កំពង់ឆ្នាំង ៖ រថយន្តក្រុមហ៊ុនស្រាបៀអង្គរធុនធំ បានបើកបុកគូថរថយន្តកាម៉ាស់ដឹកដែកទាំងកណ្ដាលយប់ អ្នកបើកបររថយន្តស្រាបៀអង្គរបានកៀបជាប់ក្នុងកាប៊ីនរថយន្តរងរបួសស្រាល។ ករណីគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីយប់ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ លើផ្លូវជាតិលេខ២ មុខមន្ទីរពេទ្យភ្នែកនៃមន្ទីរពេទ្យខេត្ត ក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបាននិយាយឲ្យដឹងថា អ្នកបើកបររថយន្តក្រុមហ៊ុនស្រាបៀអង្គរពណ៌ក្រហម ពាក់ស្លាកលេខកំពង់ចាម3A-0324 មានឈ្មោះ ធឿន បញ្ញា អាយុ២៦ឆ្នាំ រស់នៅខេត្តកំពង់ចាម។ មុនពេលកើតហេតុគេបានបើករថយន្តដឹកស្រាបៀពេញរថយន្ត ដោយជិះពីភ្នំពេញឆ្ពោះទៅកាន់ខេត្តបាត់ដំបង។ លុះដល់ចំណុចកើតហេតុបានបើកបុកគូថរថយន្តកាម៉ាស់១គ្រឿង ពាក់ស្លាកលេខស្វាយរៀង 3A-0743 ដឹកដែកពីភ្នំពេញទៅប៉ោយប៉ែត បើកបរដោយឈ្មោះ រ៉ត ឡាយ អាយុ៣២ឆ្នាំ រស់នៅទឹកថ្លា ខេត្តបន្ទាយមានជ័យ។
អ្នកបើកបររថយន្តកាម៉ាស់បាននិយាយឲ្យដឹងថា មុនពេលកើតហេតុគាត់បានឈប់រថយន្តទិញកាហ្វេផឹក ហើយពេលឡើងបើករថយន្តកាច់ស៊ីញ៉ូងាកក្បាលមកឆ្វេងចេញទៅមុខបានបន្តិចក៏ស្រាប់តែរថយន្តស្រាបៀអង្គរមកពីក្រោយពេញទំហឹងតែម្តង ហើយក្រោយពេលកើតហេតុ គាត់ដឹងថាអ្នកបើកបររថយន្តស្រាបៀនេះគឺបានឲ្យព្រូរថយន្តបើកបើកជំនួស។
ចំណែកអ្នកបើកបររថយន្តស្រាបៀអង្គរបាននិយាយឲ្យដឹងថា រថយន្តកាម៉ាស់ពេលបើកចេញពីកន្លែងឈប់មិនបានកាច់ស៊ីញ៉ូឲ្យជាសញ្ញាឡើយ ទើបរថយន្តគាត់បើកមកពីក្រោយជាន់ហ្វ្រាំងមិនទាន់ក៏បុកគូថគេតែម្តង បណ្ដាលឲ្យរថយន្តខ្ទេចខូចធ្ងន់ធ្ងរ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងពេលកើតហេតុអ្នកបើកបររថយន្តស្រាបៀអង្គរបានកៀបជាប់ក្នុងរថយន្តជាងកន្លះម៉ោង ទើបគាស់យកចេញបាន និងរងរបួសស្រាល។ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ភាគីទាំង២បានសម្របសម្រួលគ្នា និងបានឯកភាពគ្នាជួសជុលរថយន្តរៀងៗខ្លួន អត់អ្នកណាសងអ្នកណាឡើយ។ ប៉ុន្តែរថយន្តក្រុមហ៊ុនស្រាបៀអង្គរបានខូចខាតកាប៊ីនយ៉ាងធ្ងន់ធ្ងរ ទំនងជាពិបាកនឹងធ្វើការជួសជុលហើយ៕
( ឈៀង ថារិទ្ធ )
0 Comments