Ad Code

ជា វណ្ណា​រិ​ទ្ធ សិល្បៈ និង​មុខ​ជំនួញ​ដើរ​ទន្ទឹមគ្នា

ភ្នំពេញ ៖ ស្ទើរតែ​អ្នក​សិល្បៈ​គ្រប់គ្នា​ទៅ​ហើយ ​ដែល​តែងតែ​ចាប់​យក​នូវ​មុខ​ជំនួញ​បន្ទាប់បន្សំ​ទៀត​ក្រៅពី​អាជីព​សិល្បៈ។ មាន​សិល្បករ​សិល្ប​ការិនី​ជាច្រើន​នាក់ ដែល​មាន​ជំនួញ​នៅ​ក្នុង​ដៃ​ដែល​ជំនួញ​អស់​ទាំង​នោះ​កើត​ចេញ​ពី​ការ​រក​បាន​ ពី​ចំណូល​របស់​ការងារ​សិល្បៈ។ ទោះជា​យ៉ាង​នេះ​ក្ដី​ ការ​បង្កើត​ជា​អាជីវកម្ម​ស្រប​ពេល​នឹង​ការ​បោះ​ជំហាន​លើ​វិថី​សិល្បៈ​នេះ​ ពិតជា​ទទួល​បាន​ជោគជ័យ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ពួកគេ​ ដោយសារតែ​ការ​មាន​កេរ្តិ៍​ឈ្មោះ​ និង​មាន​គេ​ស្គាល់​ស្រាប់។ ដូចនេះ​វា​ជា​ភាព​ងាយ​ស្រួល​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​សាយភាយ​ពីមុខ​ជំនួញ​ របស់​ខ្លួន​ទៅកាន់​មនុស្ស​ជាច្រើន។​
តួយ៉ាង​ដូចជា ​តារា​សម្ដែង និង​ជា​ពិធី​ករ​មួយ​រូប​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ទៀត​នោះ​លោក​ ជា វ​ណ្ណា​រិ​ទ្ធ​ ដែល​សព្វថ្ងៃ​នេះ ​លោក​កំពុងតែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​ទស្សនិកជន។ គួបផ្សំ​នឹង​ការ​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​នេះ​ លោក​ ជា វណ្ណា​រិ​ទ្ធ ក៏​មាន​មុខ​ជំនួញ​មួយ​ជា​មួយ​នឹង​ភរិយា​របស់​លោក​ផង​ដែរ។
លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា​ មុខ​ជំនួញ​មួយ​នេះ​វា​នៅ​ពុំ​ទាន់​មាន​លក្ខណៈ​ជាធំ​ដុំ​អី​នោះ​ទេ ​តែ​អាច​រក​ចំណូល​បាន​ច្រើន​ក្រៅពី​អាជីព​សិល្បៈ​នេះ​ដែរ។ តាមរយៈ​ការ​ផ្ដល់​បទសម្ភាសន៍​ជាមួយ​លោក លោក​ក៏បាន​បន្ថែម​ទៀត​ថា​ ជា​រៀងរាល់​មួយ​ខែ​ម្ដង ​លោក​តែងតែ​ធ្វើដំណើរ​ចេញទៅ​ប្រទេស​ថៃ ដើម្បី​រក​ទិញ​គ្រឿងសម្អាង​ជា​មួយ​នឹង​ភរិយា​របស់​លោក​។​ ជា​មួយ​នឹង​ការងារ​សិល្បៈ ​ក៏​កាន់​តែ​មមាញឹក ការងារ​មុខ​ជំនួញ​ទៀត​នោះ​ លោក​ស្ទើរ​តែ​រក​ពេល​សម្រាក​គ្មាន​នោះ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក​ក៏បាន​លើកឡើង​នូវ​ទស្សនៈ​មួយ​ថា រក​ទាន់​ខ្លួន​នៅ​ក្មេង។ យ៉ាងណាមិញ​ ដូចជា​រូបលោក​ស្រាប់​ ដែល​ទើបតែ​ស្ថិត​នៅ​ក្នុង​វ័យក្មេង​នៅឡើយ ដូចនេះ​លោក​ខិតខំ​ប្រឹងប្រែង​ចាប់ដៃ​ពីរ​នាក់​ភរិយា​ដើម្បី​អនាគត និង​ជីវភាព​ដ៏​រុងរឿង។​
