជំនាញ​របស់​សិល្ប​ករ​នោះ​ក៏​គេ​បាន​យល់​ច្បាស់​ថា ជា​ចម្លាក់​ស្តី​ពី​ទេវ​កថា​នៃ​មហា​បេសក​កម្ម​កូរ​សមុទ្រ​ទឹក​ដោះ​ពិត​ប្រាកដ។ តើ​ហេតុ​អ្វី​បាន​ជា​ចម្លាក់​នេះ​មាន​ភាព​ល្បី​ល្បាញ​យ៉ាងនេះ?

ចំពោះ​ខ្លឹម​សារ​ដើម​នៃ​ការ​កូរ​សមុទ្រ​ទឹក​ដោះ​រវាង​ពួក​អសុរៈ​និង​ពួក​ទេវ​តា​នោះ​គឺ​មាន​ព្រះ​នារាយណ៍​ ឬ​ព្រះ​វិស្ណុ​ជា​អ្នក​ដឹក​នាំ​កម្ម​វិធី​ និង​ជា​អធិបតី​នៃ​ភាគី​ទាំង​សង​ខាង​ក្នុង​បំណង​ដ៏​សំខាន់​មួយ​គឺ​ទឹក​អម្រឹត។ តើ​អ្វី​ទៅ​ជា​ទឹក​អម្រឹត? ហេតុ​អ្វី​ក៏​ទឹក​អម្រឹត​ផុស​ឡើង​ពី​សមុទ្រ​ទឹក​ដោះ?​តើ​សមុទ្រ​ទឹក​ដោះ​ខុស​ពី​សមុទ្រ​ទឹក​ប្រៃ​សព្វ​ថ្ងៃ​យ៉ាង​ណា? ទាំង​អស់​នេះ​សុទ្ធ​តែជា​ចម្ងល់​​តាម​រយៈ​ការ​ពិនិត្យ​ចម្លាក់នៃ​ការ​កូរ​សមុទ្រ​ទឹក​ដោះ​នៅ​តាម​ប្រាង្គ​ប្រាសាទ​នានា​ ជា​ពិសេស​ប្រាសាទ​សម័យ​អង្គរ​តែ​ម្តង។ ជាក់​ស្តែង​នៅ​ប្រាសាទ​អង្គរ​វត្ត​ជា​​ប្រាសាទ​ធំ​ជាង​គេ​ និង​មាន​សោភណភាព​ល្អ​ឯក​នោះ​ក៏​បុព្វ​បុរស​បាន​ឆ្លាក់​រឿង​កូរ​សមុទ្រ​ទឹកដោះ​នៅ​លើជញ្ជាំង​ថ្ម​ដ៏​ធំ​វែង​នៅ​ចំហៀង​ខាង​កើត​ឆៀង​ខាង​ត្បូង។
មាន​ហេតុ​ផល​ដែលជា​ភស្តុ​តាង​គួរ​ផ្តោត​ទៅ​លើ​ការ​ចាប់​អារម្មណ៍​ខ្លាំ​ង​ជាង​គេ គឺ​បញ្ហា "​ទឹក"​ដូច​ជា​ទឹក​អម្រឹត​ និង​"​ទឹកដោះ"​ជា​មូល​ដ្ឋាន​នៃ​ការ​ពិចារណា​អំពី​រឿង​នេះ។ ដំបូង​យើង​សាក ល្បង​គិត​អំពី​បញ្ហា​ទឹក​អម្រឹត​ ដែល​ជា​គោល​បំណង​ ឬ​ជា​ទិស​ដៅ​នៃ​ពល​ករ​ក្នុង​ការ​បំពេញ​ពល​កម្ម​នៃ​ការ​កូរ​សមុទ្រ​ទឹក​ដោះ​រហូត​ដល់​រយៈ​ពេល​ជាង​១​ពាន់​ឆ្នាំ​​ទើប​រក​ឃើញ និង​បាន​ទទួល​ទឹក​អម្រឹត​សំរេច​ទៅ​តាម​គោល​ដៅ​ប្រាកដ​មែន។ គេ​បាន​បញ្ជាក់​ក្នុង​ទេវកថា​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​បាន​ផឹក​ទឹក​អម្រឹត​នោះហើយ​រមែង​មិន​ចេះ​ស្លាប់​ ឬ​ហៅ​ថា​មាន​ជីវិត​អមតៈ។ ជាក់​ស្តែង​ក្រុម​ខាង​ទេវតា​បាន​ទទួល​ផឹក​ទឹក​អម្រឹត​នោះ​ ទើប​គេ​យល់​ថា ទេវតា​គង់​នៅ​ឋាន​សួគ៌​តែងមាន​ជីវិត​នៅ​គង់​វង្ស​ជា​អមតៈ។
