កំពង់ឆ្នាំង ៖ ពួកចោរអត់ឃ្លាតនៅក្នុងស្រុកបានលួចគោញីមួយក្បាលទៅប្រលេះយកសាច់ស៊ីទាំងកណ្ដាលយប់ ដែលហេតុការណ៍នេះបានកើតឡើងប្រមាណម៉ោង១២យប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅព្រំប្រទល់ឃុំរលាប្អៀរ និងឃុំជ្រៃបាក់ ស្រុករលាប្អៀរ។
លោក ទឹម ចន្ធី អធិការនគរបាលស្រុករលាប្អៀរបាននិយាយឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥នេះថា បុរសជាម្ចាស់គោញីខាងលើនេះឈ្មោះ ជូ សៀន អាយុ៦៨ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ គាត់បានតៅស្នាក់នៅធ្វើចាំការនៅខាងលិចភូមិជាប់ព្រំប្រទល់ឃុំជ្រៃបាក់ នៅយប់ថ្ងៃទី២៥ ខែមករា គាត់បានបាត់គោញីធំ១ក្បាលពីខ្ទមចំការ ប៉ុន្តែមិនស្មានថាចោរលួចយកនោះឡើយ និងព្រឹកឡើងក៏គាត់មិនអើពើរូតរះដើររកដែរ ព្រោះជាទម្លាប់របស់អ្នកស្រុកនៅទីនោះខ្លះគេលែងគោក្របីចោលបួនដប់ថ្ងៃទើបគេដើរម្តង មិនដែលមានចោរលួចបែបនេះឡើយ។
លុះថ្ងៃរសៀលទី២៧ ខែមករា ឆ្នាំ២០១៥ ទើបមានគេប្រទះឃើញខ្មោចគោដែលពួកចោរប្រលេះយកសាច់អស់មួយចំនួនទៅហើយ នៅចំណុចព្រំប្រទល់ឃុំរលាប្អៀរ និងឃុំជ្រៃបាក់ក្បែរមាត់ស្ទឹង ទើបដំណឹងនេះបានឮដល់ម្ចាស់គោ ហើយពេលទៅមើលទើបដឹងថាគោដែលចោរប្រលេះយកសាច់នោះជាគោញីរបស់គាត់(ជូ សៀន)។
នៅថ្ងៃរសៀលទី២៧ ខែមករា ឆ្នាំ២០១៥នេះ សមត្ថកិច្ចនគរបាលស្រុករលាប្អៀរបានចុះទៅពិនិត្យកន្លែងចោរប្រលេះសាច់គោ ដោយឃើញសាច់គោតែមួយចំនួនតូចនោះទេ ដែលចោរបានប្រលេះយកទៅ ដែលសមត្ថកិច្ចសន្និដ្ឋានថា ចោរលួចប្រលេះសាច់គោនេះជាចោរនៅក្នុងស្រុក មិនមែនជាចោរជំនាញមកពីឆ្ងាយនោះទេ។ ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាជនល្មើសនិងសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ សូមមេត្តាប្រុងប្រយ័ត្នគោក្របីរបស់ខ្លួន សូមកុំលែងចោលអានាធិបតេយ្យ ដែលជាហេតុធ្វើឲ្យពួកចោរងាយស្រួលធ្វើសកម្មភាពចាប់កាប់ប្រលេះយកសាច់យ៉ាងស្រួលដូចករណីខាងលើនេះ និងទម្រាំដឹងគឺពួកចោរគេចខ្លួនបាត់អស់ទៅហើយ៕
( ឈៀង ថារិទ្ធ )
0 Comments