Ad Code

វណ្ណ វ​ល័​ក្ខ ប្រាថ្នា​ចង់បាន​រថយន្ត​ស៊េរី​ទំនើប​

ភ្នំពេញ ៖ កញ្ញា វណ្ណ វ​ល័​ក្ខ បន្ទាប់ពី​លេច​មុខ​លេច​មាត់ ​មានឈ្មោះ​ល្បី​បោះ​សំឡេង​ក្នុង​អាជីព​សិល្បៈ​មួយ​រយៈ​ចុងក្រោយ​នេះ​ ឃើញ​ថា​នាង​ហាក់​កំពុង​តែ​មាន​ភាព​ខុសប្លែក​ច្រើន​ជាង​មុន មិន​ថា​ជីវភាព​រស់​ប្រចាំថ្ងៃ ឬ​ស្តាយត៍ ​នៃ​ការ​តុបតែង​ខ្លួន​នោះ​ឡើយ​ គឺ​តារា​ស្រី​រូបនេះ​តែង​បញ្ចេញ​ពី​ភាព​ហ៊ឺហា ស៊ីវិល័យ និង​ឡូយ​ឆាយ​ជាប្រចាំ។ ស្រប​ពេល​ដំណឹង​ស្នេហ៍​តែង​លេចឮ​ផង​ដែរ​ថា​ នាង​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​បុរស​អ្នកជំនួញ​ក្នុងស្រុក។​
ជួប​សម្ភាសន៍​ជាមួយ​កម្ពុជា​ថ្មី​ តាម​ទូរស័ព្ទ​ តារា​សម្ដែង​និយម​ស្លៀកពាក់​សិច​ស៊ី​កញ្ញា វណ្ណ វ​ល័ក្ខ បាន​និយាយ​ប្រាប់​ថា​ ចំពោះ​ការងារ​សិល្បៈ​របស់​នាង​បច្ចុប្បន្ន​នេះ ​មានការ​មមាញឹក​ច្រើន​ទាំង​ការ​ថត​សម្ដែង​ខ្សែ​ភាពយន្ត កាយវិការ​ខារ៉ាអូខេ និង​ថត​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម​ឲ្យ​បណ្ដា​ផលិតផល​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ ជាដើម។​
កញ្ញា វណ្ណ វ​ល័​ក្ខ បាន​និយាយ​បន្ត​ទៀត​ថា ឥឡូវនេះ​នាង​ក៏​មាន​គម្រោង​ត្រៀម​ថត​សម្ដែង​ខ្សែ​រឿង​ភាគ​ថ្មី​មួយទៀត​ឲ្យ​ ស្ថានីយ​ប៉ុស្តិ៍​ទូរទស្សន៍​PNN​ ក្នុង​ពេល​ឆាប់ៗ​ខាង​មុន​នេះ​ផង​ដែរ​ បន្ទាប់ពី​ថត​បញ្ចប់​ខ្សែ​រឿង​ភាគ​ថ្មី​ដែល​កំពុងតែ​ដំណើរការ​ថត​ជិត​ចប់​ហើយ​នោះ។​
ជា​មួយ​គ្នា​នេះ​ តារា​សម្ដែង​ចង្កា​ស្រួច​មុខ​មាន​មន្ត​ស្នេហ៍​កញ្ញា​ វណ្ណ វ​ល័​ក្ខ​ ក៏បាន​បញ្ជាក់​ប្រាប់​ផង​ដែរ​ចំពោះ​រឿង​ដែល​គេ​បាន​ដាក់​ការ​សង្ស័យ​ថា នាង​ធ្លាប់​នាង​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ​ជា មួយ​បុរស​អ្នកជំនួញ​ក្នុងស្រុក​ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​មាន​ព័ត៌មាន​ខ្លះ​បាន​និយាយ​ថា​ បុរស​ម្នាក់​នេះ​មានបំណង​ទិញ​រថយន្ត​ស៊េរី​ទំនើប​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ ធ្វើជា​កាដូ​ផ្គាប់ចិត្ត​នោះ​ គឺ​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​ឆ្លើយ​បដិសេធន៍​ថា ​ពុំ​ដែល​មាន​នោះ​ឡើយ និង​ថា​ជា​ការ​និយាយ​បំភ្លៃ​ការពិត ព្រោះ​នាង​ខ្លួនឯង​គឺ​មិនដែល​បាន​ដឹង​រឿង​អី​ទាល់តែសោះ។​
កញ្ញា វណ្ណ វ​ល័​ក្ខ បាន​និយាយ​ទៀត​ថា រឿង​មាន​គេ​ចង់​ទិញ​ឡាន​ឲ្យ​ខ្ញុំ ​គឺ​គ្មាន​ទេ​បង​(​សើច​) !​តែ ​បើ​គម្រោង​ខ្ញុំ​ទិញ​ឲ្យ​ខ្លួនឯង ​គឺ​មាន​មែន​ ព្រោះ​សព្វថ្ងៃ​នេះ​ខ្ញុំ​កំពុងតែ​ខំ​សន្សំ​រក​ប្រាក់​ពី​ការ​សម្ដែង​ដែល​រក ​បាន​ដោយ​កម្លាំង​ញើស​ឈាម​ខ្លួនឯង​ ដើម្បី​បង្គ្រប់​ទិញ​រថយន្ត​ថ្មី​ប្ដូរ​ជំនួស​រថយន្ត​ចាស់​គឺ​មាន​មែន។​
តារា​ស្រី វណ្ណ វ​ល័​ក្ខ បាន​ឲ្យ​ដឹង​ទៀត​ថា ខ្ញុំ​ពិតជា​មាន​គម្រោង​ប្ដូរ​រថយន្ត តែ​មិនមែន​ធ្វើឡើង​ពេលនេះ​ទេ​ គឺ​អាច​នៅ​ពេល​ខាងមុខ​ឆាប់ៗ​ ព្រោះ​ឥឡូវ​នៅ​មាន​ការ​ខ្វះ​ខាត​លុយ​ខ្លះ​ ដូច្នេះ​ពេលណា​ដែល​សន្សំ​បាន​លុយ​គ្រប់​ហើយ​នោះ​ ខ្ញុំ​នឹង​ទិញ​រថយន្ត​ក្នុង​ក្ដី​ស្រ​ម៉ៃ​ភ្លា​គឺ​Hilander។​
តារា​សម្ដែង​វ័យក្មេង​កញ្ញា វណ្ណ វ​ល័​ក្ខ បាន​បន្ថែម​ថា នាង​រាល់ថ្ងៃ ​គឺ​មិនទាន់​គិតគូរ​ដល់​រឿង មាន​ស្នេហា​នេះ​ទេ​ ហើយក៏​មិនទាន់​ចង់​មាន​សង្សារ​ដែរ ​ព្រោះ​ចង់​យក​ពេលវេលា​នេះ​ដើម្បី​នៅ​មួយ​​ការងារ​សិល្បៈ​ឲ្យ​បាន​យូរ​ បន្តិច​។​ ម្យ៉ាង​ក៏​ចង់​សាង​កេរ្តិ៍ឈ្មោះ​ឲ្យ​មាន​ភាព​ល្បី​ខ្លាំង​ជាង​នេះ​ទៀត​សិន​ ទើប​គិតដល់​រឿង​ដៃគូ​អនាគត​នៅ​ថ្ងៃ​ខាងមុខ​៕

Post a Comment

0 Comments

Close Menu