សៀមរាប ៖ ក្រុមអ្នកចាត់ចែងនិងសម្រួលឲ្យប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ភេទប្រុសទាំង៣នាក់នេះ ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងខេត្តសៀមរាបចាប់ឃាត់ខ្លួនរួចប្រគល់មកឲ្យការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំណាត់ការបន្ត។ ដោយហេតុការណ៍នេះបានធ្វើឡើងកាលពីវេលា២២និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ កន្លងទៅជាប់ពាក់ព័ន្ធក្នុងករណី ចាត់ចែងនិងសម្រួលឲ្យប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។ ជាប់ពាក់ព័ន្ធក្នុងករណីខាងលើលោកវរសេនីយ៍ទោ អ៊ុំ សាអាត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់ ទើបជាក់ស្តែងជនសង្ស័យភេទប្រុសទាំង៣នាក់នេះមិនអាចរត់គេចពីសមត្ថកិច្ចជំនាញបានឡើយ។ លោកបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីបានធ្វើការឃាត់ខ្លួននិងបានសួរនាំជនសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីខាងលើហើយនោះ នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តនៅករណីខាងលើពិតប្រាកដមែន ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតបាននូវវត្ថុតាងពីជនសង្ស័យបាននូវឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយចំនួននិងទូរស័ព្ទចំនួន២គ្រឿងផងដែរ។ បច្ចុប្បន្នទាំងជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី២៧ ខែមករានេះ ដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្ត៕
គឿនវេត
0 Comments