Ad Code

បាក់​ពិតាន​ជណ្ដើរ​ទើប​សាងសង់​ថ្មី កម្មករ​ម្នាក់​ប្រឹងប្រែង​រត់គេច​ចេញ​ដែរ តែ​គេច​មិន​រួច​

ភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់​បាន​រង​របួស​បាក់ជើង​ទាំង​ពីរ​យ៉ាងធ្ងន់ធ្ងរ ហើយក៏​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ដោយ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ​ ក្រោយពី​មាន​ហេតុការណ៍​បាក់​ពិតាន​ជណ្ដើរ ទើប​សាងសង់​ថ្មី​គ្មាន​បច្ចេកទេស​មក​លើ​ជនរងគ្រោះ​ម្នាក់​នេះ​ទាំង​ដឹងខ្លួន​មុន​ហើយ ​នៅតែ​រត់គេច​មិន​រួច​នោះ​។​
ហេតុការណ៍​អាក្រក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៤០​ឆ្នាំ​រសៀល​ ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៦០ ក្នុង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក​។ ​ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ វង់ វ៉ុ ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់​ក្នុង​ការដ្ឋាន​សំណង់​ខាង​លើ​និង​មាន​ស្រុកកំណើត ស្រុក​មុខកំពូល​ ខេត្តកណ្តាល ​បាន​បាក់ជើង​ទាំង​ពីរ ហើយក៏​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ។​
ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​បំពេញការងារ​ជា​កម្មករ​សំណង់​នៅក្នុង​ការដ្ឋាន​ខាងលើ​ដូច​សព្វមួយដង​។ ​ក្នុង​ខណៈ​ពេល​នោះ​ ជនរងគ្រោះ​បានឮ​សម្លេង​ប្រឹបៗ ​ក៏បាន​ក្រឡេក​មើលទៅ​ខាងលើ​ ក៏​ស្រាប់តែ​ឃើញ​ពិតាន​បេតុង​ដែល​ចាក់​រឹង​ហើយ​នោះ​បាក់​ធ្លាក់​មក​ក្រោម​តែម្តង ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះ​ប្រឹង​រត់ចេញ​ពី​ក្រោម​ពិតាន​នោះ តែ​រត់​មិន​ផុត​ក៏​ត្រូវ​ពិតាន​នោះ​បាក់​មក​ត្រូវ​ចំ​ជើង​ទាំង​២​បណ្ដាល​ឲ្យ​បាក់​តែម្តង ហើយ​ភ្លាមៗ​នោះ​ជនរងគ្រោះ​ក៏​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ព្រះកុសុមៈ​ភ្លាម​ៗដែរ ដើម្បី សង្គ្រោះ​ជីវិត​។​
មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ចុះទៅ​មើល​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា ការ​បាក់​ធ្លាក់​ពិតាន​បេតុង​ដែល​កំពុង​តែ​ធ្វើការ​ស្ថាបនា​នេះ ​គឺ​ផ្ដើម​ឡើង​ពី​ការសាងសង់​គ្មាន​បច្ចេកទេស ហើយ​ពិតាន​ដែល​បាក់​ធ្លាក់​មកនេះ​ហាក់​មិនឃើញ​មាន​សរសៃ​ដែក​ភ្ជាប់​ជាមួយ​គេ​ឡើយ​៕
ស្រីរ័ត្ន​

Post a Comment

0 Comments

Close Menu