Ad Code

លោក​ឧកញ៉ា សុខ ប៊ុន ជា​ប្រធាន​សមាគម​អ្នក​វាយ​តំលៃ​អចលនទ្រព្យ​ថ្មី

ភ្នំពេញ ៖ លោក​ឧកញ៉ា សុខ ប៊ុន ត្រូវ​បាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៥​នេះ បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​ដឹកនាំ​សមាគម​នេះ ជំនួស​លោក​ឧកញ៉ា​ ចេង ខេង ដែល​បាន​លាលែង​ពី​តំណែង។​
លោក​ឧកញ៉ា សុខ ប៊ុន បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ខ្ញុំ​សប្បាយរីករាយ​ណាស់​ដែល​ត្រូវ​បាន​សមាជិកសមាគម​ទុកចិត្ត និង​ជ្រើសរើស​ឲ្យ​ធ្វើជា​ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។ ក្នុងនាម​ជា​ប្រធាន​សមាគម ​លោក​សូម​សន្យា​ថា​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ក្រុមហ៊ុន​ដែល​រកស៊ី​ផ្នែក​អចលនទ្រព្យ​មក​កាន់​តែ​ច្រើន​បន្ថែម​ទៀត មក​ចុះឈ្មោះ​ជា​សមាជិក​សមាគម។ មួយវិញទៀត ​លោក​ក៏​មាន​ផែនការ​ក្នុង​ការ​បើក​វគ្គ​បណ្តុះបណ្តាល​ឲ្យ​បាន​ច្រើន​ដល់​សមាជិក​សមាគម​ផង​ដែរ។​
លោក​បន្ត​ថា ​"​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​បរទេស​ជាច្រើន ដូច្នេះ​ខ្ញុំ​សង្ឃឹមថា​នឹង​អាច​ទាក់​ទង​ឲ្យ​ក្រុមហ៊ុន​ទាំងនោះ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​បាន​កាន់​តែ​ច្រើន​"​។​
រចនាសម្ព័ន្ឋ​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​សម្រាប់​អាណត្តិ​ទី​៤​នេះ លោក គុយ វ៉ាត ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម លោក សុខ ប៊ុន ជា​ប្រធាន ​និង​លោក សន សៀ​ប ជា​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា។
លោក​ឧកញ៉ា ចេង ខេង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​សម្រេច​ចិត្ត​លាលែង​ពី​ប្រធាន​សមាគម​នេះ ដោយសារ​ជាប់រវល់​ការងារ​ធុរកិច្ច​របស់​ខ្លួន និង​បាន​សម្ដែង​ក្តី​សង្ឃឹមថា សមាគម​នេះ​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ប្រកបដោយ​ភាព​វិជ្ជមាន​ដល់​សមាគម​ដែល​មាន​អាយុកាល​៦​ឆ្នាំ​កន្លង​មក​នេះ បន្ទាប់ពី​បាន​បង្កើត​ទ្បើង​កាលពី​ឆ្នាំ​២០០៨ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។​
លោកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា មហាសន្និបាត​សមាគម​នា​ពេល​នេះ គឺជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​សមាជិកសមាគម​ទាំងអស់ ដែល​ជា​អ្នក​ប្រកប​សេវាកម្ម​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​ជួបជុំគ្នា​ធ្វើការ​ពិភាក្សា​ពិចារណា​បូកសរុប​លទ្ធផល ផ្លាស់​ប្ដូរ​យោបល់ និង​ចែករំលែក​ផ្លាស់ប្ដូរ​បទពិសោធន៍​លើ​ការ​អនុវត្តន៍​ភារកិច្ច​ក្នុង​ឆ្នាំ​២០១៤​កន្លងទៅ។​ លោកស្រី​បន្ត​ថា វិស័យ​អចលនវត្ថុ​មាន​តួនាទី​ដ៏​សំខាន់​ចំពោះ​សេដ្ឋកិច្ចជាតិ​ទាំងមូល ព្រម​ទាំង​មាន​ទំនាក់ទំនង និង​ការ​ផ្សារ​ភ្ជាប់​យ៉ាង​ពិសេស​ជាមួយ​វិស័យ​ហិរញ្ញវត្ថុ។ ស្ថិរភាព​នៅក្នុង​ទីផ្សារ​អចលនវត្ថុ​ជា​កត្តា​ដ៏​ចំបង​មួយ​ចំពោះ​ស្ថិរភាព និង​វឌ្ឍនភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​ និង​ធនាគារ។​
លោកស្រី​បន្ត​ថា ការ​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​របស់​អ្នក​ផ្តល់​សេវាកម្ម​ក្នុង​វិស័យ​នេះ គឺជា​កត្តា​សំខាន់​ហើយ​ខ្ញុំ​ក៏​សូម​អរគុណ ​អបអរសាទរ​ចំពោះ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​បាន​និង​កំពុង​ខិតខំ​ថែមទៀត​ក្នុង​ការ​លើក​កំពស់​សមត្ថភាព​ផ្នែក​នេះ។
លោក ម៉ី វ៉ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដែល​បណ្ដាល​មកពី​កត្តា​សត្យានុម័ត​មួយចំនួន ដែល​មិនអាច​មើល​រំលង​បាន ពោល​គឺ​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្ដេច​អគ្គមហាសេ​នាបតី​តេ​ជោ​ ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី ដែល​រក្សា​បាន​នូវ​ស្ថិរភាព​នយោបាយ ​រក្សា​កំណើន​សេដ្ឋកិច្ច​ជា​តុ អនុវត្តន៍​គោលនយោបាយ​សេដ្ឋកិច្ច​ទីផ្សារសេរី គោលនយោបាយ​លើកទឹកចិត្ត​ឲ្យ​មាន​ការ​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពី​វិស័យ​ឯកជន និង​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​ និង​សកល។ លោក​បាន​បន្ត​ថា កត្តា​ទាំងនេះ​គឺជា​គន្លឹះ​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ជាពិសេស​វិស័យ​អចលនវត្ថុ និង​សំណង់​ដែល​មាន​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​កំពុង​មាន​ការ​ទាក់ទាញ​ការ​វិនិយោគ​យ៉ាង​ខ្លាំង។ លោក​បន្ថែម​ថា ខ្ញុំ​គិតថា​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​វិស័យ​អចលនវត្ថុ​នៅ​កម្ពុជា ក៏ដូចជា​សមាគម​ដែល​ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​អត្ថប្រយោជន៍​ប្រកួតប្រជែង​ទីផ្សារ​ដល់​សមាជិក​របស់​ខ្លួន ក៏ដូចជា​ពង្រឹង​ស្ថាប័ន​របស់​ខ្លួន​ឲ្យ​កាន់​តែ​មាន​សមត្ថ​ភាព និង​និរន្តរភាព៕​
ពេជ្រ​


Post a Comment

0 Comments

Close Menu