Ad Code

គង់ ចាន់​រដ្ឋា ជោគជ័យ​លើទឹក​ដី​ប្រទេស​អូស្ត្រាលី​

ភ្នំពេញ ៖ តារា​សម្ដែង ​និង​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ដាយ​ម៉ិ​ន កញ្ញា គង់ ចាន់​រដ្ឋា ក្រោយពី​ជោគ​ជ័យ​ក្នុង​អាជីព​ជា​អ្នកចម្រៀង​-​សម្ដែង​ក្នុងស្រុក ​កាលពី​ថ្មីៗ​មុន​នេះ​ នាង​ក៏​ទទួល​បាន​ឱកាស​ចេញ​ទៅ​កើប​លុយ​ជាថ្មី​នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី ​រយៈពេល​មួយ​ខែ​ហើយ ទើប​វិល​ត្រឡប់​មកដល់​ស្រុកកំណើត ​ដោយ​នាំមក​ជាមួយ​នូវ​ភាព​ជោគជ័យ​ផង​ដែរ។​
តារា​ចម្រៀង​កញ្ញា គង់ ចាន់​រដ្ឋា បច្ចុប្បន្ន ​នាង​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ស្រុក​ខ្មែរ​វិញ​ហើយ បន្ទាប់​ពី​តារា​រូប​នេះ​បាន​ឈាន​ជើង​ចាកចេញ​ពី​ប្រទេស​កម្ពុជា ​ទៅ​ចម្រៀង​នៅ​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​មិថុនា ​ឆ្នាំ​២០១៥ តាមរយៈ​ការ​អញ្ជើញ​របស់​ប៉ុស្តិ៍​ទូរទស្សន៍​ក្នុងស្រុក​នៅ​ទី​នោះ។​
ឆ្លើយឆ្លង​ជាមួយ​ភ្នាក់ងារ​កម្ពុជា​ថ្មី​តាម​សារ​អេឡិចត្រូនិក​នៅ​រសៀល​ ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ​ តារា​សម្ដែង​កញ្ញា គង់ ចាន់​រដ្ឋា បាន​ប្រាប់​ឱ្យ​ដឹង​ថា ​ឥឡូវនេះ​ នាង​កំពុង​តែ​មាន​វត្តមាន​នៅ​លើ​ទឹកដី​ប្រទេស​កំណើត​(​កម្ពុជា​)​វិញ ​ហើយ​ក្រោយពី​ការ​វិល​ត្រឡប់​មក​ដល់​ស្រុក​ខ្មែរ​ កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា​កន្លងទៅ។
តារា​សម្ដែង​ពន្លក​ពូជ​មកពី​ដែនដី​ខេត្ត​សៀមរាប​អង្គរ​ កញ្ញា គង់ ចាន់​រដ្ឋា បាន​បន្ត​ថា ខ្ញុំ​មាន​អារម្មណ​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ ពេល​ទៅ​ដល់​ទីនោះ​ ព្រោះ​មាន​បងប្អូន​អាណិកជន​ខ្មែរ​គាត់​គាំទ្រ​ច្រើន​ ហើយ​ក្នុង​រយៈពេល​មួយ​ខែ​នេះ ​គឺ​បាន​ចេញទៅ​ច្រៀង​-​សម្ដែង​ច្រើន​រដ្ឋ​..។​
រដ្ឋា បាន​បន្ថែម​ថា ខ្ញុំ​ក៏​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ ព្រម​ជា​មួយ​ភាព​ជោគជ័យ​ផង​ដែរ​ ពី​ការ​ចេញទៅ​ច្រៀង ​និង​សម្ដែង​នៅ​លើ​ទឹក​ដី​ប្រទេស​អូស្ត្រាលី ដោយសារ​បងប្អូន​អាណិកជន​ខ្មែរ​រស់នៅ​ទីនោះ​មាន​ការ​ពេញ​ចិត្ត​ និង​គាំទ្រ​មក​លើ​តារា​សិល្បៈ​ខ្មែរ​យើង​យ៉ាង​ច្រើន។ ជាពិសេស​ក៏​ទទួល​បាន​ការ​សរសើរ និង​ពេញចិត្ត​ពី​អ្នក​រស់​នៅ​ទីនោះ​ថា ជា​តារា​មិន​ចេះ​ឆ្មើងឆ្មៃ​ទៀត​ផង។​
គួរ​បញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ​សម្រាប់​តារា​ចម្រៀង​កញ្ញា គង់ ចាន់​រដ្ឋា ដែល​ក្ដាប់​បាន​ឱកាស​ចេញទៅ​កើប​លុយ​នៅ​ក្រៅ​ប្រទេស ​ដោយ​លើកទីមួយ​នាង​ទទួល​បាន​ការ​ហៅ​ចេញទៅ​ច្រៀង និង​សម្ដែង​លើ​ទឹកដី​សហរដ្ឋអាមេរិក​រយៈពេល​ជាង​៣​ខែ។
ចំណែក​លើក​ទី​២​នេះ រដ្ឋា ទទួល​បាន​ឱកាស​ នៃ​ការ​អញ្ជើញ​ជាថ្មី​ម្តង​ទៀត​របស់​ប៉ុស្តិ៍​ទូរទស្សន៍​នៅ​ប្រទេស​ អូស្ត្រាលី​ក្នុង​ការ​ចេញទៅ​ច្រៀង​-សម្ដែង​នៅ​ទីនោះ​រយៈពេល​មួយ​ខែ​កន្លងមក​ ៕

Post a Comment

0 Comments

Close Menu