បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានស្លាប់នៅពាក់កណ្តាលផ្លូវពេលដែលសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីជនរងគ្រោះរូបនេះបានជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង១១និង២៥នាទី នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៥ លុះមកដល់ចំណុចភូមិអូរគ្រៀត ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានបត់ឆ្វេងចូលទៅក្នុងវត្ត ក៏ត្រូវម៉ូតូមួយគ្រឿងទៀតដែលមកពីក្រោយបុកកាត់ទទឹងតែម្តង។
លោក ឌឿន សម្បត្តិ អធិការរងនគរបាលស្រុកមោងឫស្សីបានគូសបញ្ជាក់ថា នៅមុនពេល
កើតហេតុគឺមានម៉ូតូមួយគ្រឿងម៉ាកហុងដាស៊ែរីចាស់ ពណ៌ក្រហម គ្មានស្លាកលេខ ជិះគ្នា២នាក់ក្នុងទិសដៅពីលិចទៅកើត ឯអ្នកបើកបរមានឈ្មោះ សឿន សាម ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិនិគមក្រោម ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី។
លោកអធិការរងបានបន្តទៀតថា នៅពេលទៅដល់ខាងមុខវត្តអូរគ្រៀត ស្រាប់តែអ្នកបើកបរម៉ូតូនេះបានបត់ឆ្វេងឆ្លងកាត់ថ្នល់តម្រង់ចូលទៅក្នុងវត្តតែម្តង ក្នុងគោលបំណងចូលទៅយកក្របី
ប៉ុន្តែជាអកុសលក៏មានម៉ូតូមួយគ្រឿងទៀតជិះគ្នា២នាក់ ម៉ាកDream 014 ពណ៌ខ្មៅ គ្មានស្លាកលេខដែលបើកបរដោយឈ្មោះ តាំ យ៉ាន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្រម៉មាស ឃុំព្រៃស្វាយកំពុងបើកបរយ៉ាងលឿនតាមពីក្រោយបានបុកពេញទំហ៊ឹងចំពាក់កណ្ដាលម៉ូតូបណ្ដាលឲ្យម៉ូតូខាងមុខដួលបោកទៅនឹងថ្នល់រងរបួសបែកឈាមពេញផ្លូវ រីឯភាគីម្ខាងទៀតក៏រងរបួសដែរ។
ភ្លាមៗក្រោយពេលកើតហេតុ សមត្ថកិច្ចនៃអធិការដ្ឋានស្រុកមោងឫស្សីបានចុះទៅត្រួតពិនិត្យដើម្បីធ្វើការវាស់វែង ដោយសារតែជនរងគ្រោះម្នាក់មានសភាពធ្ងន់ធ្ងរខ្លាំងពេកក៏បានដឹក
បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ប៉ុន្តែមិនទាន់ទាំងបានដល់មន្ទីរពេទ្យផងជនរងគ្រោះរូបនោះ
បានស្លាប់នៅតាមផ្លូវបាត់ទៅហើយ រីឯមនុស្ស៣នាក់ទៀត ក៏ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យដែរ។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ករណីនេះគឺកើតឡើងដោយសារតែការបើកបរមានល្បឿនលឿន ហើយពេលបត់ឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្នទើបបណ្ដាលឲ្យមានគ្រោះថ្នាក់បែបនេះ។
បច្ចុប្បន្នសមត្ថកិច្ចបាននាំយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានដើម្បីធ្វើការដោះស្រាយជាក្រោយ រីឯសពក៏ត្រូវក្រុមគ្រួសារ សាច់ញាតិទទួលយកទៅធ្វើបុណ្យ
នៅឯលំនៅដ្ឋានហើយ៕
សោ និយមរ័ត្ន
0 Comments