តាកែវ ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងមកនេះបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះដោយគ្រោះធម្មជាតិចំនួន១.២៥៧គ្រួសារ ស្ថិតនៅក្នុងភូមិសម្ដេចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
លោក ប៊ុន បូរិន្ទ ប្រធានមន្ទីរ ស.អ.យ ខេត្តតាកែវឡើងធ្វើរបាយការណ៍ស្ដីពីសកម្មភាពការងារ និងសមិទ្ធផលនានាដែលមន្ទីរសម្រេចរួច លោក ឡាយ វណ្ណះ អភិបាលខេត្តតាកែវ បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរ ស.អ.យ ខេត្តតាកែវទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ និងតែងតែបានទំនាក់ទំនងអំពាវនាវរកសប្បុរសជននានាបាននាំយកអំណោយមនុស្សធម៌ជាបន្តបន្ទាប់មកចែកជូនប្រជាពលរដ្ឋក្រីក្រក្នុងខេត្តកំពង់ឆ្នាំងនេះ។
ថ្លែងក្នុងអង្គពិធីលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្ដេចទាំងបី គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាធម្មពោធិ៍សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាពិសេសសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ពិសេសបងប្អូនប្រជាពលរដ្ឋជួបការលំបាកផ្សេងៗ។
លោករដ្ឋមន្ត្រីបានបន្ដថា វឌ្ឍនភាពលើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រយៈពេល១ឆ្នាំ (ឆ្នាំ២០១៣-២០១៤) កន្លងមកនេះ គឺក្រសួងបានអនុវត្តគោលនយោបាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ជាពិសេសជំរុញការអនុវត្តគោលនយោបាយសមធម៌សង្គម ដោយបង្កើនការឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងស្មារតីសំដៅផ្តល់សេវាសង្គមកិច្ចជូនដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកបន្ដថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពោលគឺ " ទីណាមានការលំបាក គឺទីនោះមានសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត " ជាក់ស្តែង ការចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះនាពេលនេះ គឺសុទ្ធតែបានរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងនោះទេ។
លោករដ្ឋមន្ត្រីមានប្រសាសន៍បន្ដថា គ្រោះធម្មជាតិ និងគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ តែងតែកើតមានដោយចៃដន្យ, ទន្ទឹមនឹងនេះក្រសួង ក៏ដូចជាមន្ទីរ ស.អ.យ ខេត្ត តែងតែបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាពជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយបានអនុវត្តកម្មវិធីសង្គ្រោះបន្ទាន់ដើម្បីជួយដល់ប្រជាជនរងគ្រោះដោយធម្មជាតិ និងរងគ្រោះមហន្តរាយផ្សេងៗ ដោយមិនទុកឲ្យប្រជាជនណាម្នាក់រងគ្រោះដោយមិនបានយកចិត្តទុកដាក់ពីស្ថាប័នមានសមត្ថកិច្ចឡើយ។ ជាក់ស្តែងពេលនេះ អំណោយដែលបានរៀបចំចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គ្រាន់តែជាចំណែកមួយក្នុងការសម្រួលដល់ការខ្វះខាតចំពោះមុខបានមួយរយៈប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា លើសពីនេះ អ្វីដែលជាទិសដៅសំខាន់ គឺកិច្ចសហការជាមួយស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធធ្វើយ៉ាងណារៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ សម្រាប់បង្កលក្ខណៈឲ្យបងប្អូនអាចធ្វើស្រែចម្ការ អាជីវកម្មខ្នាតតូចជាដើម ដែលជាដើមទុនក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ និងធានាបានស្ថានភាពជីវភាពរស់នៅបានល្អប្រសើរ។ ប្រការដែលសំខាន់ គឺក្រសួងនឹងខិតខំជំរុញការកំណត់អត្តសញ្ញាណបងប្អូនឲ្យបានច្បាស់លាស់ដើម្បីឲ្យការផ្តល់សេវាបានចំទិសដៅ និងសង្គ្រោះបានទាន់ពេលវេលា។
ដើម្បីរំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំង១.២៥៧គ្រួសារ ដែលបានចូលរួមក្នុងអង្គពិធីនេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននាំយកនូវអំណោយមួយចំនួនចែកជូនមួយគ្រួសារៗទទួលបាន អង្ករ៥០គីឡូក្រាម មុង០១,កន្ទេល០១, សារុង០១, ភួយ០១ និងថវិកា១០.០០០ម៉ឺនរៀល៕
ពេជ្រ
0 Comments