Ad Code

ឆ្នាំ​២០១៥ ​គឺជា​ឆ្នាំ​គន្លឹះ​ដែល​មន្ទីរ​សាធារណៈ​ការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ​ត្រូវ​ពង្រីក​ការងារ​ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​


ភ្នំពេញ ៖ អភិបាលរង​រាជធានី​ភ្នំពេញ​លោក អៀង អូន​នី បាន​លើក​ឡើង​ថា ឆ្នាំ​២០១៤​កន្លងទៅ​មន្ទីរ​សាធារណៈ​ការ​បាន​ខិតខំ​យកចិត្ត​ទុកដាក់​ប្រឹងប្រែង​អនុវត្ត​ការងារ​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​ស្តា និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ លូ ប្រឡាយ ភ្លើង​បំភ្លឺ​សាធារណៈ និង​សុវត្ថិភាព​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ រួម​នឹង​ការងារ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ដោយសារ​រាជធានី​ភ្នំពេញ​បាន​ពង្រីក​ខ្លួន​ជាមួយនឹង​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នោះ​តម្រូវ​ឲ្យ​មន្ទីរ​សាធារណៈ និង​ដឹក​ជញ្ជូន​ត្រូវ​ពង្រីក​ការងារ​របស់​ខ្លួន​បន្ថែម​ទៀត​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​។ ​លោក អៀង អូន​នី​បាន​មានប្រសាសន៍​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅក្នុង​ឱកាស​បើក​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៤ និង​លើក​ទិសដៅ​ឆ្នាំ​២០១៥ របស់​មន្ទីរ​សាធារណៈ​ការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ។​

លោក​បាន​បន្ត​ថា ជាមួយនឹង​ការ​រីកចម្រើន និង​សមិទ្ធផល​ការងារ​ដែល​សម្រេច​បាន​មន្ទីរ ​ត្រូវ​យក​ចិត្ត​ទុកដាក់​ផ្ដោត​លើ​ចំណុច​សំខាន់ៗ​មួយទៀត​ដូចជា កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ រឹត​បន្តឹង​ការអនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ដោយ​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​, រៀបចំ​ផែនការ​ច្បាស់លាស់​ ដោះស្រាយ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​ដោយ​ពិនិត្យ​ការ​ស្តា និង​រៀបចំ​ប្រឡាយ​លូ​រំដោះ​ទឹក​, ការអភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់ និង​ថែទាំ​ជួសជុល ទាំង​ផ្លូវ​កៅស៊ូ និង​ផ្លូវ​បេតុង​, ថែទាំ​សំអាត​សួនច្បារ និង​ដើមឈើ ដោយ​ធ្វើ​យ៉ាង​ឲ្យ​មាន​ភាព​ស្រស់ស្អាត​, រៀបចំ​ភ្លើង​បំភ្លឺ​ផ្លូវ និង​ភ្លើងស្តុប​ឲ្យ​បានជា​ប្រចាំ​កុំ​ឲ្យ​ដាច់ និង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា ។ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈ​ការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៤ វិស័យ​សាធារណៈ​ការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ជំរុញ​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្ថាបនា​ផ្លូវ កៅស៊ូ ផ្លូវ​បេតុង ស្ពាន​អាកាស ដាក់​បណ្ដាញ​លូ ស្តា​ប្រឡាយ អណ្ដូង​លូ ស្ថានីយ​បូមទឹក កែលំអ​សួន​ច្បារ និង​រុក្ខជាតិ ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដាក់​ភ្លើងស្តុប​ចរាចរណ៍ ដាក់​ស្លាក​សញ្ញា​ចរាចរ​ណ៍ និង​ជំរុញ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​យ៉ាងសកម្ម​។ លោក​បន្ត​ថា​ ទោះ​យ៉ាង​ណា​ឆ្លងតាម​អង្គសន្និបាត​នេះ​នឹង​រក​ឃើញ​ចំណុច​ខ្លាំង និង​ចំណុចខ្សោយ​ដែល​ត្រូវ​កែលំអ​នឹង​ដោះ​ស្រាយ​ឲ្យ​កាន់​តែ​មាន​គុណភាព​និង​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៥​៕

ស្រីរ័ត្ន​


Post a Comment

0 Comments

Close Menu