Ad Code

គ្រាន់តែ​ចូល​ខែមករា​ គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​២៦​លើក ស្លាប់​១៦​នាក់​ និង​របួសស្រាល-​ធ្ងន់​៧០​នាក់​

បន្ទាយមានជ័យ ៖ គ្រាន់តែ​ចូល​ខែមករា ឆ្នាំ​២០១៥​នេះ មាន​អត្រា​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​យ៉ាងច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ ដែល​បាន​កើត​ឡើងជា​ហូរហែ​រហូតដល់​ទៅ​២៦​លើក បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​១៦​នាក់ របួសធ្ងន់​-ស្រាល​៧០​នាក់ ដូច្នេះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ គឺ​ជា​ក្តី​បារម្ភ​យ៉ាង​ធំ​សម្រាប់​ពលរដ្ឋ​នៅ​ខេត្តបន្ទាយមានជ័យ​ថ្លែង​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មករា កាល​ព្រឹក​ថ្ងៃទី​២៨ ខែ​មករា ឆ្នាំ​២០១៥​នេះ។ លោក​ឧត្តមសេនីយ៍​ត្រី​ អាត់​ ខែម ​ស្នង​ការ​នគរបាល​ខេត្ត​បាន​និយាយ​ថា​ នគរបាល​ចរាចរណ៍ ខាង​ការិយាល័យ​ជំនាញ​ត្រូវ​ចុះ​ត្រួតពិនិត្យ​រាល់​ការ​ដឹក​សំពីងសំពោង​ និង​ពិនិត្យ​ជាតិ​ស្រវឹង​ឲ្យ​បាន​ទៀងទាត់​របស់​ថ្នាក់លើ​ដាក់​ឲ្យ។ នគរបាល​ចរាចរណ៍​ និង​នគរបាល​សណ្ដាប់ធ្នាប់​ត្រូវតែ​បញ្ឈប់​រាល់​ការ​សង់​រោងការ ​រោង​ពិធីជប់លៀង​ផ្សេងៗ​បិតផ្លូវ​និង​ការ​រត់​ដេញ​ចាប់​ម៉ូយ​ប្រសេចប្រសាច​របស់​ក្រុម​អ្នក​រត់​តាក់ស៊ី​តាមផ្លូវ​សាធារណៈ ពិសេស​ផ្លូវ​ទៅ​សៀមរាប​មុខ​សណ្ឋាគារ​"ណា​សា" ចំណុច​រង្វង់​មូល​ស្រី​គ្រប់​ល័ក្ខ និង​មុខ​សាលាខេត្ត​ជាដើម។​ លោក​បាន​និយាយ​បន្ត​ថា ចំណុច​នេះ​ទាំង​អស់​នេះ​គឺ​គ្មាន​សណ្ដាប់ធ្នាប់​ទាល់តែសោះ ​កន្លង​មក​ពលរដ្ឋ​តែងតែ​រិះគន់​ចំពោះ​ភាព​ធូររលុង​របស់​នគរបាល​ប្រចាំ​គោលដៅ​នេះ ​បើ​យើង​ពង្រឹង​លើ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ​ឲ្យ​បាន​នោះ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ថយ​ចុះ​តាម​ហ្នឹង​ដែរ។ លោក​បញ្ជាក់​ថា ​បើ​ទោះ​បីជា​មាន​ដាក់ចេញ​នូវ​បទបញ្ជា​របស់​ថ្នាក់លើ​រាល់​បញ្ហា​ចំណត​រថយន្ត​ចត​ម៉ូតូ ​ចត​រថយន្ត​តូច-ធំ​គ្រប់​ប្រភេទ​យ៉ាង​អនាធិបតេយ្យ​ ទាំងយប់​ ទាំង​ថ្ងៃ ​នៅ​តាម​ទី​សាធារណ ​និង​ដាក់​លក់ទំនិញ​នៅ​តាម​ផ្ទះ​យ៉ាង​អានាធិបតេយ្យ​ធ្វើ​ឲ្យ​តាម​ទី​សាធារណ​នេះ​បាន​ធ្វើ​ឲ្យ​ផ្លូវ​រួម​តូច​ស្ទើរតែ​គ្មាន​ផ្លូវ​ធ្វើដំណើរ​ សព្ទ​ថ្ងៃនេះ​នៅ​តែ​មាន​ដដែល។ លោក​អភិបាលខេត្ត​បាន​ចេញ​លិខិត​ជូនដំណឹង​ដល់​ម្ចាស់​អាជីវកម្ម​ទាំងនោះ​រយៈពេល​កន្លងមក​ក៏ដោយ​ ក៏​ម្ចាស់​អាជីវកម្ម​មិន​យក​ចិត្ត​ទុកដាក់​ដែរ។ លោក​អភិបាលខេត្ត​បាន​ឲ្យ​សមត្ថកិច្ច​ប្រចាំការ​ទីនេះ ​ពិសេស​គឺ​អធិការ​ក្រុង​សិរីសោភ័ណ​ធ្វើការ​នេះ​ឲ្យ​បាន​សកម្ម​បើ​ធ្វើ​ការងារ​នេះ​មិនកើត​ លោក​នឹង​ស្នើសុំ​កម្លាំង​នគរបាល​ពី​ស្នងការ​ខេត្ត​មក​ធ្វើ​ការងារ​សណ្ដាប់ធ្នាប់​នេះ​ជំនួស​វិញ៕
គង្គា​

Post a Comment

0 Comments

Close Menu