ស្ទឹងត្រែង ៖ របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ អន្តរជាតិនៅខែមករា ឆ្នាំ២០១៥នេះ មានការថយចុះជាង២៦% បើប្រៀបធៀបទៅនឹងខែមករា ឆ្នាំ២០១៤ ករណីនេះដោយសារតែកត្តាផ្លូវមួយចំនួនមានភាពលំបាកក្នុងការធ្វើដំណើរ ហើយមួយចំណែកទៀត រថយន្តដឹកភ្ញៀវច្រើនបង្អាក់ដំណើរយូរធ្វើឲ្យភ្ញៀវធុញទ្រាន់ចាំនៅច្រកទ្វាព្រំដែនត្រពាំងក្រៀលកម្ពុជា-ឡាវ។
នៅច្រកទ្វាព្រំដែនចុងខែមករា ឆ្នាំ២០១៥នេះ ក្រុមភ្ញៀវទេសចរណ៍អន្តរជាតិបានសំដែង ការធុញទ្រាន់ទៅហ្នឹងរថយន្តដឹកអ្នកដំណើរ ដែលខ្វះការទទួលខុសត្រូវ ហើយរថយន្តខ្លះទៀតដឹកភ្ញៀវយកមកសាងច្រើនដំណាក់ធ្វើឲ្យសេវាកម្មវិស័យទេសចរណ៍ត្រូវធ្លាក់ចុះ។
លោកវរសេនីយ៍ឯក រស់ ដាត ប្រធានប៉ុស្តិ៍ច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀលបាន ទទួលស្គាល់ថា មួយរយៈពេលមកនេះ បញ្ហារថយន្តដឹកអ្នកដំណើរបានបង្កភាពអសកម្មដល់ភ្ញៀវពិតមែន ហើយលោកក៏បានធ្វើការណែនាំឲ្យកែប្រែ ទាំងការបើកបរ និងលើកកំពស់ប្រុងប្រយ័ត្នគ្រប់បែបយ៉ាង ដើម្បីរួមគ្នាបម្រើសេវាកម្មទេសចរណ៍នេះ យើងបានណែនាំឲ្យបើកបរឲ្យប្រយ័ត្នប្រយែង ហើយត្រៀមលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ចំពោះការបើកបរឲ្យចេះថែរក្សាទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរណ៍កុំឲ្យបាត់អីៗហ្នឹង ជាប្រចាំសឹងតែរាល់ខែឲ្យតែចុងខែឡើងទៅមកជុំគ្នាដើម្បីទាំងឡាន ខាងឡាវ ទាំងខាងវៀតណាម ទាំងកម្ពុជាឆ្លងកាត់តាមហ្នឹង ធ្វើយ៉ាងណាដើម្បីថែរក្សាអ្នកជិះដែលគេផ្ញើជីវិតជាមួយហ្នឹងយើងរាប់សិបនាក់ទៅលើអ្នកបើកបរតែម្នាក់កុំឲ្យគ្រោះថ្នាក់ជៀសវាងនៅការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុកើតឡើង ដោយការធ្វេសប្រហែស យើងក៏បន្ថែមការដាស់តឿនខិតខំបម្រើកិច្ចការងារហ្នឹងទាំងអស់ដើម្បីឲ្យរលូន ទាំងបដិសណ្ឋាកិច្ច ការទទួលរាក់ទាក់ ការធ្វើកិច្ចការ។ លោកស្រី អង ថារី បានអះអាងថា នៅទីនេះមានសន្តិសុខល្អហើយដោយបានកម្លាំងសមត្ថកិច្ចការពារបានល្អប្រសើរ តែនៅខ្វះការរៀបចំឲ្យមានសណ្ដាប់ធ្នាប់ ហើយកន្លែងលក់ដូរអាហារជូនភ្ញៀវក៏ខាងកម្ពុជាយើងពុំទាន់បានរៀបចំត្រឹមត្រូវដែរ ទោះបីការងារសន្តិសុខល្អហើយក៏ដោយ ថាចង់ឲ្យមន្ទីរទេសចរណ៍ហ្នឹង រៀបចំតូបអញ្ចឹងទៅពួកខ្ញុំជួលហើយ មានសណ្ដាប់ធ្នាប់ល្អទៅបានភ្ញៀវចូលមកច្រើនតិចទៅអញ្ចឹងទៅ ពួកខ្ញុំក៏លក់ដាច់អញ្ចឹងទៅណាស់ ម្យ៉ាងនៅកន្លែងខាងណេះរវល់តែតិចៗខាងឡាវគេសំណូមពរឲ្យយើងចេញ។
លោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ការរៀបចំ សេវាកម្មសម្រាប់បម្រើឲ្យវិស័យទេសចរណ៍នៅច្រកទ្វាអន្តរជាតិនេះ មន្ទីរបានស្នើសុំការឯកភាពពីអាជ្ញាធរខេត្តរួចមកហើយ ដើម្បីអភិវឌ្ឍន៏តំបន់ច្រកនេះ គ្រាន់តែនៅខ្វះការគាំទ្រពីដៃគូអភិវឌ្ឍន៍តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅច្រកទ្វាអន្តរជាតិត្រពាំងក្រៀលកម្ពុជា-ឡាវ បច្ចុប្បន្នក្នុងមួយថ្ងៃមានភ្ញៀវអន្តរជាតិចេញចូលចាប់ពី១០០នាក់ទៅ២០០នាក់ ដែលភាគច្រើនមានជនជាតិចិន វៀតណាម បារាំង អាល្លឺម៉ង់ ហុឡង់ដ៍ ជប៉ុន កូរ៉េ និងអាមេរិកជាដើម៕
ងិន លីម
0 Comments