Ad Code

ក្នុង​មួយឆ្នាំ​កម្ពុជា​ខាត​ប្រាក់​ជាង​៤០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​


ភ្នំពេញ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោកប៉ា សុជាតិ​វង្ស​បាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​១​ឆ្នាំ​បាន​ខាតបង់​ប្រាក់​ចំនួន​ជាង​៤០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍។​

ការ​លើក​ឡើង​របស់​លោក ប៉ា សុជាតិ​វង្ស បែបនេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ពេល​បិទ​សន្និបាត​បូកសរុប​លទ្ធផល ការងារ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ។​

លោក​បាន​ថ្លែង​ថា កន្លងមក​ប្រទេស​កម្ពុជា​យើង​បាន​ទទួលរង​ការ​ស្លាប់​ដោយសារ​សង្គ្រាម និង​បន្ត​មក​ទៀត​បាន​ស្លាប់​ដោយ​ជំងឺអេដស៍ ហើយ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​ដោយសារតែ​ប្រទេស​ជាតិ​មានការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នោះ គ្រោះថ្នាក់​ចរាចរណ៍​បាន​ក្លាយជា​ឃាតករ​លេខ​មួយ ដោយ​បាន​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ ពោល​គឺ​វា​បាន​សម្លាប់​មនុស្ស​ក្នុង​មួយ​ថ្ងៃជា​មធ្យម​០៦​នាក់​និង​២០​រង​របួស ព្រមទាំង​ខូចខាត​នូវ​ទ្រព្យសម្បត្តិ​យ៉ាងច្រើន​ទៀត បើ​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៤០០​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក​ក្នុង​មួយឆ្នាំៗ។

លោក​អភិបាល​បាន​បន្ត​ថា ក្រោយ​បិទ​សន្និបាត​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​ប្រគល់​សៀវ​ភៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ជូន​ដល់​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ដើម្បី​ឲ្យ​មន្ទីរ​យក​ទៅ​ផ្សព្វ​ផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បានដឹង​និង​យល់​ពី​ច្បាប់​ថ្មី​នេះ ក្នុង​ន័យ​ការ​យក​ចិត្ត​ទុក​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ម្យ៉ាង​ទៀត​ដើម្បី​ពង្រឹង​ច្បាប់​ថ្មី​នេះ​ឲ្យ​បាន​រឹងមាំ​ធ្វើ​យ៉ាង​ណា​កាត់បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឲ្យ​នៅ​កម្រិត​ទាប។

នៅក្នុង​សន្និបាត​នោះ លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​នូវ សកម្មភាព និង​លទ្ធផល​នៃ​មន្ទីរ​ដែល​បាន​អនុវត្ត​នៅក្នុង​ឆ្នាំ​២០១៤​កន្លង​ទៅ ព្រមទាំង​លើក​ពី​ផែនការ​និង​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៥​នេះ​ផង​ដែរ។​

គួរ​បញ្ជាក់​ថា គោលបំណង​របស់ លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ចូលរួម​នៅក្នុង​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ គឺ​មាន​សំណើ​ចំនួន​២​ទៅកាន់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ទី​១​-គឺ​ពង្រឹង​យន្ត​ការ​រចនាសម្ព័ន្ធ និង​របៀប​នៃ​ការ​ធ្វើ​ការងារ និង​ទី​២​-គឺ​រៀបចំ​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ​ឲ្យ​បាន​ច្បាស់​លាស់៕​

ស្រីរ័ត្ន​

Post a Comment

0 Comments

Close Menu