Ad Code

កម្ពុជា​ពង្រឹង​ការនាំចេញ​ផលិតផល​កសិកម្ម​ទៅកាន់​ផ្សារ​អន្តរជាតិ


ភ្នំពេញ ៖ តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​បាន​ឱ្យ​ដឹង​ថា ស្ថានភាព​នាំចេញ​អង្ករ​កម្ពុជា​ប្រចាំ​ខែមករា ឆ្នាំ​២០១៥​ ទៅកាន់​ទីផ្សារ​អន្តរ​ជាតិ គឺ​បាន​ចំនួន​៣៥.៩២១​តោន បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៤​ មានការ​កើន​លើស​ចំនួន​១៤.៣៨៥​តោន។​

ក្នុង​នោះ​មាន​ប្រភេទ​អង្ករ​មាន​ដូចជា​ អង្ករ​ក្រអូប​នាង​ម្លិ​ស អង្ករ​ក្រអូប​សូ​មាលី អង្ករ​ក្រអូប​ផ្កា​ម្លិ​ស អង្ករ​ក្រអូប​សរីរាង្គ និង​អង្ករ​ក្រអូប​ភ្លឺ ចំនួន​២១.៣០១​តោន អង្ករ​ចម្រុះ​គ្រាប់​វែង និង​អង្ក​រស​ប្រណិត​នាំចេញ​បាន​ចំនួន​១៣.៣១២​តោន និង​អង្ករ​ចំហុយ​គ្រាប់​វែង​ចំនួន​១.៣០៨​តោន។​

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ក្នុង​ឆ្នាំ​២០១៤ ក្រុមហ៊ុន​ដែល​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរ​ជាតិ​មាន​ចំនួន​៤៧​នៅ​កម្ពុជា បាន​នាំ​អង្ករ​ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន​៣៨៧.០៦១​តោន ក្នុង​នោះ​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​សមាជិក​សហគមន៍​អឺរ៉ុប​មាន​ចំនួន​១៦​ប្រទេស សមាជិក​អាស៊ាន​ចំនួន​២​ប្រទេស និង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​ចំនួន​៩​ប្រទេស។​

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី​០៥​ ខែកុម្ភៈ ​ឆ្នាំ​២០១៥​ផង​ដែរ លោក ស៊ីន សា​រ៉ា​យ អនុប្រធាន​ការិយាល័យ​ផ្នែក​កិច្ចការ​ពិព័រណ៍​ក្រៅប្រទេស​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ទន្ទឹម​នឹង​ការពង្រីក​ការនាំចេញ​អង្ករ​ក្រសួង​កំពុងតែ​ផ្សព្វផ្សាយ​ដល់​ក្រុមហ៊ុន និង​អាជីវករ ពាណិជ្ជករ​នៅក្នុង​ស្រុក​ទាំងអស់ ដែល​មាន​បំណង​ចង់​នាំ​យក​នូវ​ផលិតផល​អង្ករ ម្ហូបអាហារ និង​ម្រេច​ខ្មែរ សម្រាប់​ដាក់​តាំង​ពិព័រណ៍​នៅក្នុង​ប្រទេស​បារាំង​នា​ខែឧសភា​ ឆ្នាំ​២០១៥​ខាងមុខនេះ។

លោក​បាន​បន្ដ​ថា សម្រាប់​ផលិតផល​ដែល​នាំ​យក​ទៅ​ដាក់​តាំង​ពិព័រណ៍ ក្រសួងពាណិជ្ជកម្ម​នឹង​ជួយ​សម្របសម្រួល​លើ​ការរៀបចំ​ឯកសារ លិខិតស្នាម​ផ្សេងៗ ដល់​ក្រុមហ៊ុន អាជីវករ និង​ពាណិជ្ជករ ដែល​ចង់​នាំ​យក​ផលិតផល​របស់​ខ្លួន​ក្នុង​ការ​ដាក់​តាំង​ពិព័រណ៍​នោះ។​

លោក​បាន​លើក​ឡើង​ថា ក្រៅពី​ការ​ចេញ​ទៅ​តាំងពិព័រណ៍​ផលិតផល​ខ្មែរ​នៅក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប កម្ពុជា​ក៏បាន​នាំ​យក​ផលិតផល​ទៅ​ដាក់​តាំង​ពិព័រណ៍​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយចំនួន​ដូចជា​ ប្រទេស​ចិន ជប៉ុន កូរ៉េ និង​ប្រទេស​ជាច្រើន​ទៀត ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ដើម្បី​រក​ទីផ្សារ​លក់​ផលិតផល​នេះ។ លោក​បាន​បន្ត​ទៀត​ថា តាមរយៈ​ការ​ដាក់​តាំង​ផលិតផល​ក្នុង​ពិព័រណ៍​ជា​លក្ខណៈ​អន្តរជាតិ​នេះ កម្ពុជា​នឹង​បាន​បង្ហាញ​អំពី​មុខមាត់ និង​ចូលរួម​ផ្សព្វផ្សាយ​អំពី​ផលិតផល​ខ្មែរ និង​ឱ្យ​គេ​កាន់តែ​ស្គាល់​គុណភាព និង​កេរ្តិ៍ឈ្មោះ​កម្ពុជា ព្រមទាំង​បាន​ជួយ​ជំរុញ​ការនាំចេញ​ផលិតផល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​កាន់​តែ​ច្រើន​បន្ថែម​ទៀត។​

លោក ស៊ីន សា​រ៉ា​យ បាន​ចាត់ទុកថា តាមរយៈ​ការ​តាំង​ពិព័រណ៍​នេះ កម្ពុជា​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជា​លក្ខណៈ​ទ្វេភាគី និង​ពហុភាគី​នៅក្នុង​តំបន់​ក៏ដូចជា​ការ​បើក​ច្រក​ទីផ្សារ​អន្តរជាតិ​សម្រាប់​ផលិតផល​កម្ពុជា​ផង​ដែរ។​

យោង​តាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៤​កន្លង​មក​នេះ កម្ពុជា​បាន​នាំចេញ​ទំនិញ​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​៧,៧​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ការនាំចេញ​ទំនិញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ បាន​រួម​ចំណែក​៦២​ភាគរយ ស្មើនឹង​៤,៨​ពាន់​លាន​ដុល្លារ នៃ​តម្លៃ​ទឹកប្រាក់​សរុប ហើយ​ការនាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​មាន​ទឹកប្រាក់​១,៧​ពាន់​លាន​ដុល្លារ សហភាព​អឺរ៉ុប​២,៣​ពាន់​លាន​ដុល្លារ កាណាដា​៥៩៤​លាន​ដុល្លារ និង​ប្រទេស​ផ្សេងៗ​ទៀត​មាន​ចំនួន​១៥៣​លាន​ដុល្លារ។​

ពិព័រណ៍​អន្តរជាតិ​ដែល​ទាក់ទង​នឹង​វិស័យ​កសិកម្ម និង​ពហុ​វិស័យ​នេះ​មាន​អ្នកចូលរួម​ប្រមាណ​៣០​ម៉ឺន​នាក់ មកពី​ប្រទេស​ជាង​៤០​ជា​រៀង​រាល់​ឆ្នាំ ហើយ​នេះ​គឺជា​លើក​ទី​៩៣ ដែល​គ្រោង​នឹង​រៀបចំ​ចាប់ពី​ថ្ងៃទី​០៨ ដល់​ថ្ងៃទី​១៧​ ខែឧសភា ឆ្នាំ​២០១៥​៕

សុង​យោ​


Post a Comment

0 Comments

Close Menu