កំពង់ឆ្នាំង ៖ យុវជនទំនើង៥នាក់ បានព្រួតវាយសន្តិសុខក្រុមហ៊ុនម្នាក់របស់ក្រុមហ៊ុនទូរស័ព្ទមួយទាំងកំរោលបណ្ដាលឲ្យរងរបួសស្រាល ដោយបានចោរថាបានជេរប្រមាថពួកគេ បានចោទសន្តិសុខរូនោះថាបានជេរប្រមាថរបស់ពួកគេ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ នៅមុខក្រុមហ៊ុនទូរស័ព្ទមួយស្ថិតនៅភូមិទី៣ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សន្តិសុខជាជនរងគ្រោះនោះឈ្មោះ ស៊ុំ ណារិទ្ធ អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ចំណែកយុវជនទំនើងទាំង៥នាក់នោះត្រូវគេស្គាល់ ទី១មាន-ឈ្មោះ ឆៃ ស៊ីឈីត អាយុ២៣ឆ្នាំ,ទី២-ឈ្មោះ ឆៃ ស៊ីឈាន អាយុ២៨ឆ្នាំ,ទី៣-ឈ្មោះ ឆៃ សុខ សាន្ត អាយុ១៩ឆ្នាំ គេទាំង៣នាក់រស់នៅក្នុងភូមិ/ឃុំកើតហេតុខាងលើ និងជាកូនមន្ត្រីនគរបាលផ្នែកភ័ស្ដុតាង ម្នាក់នៅក្នុងស្នងការនគរបាលខេត្ត ចំណែកយុវជនទំនើង២នាក់ទៀតជាមិត្តភក្ដិរបស់គេ មិនត្រូវបានគេស្គាល់ឈ្មោះឡើយ។
ប្រភពព័ត៌មានពីមន្ត្រីសន្តិសុខជាជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនទំនើង ជិះម៉ូតូ២គ្រឿងត្រឡប់ពីស៊ីផឹកដោយធ្វើដំណើរពីលិចទៅកើត ពេលទៅដល់មុខក្រុមហ៊ុនទូរស័ព្ទមានម៉ូតូមួយគ្រឿងទៀតបានបើកបរក្នុងដំណើរច្រាសទិសគ្នា អ្នកបើកបរម៉ូតូរូបនោះក៏បានជេរប្រមាថទៅលើយុវជនទំនើងដែលកំពុងជិះម៉ូតូរេជ្រែពេញថ្នល់ចង់បុកគាត់ ហើយក៍ជិះហួសទៅ។ ពេលនោះដែរ យុវជនទំនើងទាំងនោះក៏បានត្រឡប់មកក្រោយវិញ និងបានបើកម៉ូតូទៅព្រួតវាយសន្តិសុខនោះដោយចោទថា សន្តិសុខរូបនោះបានជេរប្រមាថពួកគេ ទោះបីសន្តិសុខរូបនោះអង្វរថា រូបខ្លួនមិនបានជេរទេ អ្នកជេរនោះបានជិះម៉ូតូហួសទៅហើយ តែទោះបីជនរងគ្រោះប្រាប់បែបនេះក៏ដោយ ក៏ក្រុមទំនើងនោះនៅតែវាយទាល់តែអស់ចិត្តទើបចេញទៅ។
ក្រោយពេលកើតហេតុយុវជនទំនើងទាំង៥នាក់បានគេចខ្លួនបាត់ពីមូលដ្ឋាន ចំណែកសន្តិសុខរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយផ្តល់យុត្តិធម៌ និងចាប់ជនទំនើងទាំងនោះមកផ្ដន្ទាទោសតាមច្បាប់។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ម្នាក់ក្នុងចំណោមពួកគេ៥នាក់នោះ ជាជនប្រើថ្នាំញៀនដែលសមត្ថកិច្ចកំពុងតែតាមប្រមាញ់។ ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនជនដៃដល់ទាំង៥នាក់នេះមកផ្ដន្ទាទោសតាមច្បាប់៕
( ឈៀង ថារិទ្ធ



0 Comments