លើស​ពី​នេះ​ទៀត​ ទន្ទឹម​នឹង​ការ​ទទួល​លក់​គ្រឿងសម្អាង​ពី​ប្រទេស​ថៃ ​លោក ជា វណ្ណា​រិ​ទ្ធ ក៏​បាន​បើក​ជា​ហាង​លក់​កា​ដូ​អនុស្សាវរីយ៍​មួយ​ ដែល​មាន​ឈ្មោះថា Pink Day ដែល ​មាន​អាស័យដ្ឋាន​ក្នុង​ផ្សារ​ទំនើប​ផេ​នស​ល​។​ នៅ​ក្នុង​ហាង​របស់​លោក​មាន​ទទួល​រៀបចំ​កាដូ​សម្រាប់​កម្មវិធី​ផ្សេងៗ​ដូចជា កម្មវិធី​អាពាហ៍ពិពាហ៍ ​កម្មវិធី​ជប់លៀង ខួបកំណើត បង្កក់​កូន កាត់​ចំណងដៃ ឡើង​គេហដ្ឋាន​ជាដើម។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ​លោក​ក៏​ជា​អ្នក​ឌី​ហ្សា​ញ​មួយ​ដ៏​ប៉ិនប្រសប់​ក្នុង​ការ​រចនា​នូវ​ប្រអប់​ កាដូ ឬ​អក្សរ​ក្បាច់​នានា​ ដែល​មើល​ទៅ​គួរ​ឲ្យ​ទាក់ទាញ និង​មាន​សោភ័ណភាព​។
មួយ​វិញ​ទៀត ​លោក​មាន​លក់​នូវ​សំលៀកបំពាក់​ដ៏​ស្រស់​ស្អាត​សម្រាប់​យុវវ័យ​ទៀត​ផង​។ ពិត​ជា​មាន​មោទនភាព​ និង​គួរ​ឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​សម្រាប់​រូបលោក​ដែល​ជា​ពិធី​ករ តារា​សម្ដែង​ផង និង​ជា​ម្ចាស់​ហាង​មួយ​ដែល​កើតឡើង​ពី​បាតដៃ​ដ៏​តស៊ូ​ស្វិតស្វាញ​របស់​ខ្លួន​ បែបនេះ។​
ទន្ទឹម​នឹង​ការ​ជីក​សួរ​ពីមុខ​ជំនួញ​ របស់​តារា​សម្ដែង​ និង​ជា​ពិធី​ករ​រូប​នេះ​ លោក​ក៏បាន​រៀបរាប់​ខ្លះៗ​ពី​ជីវប្រវត្តិ​របស់​ខ្លួន​ និង​ស្ថានភាព​គ្រួសារ​ផង​ដែរ​។
លោក ជា វណ្ណា​រិ​ទ្ធ មាន​ស្រុកកំណើត​នៅ​ខេត្ត​សៀមរាប។ ឪពុក​របស់​លោក​ឈ្មោះ​ ជា ពិសិដ្ឋ ជា​គ្រូបង្រៀន​( ចូលនិវត្តន៍​) អ្នក​ម្ដាយ​ឈ្មោះ​ សួស ម​ន្ថា​( មេផ្ទះ​) មាន ​បងប្អូន​ចំនួន​៥​នាក់​ហើយ​រូបលោក​គឺជា​កូន​ទី​៣ ក្នុងចំណោម​បងប្អូន​របស់​លោក​ទាំង​អស់ ​មាន​បងប្រុស និង​ប្អូនប្រុស​របស់​លោក ​គឺ​និស្ស័យ​ជា​អ្នក​សិល្បៈ​ដូច​លោក​ដែរ​ គឺ​លោក​ ជា ដា​វិដ និង​លោក​….។​
គួរ​រំលឹក​ផង​ដែរ​ថា​ លោក ជា វណ្ណា​រិ​ទ្ធ ចាប់ផ្ដើម​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​កាលពី​ឆ្នាំ​២០០៧​ ដែល​កាលនោះ​លោក​បាន​ជាប់​ជា​ជយលាភី​ហ្រេ​ស៊ី​លេខ​១។ បន្ទាប់ពី​ទទួល​បាន​ចំណាត់​ថ្នាក់​ដ៏​ល្អ​ឯក​នេះ​ហើយ ​លោក ជា វណ្ណា​រិ​ទ្ធ​ ក៏​ចេះតែ​ត្រូវ​បាន​ក្រុមហ៊ុន និង​ផលិតកម្ម​នានា​អញ្ជើញ​រូបលោក​ឲ្យ​សម្ដែង​ដូចជា​ ខារ៉ាអូខេ និង​ភាពយន្ត​ជាដើម។
