Ad Code

លោកតា អ៊ឹម​ ប្លែក​ អាយុ​៨៦​ឆ្នាំ​ពិការ​ភ្នែក​ទាំង​គូរ​ មានកូន​ស្រី​ក៏​ពិការ​ភ្នែក​ទៀត​ រស់នៅ​យ៉ាង​វេទនា​បំផុត​

បន្ទាយមានជ័យ ៖ លោកតា ​អ៊ឹម​ ​ប្លែក​ គាត់​មាន​អាយុ​៨៦ឆ្នាំ ​ជា​អតីតៈ​មេភូមិ​ដង្កោ​ល ​ឃុំ​កោះ​ពង​សត្វ ​កាលពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨៥ ​ក្រោយពី​បម្រើការ​ងារ​ជា​មេភូមិ​បាន​៥​ឆ្នាំ​កន្លង​មក​ លោកតា​ប្លែក​ក៏​ពិការ​ភ្នែក​ទាំងសងខាង ​ហើយក៏​ឈប់​ធ្វើការ​ជា​មេភូមិ​តាំងពី​នោះ​មក។ ​សព្វ​ថ្ងៃ​នេះ​គាត់​រស់នៅ​ភូមិ​ដង្កោ​ល សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ លោកតា​បាន​និយាយ​ជីវប្រវត្តិ​ដ៏​សែន​វេទនា​ទាំង​ទឹកភ្នែក​និង​អួល​ដើមក​របស់​គាត់​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា លោកតា​ក្រោយពី​ពិការ​ភ្នែក​រួចមក ​គាត់​មានកូន​ស្រី​ម្នាក់​ដែរ ​តែ​អកុសល​កូន​នោះ​ក៏​ពិការ​ភ្នែក​ទៀត​​កន្លងមក​ ក្រុម​គ្រួសារ​របស់​លោកតា​ពឹងពាក់​លើ​ប្រពន្ធ​គាត់​ចិញ្ចឹម​បីបាច់​ថែរក្សា​ទាំង​ស្រុង​រយៈពេល​ជាង​៤០​ឆ្នាំនេះ​ កូន​ពិការ​របស់​គាត់​ក៏​ធំ​ពេញវ័យ​ លោកតា​ក៏​រៀបចំ​ទុកដាក់​ឲ្យ​កូន​នេះ​មាន​ប្ដី​។​
លោក​បាន​បញ្ជាក់​ទៀត​ថា​ ក្រោយពី​កូន​បាន​ប្ដី​ហើយ ក៏​បង្កើត​បាន​ចៅ​ចំនួន​៣​នាក់​តែ​អកុសល​ប្រពន្ធ​គាត់​បាន​ស្លាប់​ចោល​គាត់​ទៀត ​ចំណែក​កូនប្រសា​វិញ​ក៏​រត់ចោល​គាត់​ទៀត ​ក្នុង​គ្រួសារ​នោះ​បន្សល់​មនុស្ស​ខ្វាក់​ដល់​ទៅ​២​នាក់ ​ហើយ​ចិញ្ចឹម​ចៅ​៣​នាក់​ទាំង​ត្រដាបត្រដួស​បន្ត​ទៀត។​ លោកតា​បាន​បញ្ជាក់​ទៀត​ថា ​កូនស្រី​របស់​គាត់​ពិការ​ភ្នែក​នោះ​ពុំដែល​បាន​រក​ស៊ី​ចិញ្ចឹម​គាត់​ទេ​ដល់​សព្វ​ថ្ងៃ​នេះ ​ពឹងពាក់​គាត់​ចិញ្ចឹម​ទាំងស្រុង ​កូនស្រី​នេះ​មាន​អាយុ​៥៧​ឆ្នាំ​ហើយ​ ជីវភាព​របស់​លោក​តា​សព្វ​ថ្ងៃនេះ​មាន​ជីវភាព​លំបាក​តោក​យ៉ាង​ខ្លាំង។ ​ចំណែក​ចៅ​របស់​គាត់​វិញ​ក្រោយ​ធំ​ពេញ​រូបរាង​ហើយ ក៏​រត់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ចោល​គាត់​បាត់​អស់​ សូម្បីតែ​លុយ​មួយ​កាក់​ក៏​ពុំដែល​បាន​ផ្ញើ​មក​ឲ្យ​គាត់​ចាយ​ឡើយ។ លោកតា​បាន​បន្ត​ថា​ ដោយសារតែ​ជីវភាព​ក្រុម​គ្រួសារ​របស់​គាត់​ពិបាក​និង​មើល​ខ្លាំងពេក ​ប្រជាជន​នៅ​ជិតខាង​បាន​ផ្តល់​ជា​ម្ហូបអាហារ​បន្តិចបន្តួច​ឲ្យ​គាត់​ហូប​ស្ទើរ​រាល់ថ្ងៃ។​ សព្វ​ថ្ងៃ​នេះ​គាត់​ពឹងពាក់​តែ​លើ​អ្នកជិតខាង​ឲ្យ​បាយទឹក​ហូប​បន្តិចបន្តួច​តែប៉ុណ្ណោះ ​តែ​ថ្ងៃ​ណា​អ្នកជិតខាង​មិន​ឲ្យ​បាយទឹក​វិញ​២​នាក់​កូន​គាត់​នោះ​នឹង​ដេក​អត់បាយ​ហើយ​មួយ​ជីវិត។ ​លោកតា​​មិន​ដែល​បាន​ម្ហូប​ណា​ឆ្ងាញ់​ហូប​ម្តង​ណា​ឡើយ​ក្រៅពី​អ្នកជិតខាង​ឲ្យ​ហូប​នោះ។ នៅ​ចំពោះមុខ​អ្នក​យក​ព័ត៌មាន​លោកតា​បាន​លើកដៃ​ទាំង​ម្រាមដៃ​១០​សុំ​ឲ្យ​សប្បុរសជន​នៅក្នុង​ស្រុក​និង​ក្រៅ​ស្រុក​មេត្តា​ជួយ​ឧបត្ថម្ភ​ជា​គ្រឿង​ឧបភោគ​និង​បរិភោគ​ដល់​រូប​គាត់​និង​កូន​គាត់​ផង​ មុន​នឹង​ស្លាប់​សុំ​ឲ្យ​គាត់​ហូប​បាន​ឆ្ងាញ់​ម្តង​ផង​។ ចំណែក​ផ្ទះសំបែង​វិញ​ពុំ​មាន​ទី​ជំរក​ឲ្យ​បាន​ត្រឹមត្រូវ​ដូច​គេ​ឡើយ៕​
គង្គា​

Post a Comment

0 Comments

Close Menu