Ad Code

កែវ វិ​រះ ជួប​ទូទាត់​បញ្ជី​ជាមួយ ​ធា នុ​រាជ​ លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​ ចំណែកឯ​ងួន គា ជួប យ៉ា​ម ឡយ​


ភ្នំពេញ ៖ កែវ វិ​រះ អ្នក​ប្រដាល់​ក្លិប​គជសារ​កីឡា នៅ​ថ្ងៃអាទិត្យ​ ទី​០៨​ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ នឹង​ជួប​ប្រកួត​ជាមួយ​ ធា នុ​រាជ អ្នក​ប្រដាល់​ក្លិប​ពោធិ​ជ័យ​កីឡា​នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ​។​

វិ​រះ ធ្លាប់​វាយ​ឈ្នះ​និង​ចាញ់​ពិន្ទុ​ជាមួយ​ ធា នុ​រាជ​ចំនួន​២​ដង​មក​ហើយ ហើយ​គេ​នៅតែ​មិន​អស់​ចិត្ត គឺ​មិន​អស់ចិត្ត​ត្រង់​ចាញ់​នៅក្នុង​ការប្រកួត​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៦៥​គីឡូក្រាម កាលពី​ចុងឆ្នាំ​២០១៤​កន្លង​មក​នេះ ទើប​ពេលនេះ​គេ​សុំ​ឡើង​ប្រកួត​ជាមួយ ​ធា នុ​រាជ​ម្តង​ទៀត​ជា​លើក​ទី​៣​ដើម្បី​ទូទាត់​បញ្ជី​គ្នា​។​

ធា នុ​រាជ គេ​មាន​កណ្ដាប់ដៃ​ល្អ ជើង​ទាត់​ខ្លាំង រហ័សរហួន ព្រមទាំង​មាន​ភាព​វ័យ​ឆ្លាត​ក្នុង​ការ​ប្រកួត​ថែមទៀត​។ ម្ល៉ោះហើយ​រាល់​ការប្រកួត​របស់​គេ​ពុំ​សូវ​ដែល​បរាជ័យ​នោះ​ឡើយ តែ​យ៉ាងណា ​នុ​រាជ​គេ​អន់​កម្លាំង​ស៊ុ​ហ្វ​ជាង​មុន​។ គេ​ឡើង​ប្រកួត​ចុងក្រោយ វាយ​ឈ្នះ​ អ៊ុំ ចំរើន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​៣​។​

កែវ វិ​រះ តាមពិត​ក្បាច់​ប្រដាល់​របស់​គេ​មិនជា​អន់​នោះ​ទេ គ្រាន់តែ​ចិត្ត​ប្រដាល់​របស់​គេ​មិនសូវ​ធំ ដែល​ចំណុច​នេះ​ហើយ ដែល​វាយ​ចាញ់​ ធា​នុ​រាជ​ ដោយ​ពិន្ទុ​នោះ​។ ដូច្នេះ សម្រាប់​ការ​ជួប​ប្រកួត​លើក​នេះ ប្រសិនបើ​ កែវ វិ​រះ គេ​ហ្វឹកហាត់​ដិតដល់​កម្លាំងកាយ​សម្បទា​រឹងមាំ​នោះ គឺ​អាច​សង្ឃឹម​ឈ្នះ​ធា នុ​រាជ វិញ​មិន​ខាន​ឡើយ។ ការប្រកួត​ចុងក្រោយ​របស់​ កែវ វិ​រះ គឺ​វាយ​ឈ្នះ​ ផន ប៊ុន​ម៉ៅ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​៤​។​

ទោះជា​យ៉ាងណា​ការ​ជួប​គ្នា​រវាង ​កែវ វិ​រះ និង ធា នុ​រាជ​នេះ មិន​មាន​នរណា​ហ៊ាន​ទស្សន៍ទាយ​មុន​ថា នរណា​ជា​អ្នកឈ្នះ​នោះ​ឡើយ ព្រោះថា ​ធា នុ​រាជ ជា​ជើងឯក​រង​ខ្សែក្រវាត់​ទម្ងន់​៦៥​គីឡូក្រាម ហើយ​ កែវ វិ​រះ​ គេ​ក៏​ជា​ជើងឯក​ខ្សែក្រវាត់​ទម្ងន់​៦៣,៥០០​គីឡូក្រាម​ដែរ​។​

