ភ្នំពេញ ៖ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ករណីអ្នកភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង គិតមកត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ ប្រមាណ២២៦នាក់ ត្រូវបានរកឃើញថាឆ្លងមេរោគអេដស៍ទាំងចាស់ទាំងក្មេង ដែលបណ្ដាលមកពីការចាក់ម្ជុលរួមគ្នារបស់គ្រូពេទ្យគ្មានជំនាញប្រចាំភូមិរកា។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានយ៉ាងដូច្នេះ ក្រោយពេលលោកបានដឹកនាំមន្ត្រីជំនាញរបស់ខ្លួនចូលស្រាយបំភ្លឺផ្ទាល់មាត់ចំពោះមុខគណៈកម្មការទី៨នៃរដ្ឋសភា ដែលមានឈ្មោះថា «គណៈកម្មការសុខាភិបាល សង្គមកិច្ច យុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី » ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នៃការរីករាលដាលមេរោគអេដស៍ និងលទ្ធផលជាជំហានដំបូង នៃការអង្កេតស្រាវជ្រាវករណីការឆ្លងមេរោគអេដស៍នៅក្នុងភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង និងវិធានការអនុវត្តន៍បន្តរបស់ក្រសួង ចំពោះករណីខាងលើកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា។
លោកវេជ្ជបណ្ឌិតរដ្ឋមន្ត្រីក្រសួងសុខាភិបាលបន្តថា ការចាក់ម្ជុលតែមួយទៅលើមនុស្សច្រើននាក់អាចឆ្លងមេរោគអេដស៍ពីម្នាក់ទៅម្នាក់ ដូចករណីគ្រូពេទ្យប្រចាំភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានគេស្ដីបន្ទោស ដោយបានអះអាងថា គាត់ប្រើម្ជុលតែមួយចាក់ថ្នាំទៅលើអ្នកជំងឺច្រើននាក់ ដែលជាមូលហេតុធ្វើឲ្យមានការឆ្លងរាលដាលជំងឺអេដស៍ទូទាំងភូមិរកា។លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា ស្ថិតនៅក្នុងចំណោមលោកគ្រូពេទ្យជាច្រើននាក់នៅក្នុងប្រទេសកម្ពុជាកំពុងតែប្រកបមុខរបរពេទ្យដោយគ្មានការអនុញ្ញាត។ ឆ្លើយតបនឹងបញ្ហាប្រឈមនេះ ក្រសួងនឹងចាត់វិធានការរួម ដើម្បីត្រួតពិនិត្យសេវាឯកជន និងស្ថាប័នសុខភាពខុសច្បាប់ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់យើងឲ្យកាន់តែរឹងមាំសម្រាប់ទំនុកចិត្តប្រជាជនរត់មករកសេវាជាតិរបស់យើង។ លោករដ្ឋមន្ត្រីបន្តទៀតថា កិច្ចប្រជុំពេលនេះដើម្បីរួមគ្នាទាំងរាជរដ្ឋាភិបាល ទាំងក្រសួងសុខាភិបាល ទាំងសភាជាតិរិះរកវិធានការជួយដល់អ្នកភូមិរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលឆ្លងមេរោគអេដស៍ទាំងចាស់ទាំងក្មេង។ ជាមួយនឹងការស្នើឲ្យរាជរដ្ឋាភិបាលជួយដល់អ្នកភូមិរកា ក្រសួងក៏បានចាត់មន្ត្រីជំនាញផ្តល់ប្រឹក្សា និងផ្តល់ថ្នាំប្រឆាំងមេរោគអេដស៍ដល់អ្នកផ្ទុកមេរោគអេដស៍ទាំងនោះបានជាប្រចាំផងដែរ។
លោកស្រី កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភាបានលើកឡើងដែរថា នៅក្នុងជំនួបជាមួយតំណាងរាជរដ្ឋាភិបាលនាពេលនេះ គណៈកម្មការរដ្ឋសភាបានស្នើឲ្យរាជរដ្ឋាភិបាល ដើម្បីបង្កើតកញ្ចប់ថវិកាពិសេសជួយទៅដល់អ្នកឆ្លងមេរោគអេដស៍នៅភូមិរកា ដែលកញ្ចប់ថវិកាពិសេសនោះ សម្រាប់យកទៅប្រើប្រាស់ផ្នែកខាងជីវភាព និងព្យាបាលផងដែរដល់ពួកគាត់កំពុងតែខ្វះខាត។ លោកស្រីប្រធានគណៈកម្មការបានបញ្ជាក់ថា ករណីកើតមានជំងឺអេដស៍ឆ្លងដល់ប្រជាពលរដ្ឋនៅភូមិរកា គឺជាករណីគួរឲ្យសោកស្ដាយ ហេតុនេះហើយបានជាគណៈកម្មការទី៨នៃរដ្ឋសភា ស្នើសុំឲ្យរាជរដ្ឋាភិបាលធ្វើការកែទម្រង់ប្រព័ន្ធសុខាភិបាលឡើងវិញ ដែលក្នុងនោះរៀបចំត្រួតពិនិត្យគ្រូពេទ្យឲ្យស្របតាមវិជ្ជាជីវៈឲ្យមានការគោរពក្រមសីលធម៌ជាគ្រូពេទ្យចំពោះអ្នកជំងឺ ហើយគ្លីនិកឯកជនមួយចំនួនដែលពុំមានច្បាប់ និងមន្ទីរពេទ្យបង្អែកសុខភាពដែលមានមូលដ្ឋាននៅគ្រប់ទីកន្លែងទាំងអស់ ក៏ត្រូវធ្វើការត្រួតពិនិត្យឡើងវិញ ជៀសវាងការកើតមានបញ្ហានេះតទៅទៀត។ ចំពោះអ្នកធ្វើខុសក៏ត្រូវមានវិធានការទណ្ឌកម្មផងដែរ៕
សុងយោ
0 Comments