ក្នុង​នោះ​ដែរ​ លោក​ចាំ​បាន​ថា​ចំ ពោះ​ខ្សែភាពយន្ត​ដំបូង​ដែល​លោក​បាន​ថត ​គឺ​រឿង​”​ក្រោម​មេឃ​លើ​ដី​” ដែល​ពេលនោះ​លោក​ចាប់​សម្ដែង​ជា​តួឯក​តែម្ដង​ គឺ​សម្ដែង​ជា​អ្នកនាង​ ដា​ញ់ ម៉ូ​នី​កា។ មកដល់​ថ្ងៃនេះ ​លោក ​វណ្ណា ​រិ​ទ្ធ​ បាន​ប្រឡូក​សម្ដែង​ជា​តួឯក​បាន​ប្រមាណ​ជាង​១០​រឿង​ហើយ​។ ពី​មួយ​រឿង​ទៅ​មួយ​រឿង​ គឺ​លោក​បាន​យកចិត្តទុកដាក់​ព្យាយាម​សម្ដែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ស៊ី​ទៅ​នឹង​ សាច់រឿង និង​ក្រោម​ការណែនាំ​ពី​ម្ចាស់​ផលិតកម្ម​ ក៏ដូចជា​តួ​សម្ដែង​ជើងចាស់​ពី​មុនៗ​។ យើង​ឃើញ​ហើយ​ថា​ លោក​ ជា វណ្ណា​រិ​ទ្ធ ពិត​ជា​មាន​សមត្ថភាព​ខ្ពស់​ខាង​សម្ដែង​ និង​ពូកែ​បញ្ចេញ​វោហារស័ព្ទ​ដ៏​ក្រអួន​ក្រអៅ​ទៀត​ផង។
តំណែង​តួឯក​ គឺ​លោក​បាន​ស្រវា​ចាប់​គ្រប់​រឿង​ទាំងអស់​ដែល​លោក​បាន​ថត.​ត ​ ហើយ​មិន​តែប៉ុណ្ណោះ​ វា​ក៏​កើតឡើង​ចេញពី​ទេពកោសល្យ​ពិតៗ​របស់​លោក​ដែល​មាន​តាំងតែ​ពី​កំណើត​មក​ ម្ល៉េះ​។ ដោយឡែក​ងាក​ទៅ​រក​ការផ្សាយពាណិជ្ជកម្ម​វិញ​ គឺ​មាន​ច្រើន​សម្រាប់​រូបលោក​ដូចជា​ ស្ព​ត​គោ​ជល់ ស្ព​ត​ទឹក​ផ្លែឈើ ស្ព​ត​ក្រដាស​ជូត​មាត់ ស្ព​ត​លី​ហួរ​ជាដើម។ ចំពោះ​ ស្ព​ត ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ប្រជាប្រិយភាព​នោះ​ គឺ​ស្ព​ត​ទឹក​ផ្លែឈើ​ ដែល​គេ​ឧស្សាហ៍​ឃើញ​គេ​ចាក់​បញ្ចាំង​ជា​ញឹក​ញាប់។ មួយវិញទៀត​ មិន​ថា​តែ​ការ​បង្ហាញ​មុខមាត់​តាមរយៈ​ស្ព​ត​ប៉ុណ្ណោះ​ទេ​ ដែល​ធ្វើ​ឲ្យ​លោក​ល្បី​ឈ្មោះ​នោះ​ ក្នុង​នោះ​ដែរ​ក៏​មាន​ខ្សែភាពយន្ត​មួយ​ដែល​ជួយ​ឲ្យ​លោក​មាន​គេ​ស្គាល់​កាន់​ តែ​ច្រើន​ គឺ​តាមរយៈ​រឿង កែ​ចិត្ត​ស្អប់​បង។ ដោយឡែក​ ងាក​មក​រក​សកម្មភាព​ជា​ពិធី​ករ​នេះ​វិញ​ ក្នុង​ពេល​បច្ចុប្បន្ន​ លោក​ក៏​ជា​ពិធី​ករ​ប្រចាំ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន​ដែរ​ ដែល​នៅ​កម្មវិធី​Cha cha chacha​ដៃគូ ​ជា​មួយ​កញ្ញា ​ហ៊ិ​ន​ ចាន់នី​រ័ត្ន។ កម្មវិធី​នេះ​ហើយ​ដែល​កាន់តែ​រុញច្រាន​លោក​ឲ្យ​ទទួល​បាន​ភាព​ទាក់​ទាញ​ពី​ សំណាក់​ទស្សនិកជន​ជាច្រើន​នាក់​នោះ៕

Post a Comment

0 Comments

Close Menu