ឥឡូវ​យើង​ធ្វើ​ការ​សាកល​្បង​ពិចារណា​ទៅ​លើ​សមុទ្រ​ទឹក​ដោះ​ម្តង​វិញ តើ​សមុទ្រ​ទាំង​ឡាយ​នៅ​លើ​ផែន​ដី​នេះ​មាន​សមុទ្រ​ណា​ដែល​ជា​សមុទ្រ​ទឹក​ដោះ? ជា​ធម្ម​តា​សមុទ្រ​តែង​មាន​រស​ជាតិ​ប្រៃ​ ហើយ​សមុទ្រ​ជា​ទី​កន្លែង​សំរាប់​ទទួល​ផ្ទុក​ទឹក​ពី​ទឹក​ទន្លេ​បឹង​ស្ទឹង​ ព្រែក​ហូរ​ចាក់​បំពេញ​ដែល​មិន​ចេះ​ពេញ​នោះ​ឡើយ។ បុ៉ន្តែ​បើ​គេ​ពិនិត្យ​អំពី​ទឹក​ដោះ​គឺ​មាន​តែ​ទឹក​ដោះ​ម្តាយ​ និង​មេ​របស់​មនុស្ស​ សត្វ​នោះ​ទេ។ បុ៉ន្តែ​ចំពោះ​ដំណាំ​ខ្លះ​ក៏​មាន​ឈ្មោះ​ថា ទឹក​ដោះ​ដែរ​ដូច​ជា​ផ្លែ​ទឹក​ដោះ​គោ និង​ស្រូវ​ដែល​ដេញ​ផ្លែ​នៅ​ខ្ចី​គេ​ហៅថា ទើប​តែ​ដាក់​ទឹក​ដោះ​ ព្រោះ​នៅ​ក្នុង​គ្រាប់​ស្រូវ​មិន​ទាន់​រឹង​ក្លាយ​ជា​អង្ករ​នៅ​ឡើយ។ មក​ដល់​ចំណុច​នេះ​យើង​កាន់​តែ​មាន​ទុន​ក្នុង​ការ​ឈ្វេង​យល់ ឬ​កាន់​តែ​មាន​ពន្លឺ​ដើម្បី​បាន​កាន់​តែ​ឃើញ​ច្បាស់​អំពី​ទស្សន​វិជ្ជា​នៃ​ការ​កូរ​សមុទ្រ​ទឹក​ដោះ​នោះ​មែន​ហើយ។
យើង​ផ្សំ​ផ្គុំ​គំនិត​ ឬ​ហៅ​ថា​ជា​ការ​សំយោគ​នៃ​គំនិត​ដូន​តា​ដែល​ចង់​បង្ហាញ​តាមរយៈ​ប្រស្នា​ ឬ​ជា​ការ​បង្កប់​នូវ​ឧត្តម​គតិ​តាម​រយៈ​រូប​ចម្លាក់​នៃ​ការ​កូរ​សមុទ្រ​ ដែល​យើង​បាន​សន្មត​ដូច​ខាង​ក្រោម​នេះ​ ៖
សមុទ្រ​ទឹក​ដោះ​ គឺ​ជា​ចំណុច​កំពូល​នៃ​ជីវិត​របស់​មនុស្ស​ ព្រោះ​មនុស្ស​ម្នាក់ៗ​តែង​កើត​មក​កាល​ពី​នៅ​ជា​ទារក​នោះ​មិន​អាច​កន្លង​ផុត​ពី​ការ​បៅ​ដោះ​ម្តាយ​នោះ​ទេ។ បាន​សេចក្តី​ថា ទឹក​ដោះ​ម្តាយ​ធ្វើ​ឲ្យ​មនុស្ស​គ្រប់​រូប​មាន​ការ​រស់​រាន​ធំ​ធាត់​ប្រកប​ដោយ​កម្លាំង​មាំ​មួន​ទាំង​បញ្ញា​ពល​កម្ម​ និង​ទាំង​កម្លាំង​បាយ​(​កម្លាំង​កាយ)​ឬ​មាន​ន័យ​ថា ជា​ការ​ចូល​រួម​របស់​មនុស្ស​ក្នុង​ការ​បំពេញ​ភារ​កិច្ច​នេះ​ហើយ​ ដែល​ហៅថា​ជា​សមុទ្រ​ទឹក​ដោះ។ មាន​ន័យ​បន្ត​ទៀត​ថា ទឹក​អម្រឹត​ដែល​គេ​រក​ឃើញ​ពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ​នោះ​វា​ជា​សារ​មួយ​ក្នុង​ន័យ​អត្ថ​ប្បដិរូប​ដែល​បង្ហាញ​ឲ្យ​ដឹង​ថា ការ​ងារ​ពល​កម្ម​នេះ​ហើយ​ដែល​ផ្តល់​ផល​ប្រយោជន៍​​ដល់​មនុស្ស។ ដោយ​សារ​ពាក្យ​ថា ទឹក​អម្រឹត​នេះ​យើង​ធ្វើ​ការ​បំព្រួញ​ខ្លី​មក​នៅ​ត្រឹម​តែ​ជា​ផល​ប្រយោជន៍​​ប្រកប​ដោយ​ភាព​ក្សេម​ក្សាន្ត​នា​លោកិយ​នេះ​មាន​ប្រភព​បាន​មក​ពី​ការ​ងារ។ ជា​ពិសេស​ការ​ងារ​កាល​ពី​បុរាណ​ព្រេង​នាយ​មក​នោះ​នៅ​ក្នុង​សង្គម​ខ្មែរ​ គឺ​ការ​ងារ​ស្រែ​ចំការ​ដែល​កសិករ​បាន​ប្រើ​ប្រាស់​ទឹក​ជា​ចម្បង​ដូច​ពាក្យ​ចាស់​ពោល​ថា "​ធ្វើ​ស្រែ​នឹង​ទឹក​ ធ្វើ​សឹក​នឹង​បាយ"
តាម​ការ​សន្និដ្ឋាន​ជា​ចុង​ក្រោយ​មួយ​បែប​ទៀត​ដែល​កាន់​តែ​ចូល​កៀក​ និង​ការ​ងារ​ស្រែ​ចំការ​នោះ​ គឺ​សមុទ្រ​ទឹក​ដោះ​មាន​ន័យ​ថា ជា​ស្រូវ​អង្ករ​តែ​ម្តង ព្រោះ​គ្រាប់​អង្ករ​នេះ​វា​មាន​ការ​វិវត្ត​ហៅ​ថា​ស្រូវ​ពេញ​ទឹក​តាមរយៈ​ការ​ដាក់​ទឹក​ដោះ​ក្នុង​គ្រាប់​ស្រូវ​ជា​គ្រា​ដំបូង​មក​ម្ល៉េះ។ ចំពោះ​ទឹក​អម្រឹត​ដែល​រក​ឃើញ​ពី​សមុទ្រ​ទឹកដោះ​នោះ​មាន​ន័យ​ជា​អង្ករ​ ឬ​បាយ​នេះ​ជា​អាហារ​ដ៏​ចាំ​បាច់​របស់​ខ្មែរ​តាំង​ពី​បុរាណ​បន្ត​មក​ទល់​នឹង​សព្វ​ថ្ងៃ​នេះ។ ចាស់ៗ​តែង​និយាយ​ថា អ្នក​ណា​ហូប​បាយ​បាន​ច្រើន​តែង​មាន​កម្លាំង​មាំ​មួន។ ផ្ទុយ​ទៅ​វិញ​ចំពោះ​អ្នក​ជំងឺ​ដែល​ដាច់​បាយ​នោះ​ និង​មាន​កម្លាំង​ថមថយ​រហូត​ដល់​ស្លាប់​ជា​មិន​ខាន។
ដូច្នេះ​តាម​រយៈ​ចម្លាក់​ស្តីពី​ការ​កូរ​សមុទ្រ​ទឹក​ដោះ​ពី​បុរាណ​នោះ​វា​ជា​ប្រភព​នៃ​គំនិត​ដូន​តា​បញ្ជាក់​អំពី​ការ​ងារ​កសិករ​ ដែល​ត្រូវ​ការ​ទឹក​ជា​ចាំ​បាច់​ដូច​មាន​នាគ​វ៉ាសុគី​ជា​តំណាង​ទឹក​នោះ​ស្រាប់៕
ឥន្ទ្រីយ៍​ខ្មៅ​

Post a Comment

0 Comments

Close Menu