ងួន គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ត្រូវ​គេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ យ៉ា​ម ឡយ អ្នក​ប្រដាល់​ក្លឹប​រស្មី​កុមារ​កំព្រា​។ អ្នក​ប្រដាល់​ពីរ​នាក់​នេះ​មិនដែល​ប៉ះ​នា​ទេ​កន្លងមក​។​ យ៉ា​ម ឡយ មើល​រាង​ខាងក្រៅ​គេ​រឹងមាំ​ណាស់ តែ​ចិត្ត​ប្រដាល់​តូច ឯ​ស្នៀត​ប្រដាល់​មិនជា​អន់​នោះ​ទេ​។ ដោយសារតែ​ចិត្ត​តូច យ៉ា​ម ឡយ ឡើង​ប្រកួត​កន្លងមក​ចាញ់​ច្រើនជាង​ឈ្នះ​។ ការប្រកួត​ចុងក្រោយ​នេះ ឡយ វាយ​ចាញ់​ពិន្ទុ ផន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​។​

ផ្ទុយ​ពី ងួន គា ដែល​អ្នក​ប្រដាល់​រូប​នេះ​វាយ​មិនសូវ​ខ្លាំង​ទេ ស្នៀត​ប្រដាល់​ក៏​មិនសូវ​ច្បាស់​ប៉ុន្មាន​ដែរ ប៉ុន្តែ​ ងួន​គា មានចិត្ត​ធំ​និង​ស៊ូ​ចំពោះ​ការប្រកួត​ណាស់​។​ មួយ​រយៈ​មក​នេះ គា​ គេ​ឡើង​ប្រកួត​បាន​កាក់កប​គួរសម ធ្វើ​ឲ្យ​អ្នក​ផ្គូផ្គង​ចាប់​ផ្គូ​ឲ្យ​ជួប​ជាមួយ​ជើង​ខ្លាំងៗ​។​ ការ​ប្រកួត​ចុងក្រោយ​នេះ ងួន គា វាយ​ចាញ់​ជើងចាស់​ហ៊​ល ដា​រ៉ា ក្លិប​សាល​វ័​ន្ត​កីឡា​ដោយ​ពិន្ទុ។​

ចាំ​មើល​ការ​ឡើង​ប្រកួត​របស់ ​ងួន គា​លើក​នេះ អាច​យកឈ្នះ​លើ​ យ៉ា​ម ឡយ បាន​ដែរ​ឬ​អត់​នោះ ? សល់ ប៊ុន​អ៊ី​ម អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា ត្រូវ​ប្រកួត​ជាមួយ​ ឯម ផ្លា​ទីន អ្នក​ប្រដាល់​ក្លិប ឫទ្ធី​ពោធិ​សែន​ជ័យ​។ ពីរ​នាក់​នេះ​ក៏​ពុំដែល​ប៉ះ​គ្នា​ដែរ​កន្លងមក​។​ ទោះជា​យ៉ាងណា ឯម ផ្លា ទីន គេ​ធ្លាប់​វាយ​ឈ្នះ​សិស្ស​រួម​គ្រូ​របស់​ ប៊ុន​អ៊ី​ម គឺ​ សល់ ​ប៊ុន​ហ៊ូ​វ ដូច្នេះ​សម្រាប់​ការ​ជួប​ប្រកួត​ជាមួយ ​សល់ ប៊ុន​អ៊ី​ម ដែល​វាយ​អន់​ជាង​ប៊ុន​ហ៊ូ​វ​នោះ ឯម ផ្លា​ទីន ប្រហែលជា​មិន​មាន​ការ​លំបាក​ក្នុង​ការ​យកឈ្នះ​នោះ​ឡើយ​។ ឯម ផ្លា​ទីន ប្រកួត​លើក​ចុង​ក្រោយ​នេះ គេ​បាន​ផ្ដួល ​ខាត់ វិឆ័យ អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ​.​ភ​.​ម​ក្នុង​ទឹក​ទី​១​។​

កីឡាការិនី​ប្រដាល់​ជើង​ថ្មី បូរី ស្រី​ភ័​ណ្ឌ ក្លឹប​បូរី​គុន​ខ្មែរ នឹង​ឡើង​សាក​កណ្ដាប់ដៃ​ជាមួយ​កីឡា​ការិនី​ជើងចាស់ វី ស្រី​ខួច ក្លិប​នាគ​មានជ័យ​។ ជំនួប​នេះ ស្រី​ភ័​ណ្ឌ មិនអាច​ឈ្នះ​ ស្រី​ខួច បាន​ឡើយ ៕​


Post a Comment

0 Comments

Close Menu