បន្ទាយមានជ័យ ៖ ប៉ូលិសក្រុងប៉ោយប៉ែតរងការរិះគន់ថា គិតតែពីការប្រមូលលុយពីក្រុមរថយន្តតាក់ស៊ី បណ្ដាលឲ្យរង្វង់មូលច្រកប៉ោយប៉ែតពីព្រលឹមដល់យប់ជ្រៅ ដែលស្ថិតចំមុខច្រកទ្វារអន្តរជាតិពោរពេញដោយភ្ញៀវជាតិ អន្តរជាតិឆ្លងកាត់ និងរថយន្តគ្រប់ប្រភេទឆ្លងកាត់កំពុងតែបន្តឲ្យមានកកស្ទះចរាចរណ៍អានាធិបតេយ្យឥតសណ្ដាប់ធ្នាប់ ដោយសារតែទីតាំងនេះក្លាយជាចំណត់រថយន្តតាក់ស៊ី និងជាកន្លែងលក់បាយម្ហូបពេញតែផ្លូវ។
តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា រង្វង់ជាបេះដូងនៃក្រុង ហើយជាកន្លែងបញ្ចៀសរាល់ការកកស្ទះ ប៉ុន្តែផ្ទុយទៅវិញរង្វង់មូលមួយនេះពោរពេញដោយការកកស្ទះ ព្រោះតែរថយន្តតាក់ស៊ីជាច្រើនគ្រឿងបានមកចតពាសពេញ និងមានរទេះលក់ម្ហូបអាហារ ក៏បានចតលក់ដូរនៅទីនោះដែរ ប្រការនេះគឺបណ្ដាលមកពីមានការបើកភ្លើងខៀវពីក្រុមប៉ូលិសសណ្ដាប់ធ្នាប់របស់អធិការដ្ឋានក្រុងប៉ោយប៉ែត។ ការឲ្យចតបើតាមការឲ្យដឹងពីក្រុមតាក់ស៊ីនិយាយថា ពួកគាត់អាចចតដើម្បីចាប់ម៉ូយទីនោះបាន គឺប៉ូលិសតម្រូវឲ្យបង់លុយក្នុងរថយន្តមួយគ្រឿង៥.០០០រៀលទៅ១០.០០០ម៉ឺនរៀល រីឯរទេះលក់បាយម្ហូបឈប់នៅមួយកន្លែងក៏ត្រូវបង់លុយដែរ។
ពលរដ្ឋបានរិះគន់ថា សាលាក្រុងប៉ោយប៉ែតដែលមានលោក ង៉ោ ម៉េងជ្រួន ជាអភិបាលក្រុងគឺយូរៗម្តងគតែបានដឹកនាំសមត្ថកិច្ចធ្វើអនាម័យ និងរៀបចំសណ្ដាប់ធ្នាប់ឲ្យតែល្អមើលប៉ុណ្ណោះ តែធាតុពិតបែរជាប៉ូលិសមកឈររាប់ក្បាលឡានយកលុយចែកគ្នាដាក់ហោប៉ៅធ្វើមានបាន ដោយមិនខ្វល់ពីមុខមាត់ក្រុងឬប្រទេសឡើយ។ មួយវិញទៀតក្រុងមួយនេះពោរពេញសំរាមដែលចោលពាសវាលពាសកាលបង្កជាក្លិនស្អុយរលួយជះលើភ្ញៀវទេសចរណ៍។ តួយ៉ាងគ្រាន់តែលើកំណាត់ផ្លូវនៃច្រកចេញពីច្រកទ្វារអន្តរជាតិប៉ុន្មានម៉ែត្រ គឺភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមកទស្សនា ក្នុងប្រទេសកម្ពុជា គឺគ្រាន់តែឆ្លងស្ពានអន្តរជាតិ ពួកគាត់អាចទស្សនានូវគំនរសំរាមដែលពោរពេញដោយក្លិនស្អុយអសោចិ៍ជាមុន ទើបអាចទស្សនានូវសណ្ដាប់ធ្នាប់ចំណុចរង្វង់មូលបន្តទៀត។
សូមបញ្ជាក់ថា កន្លងមកលោក គោ ស៊ុមសារឿត អភិបាលខេត្តបន្ទាយមានជ័យបានដាក់ចេញនូវបទបញ្ជាយ៉ាងតឹងរ៉ឹងក្នុងការបោសសំអាតសំរាមទីសាធារណៈឲ្យទីក្រុងមានសោភ័ណភាពដើម្បីប្រកួតប្រជែងទីក្រុងស្អាត តែអ្វីជាលទ្ធផលមិនខុសពីវែកចកនោះទេ នៅពេលដែលអនុសាសន៍និងបញ្ជាស្ងប់ស្ងាត់នោះអ្វីៗបានវិវត្តន៍ទៅរកសភាពដើមវិញ៕
អពៅ
0 Comments