Ad Code

អតីត​ហ្វ្រេ​ស៊ី​ ក្លាយ​ជា​ពិធី​ការិនី​ដ៏​មាន​ប្រជាប្រិយភាព

ភ្នំពេញ ៖ ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន នាង​កំពុង​ក្លាយ​ជា​បុប្ផា​មួយ​ទង​រះ​យ៉ាង​ត្រចះត្រចង់​នៅ​ក្នុង ស្ថានីយ​ទូរទស្សន៍​បាយ័ន។ កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន ជា​អតីត​ហ្វ្រេ​ស៊ី​លេខ​១ កាលពី​ឆ្នាំ​២០០៧ ជាមួយ​លោក ​ជា វណ្ណ​រិ​ទ្ធ ដែល​កាលណោះ​នាង​មាន​អាយុ​ទើបតែ​១៧​ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​សព្វ​ថ្ងៃ​នេះ​អ្នក​ទាំងពីរ​ជា​ពិធី​ករ​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ ជាមួយគ្នា។ ឆ្លងកាត់​លើ​វិថី​សិល្បៈ​ជាង​៦​ឆ្នាំ​កន្លង​មក​នេះ ​និរ័ត្ន​ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ​រហូត​ធ្វើ​ឲ្យ​នាង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​យ៉ាង​ល្បី​ដូច​អ្វី​ដែល​នាង​បាន​ ខិតខំ​ប្រឹងប្រែង។ សម្រាប់​ថ្ងៃនេះ​ កម្ពុជា​ថ្មី​សូម​លើក​យក​ជីវប្រវត្តិ​របស់​នាង​មក​ផ្សាយ​ជូន​មិត្ត​អ្នក​អាន ​ឲ្យ​បាន​ជ្រាប​ថា មុននឹង​នាង​ឈាន​ជើង​មក​រក​ភាព​ល្បីល្បាញ​បាន​ តើ​នាង​បាន​ឆ្លងកាត់​អ្វីខ្លះ?
*ប្រវត្តិរូប​សង្ខេប​
កញ្ញា ​ហ៊ិ​ន ច័ន្ទ​និ​រ័ត្ន មាន​ស្រុកកំណើត​នៅ​សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។ កញ្ញា​កើត​នៅ​ឆ្នាំ​១៩៩០ ដែល​មាន​បងប្អូន​ចំនួន​២​នាក់​(ស្រី​១ ​ប្រុស​១) ហើយ ​កញ្ញា​ គឺជា​កូនស្រី​ច្បង​នៅ​ក្នុង​គ្រួសារ។ នៅ​ក្នុង​ឆ្នាំ​២០០៧ កញ្ញា​ បាន​រំកិល​ខ្លួន​ឲ្យ​កាន់តែ​ជិត​ ទៅ​រក​វិថី​សិល្បៈ​ ដោយ​កាល​នោះ​កញ្ញា​បាន​ដាក់​ពាក់​ប្រឡង​ចូល​ជា​ហ្រេ្វ​ស៊ី ​ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​តែម្ដង។​
*ការ​បោះ​ជំហាន​ចូល​វិថី​សិល្បៈ​
ក្រោយពី​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ហ្វ្រេ​ស៊ី​ហើយ​នោះ កញ្ញា ហ៊ិ​ន ច័ន្ទនី​រ័ត្ន​ បាន​ចាប់​ផ្តើម​សាង កេរ្តិ៍ឈ្មោះ ​ក្នុងនាម​ជា​ពិធី​ការិនី​ ដែល​ដំបូង​ឡើយ​ធ្វើ​នៅ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ទទួល​បាន​នូវ​តំណែង​ជា​ពិធី​ការិនី​ប្រចាំ​ប៉ុស្តិ៍​លេខ​៣ ​ក្នុង​កម្មវិធី​ធ្មេញ​ស្អាត​ ញញឹម​ស្អាត។ ហើយ​ក្រោយមក​ធ្វើ​នៅ​ទូរទស្សន៍​បាយ័ន​រហូតមកដល់​បច្ចុប្បន្ន។
ចាប់​តាំង​ពី​ប្រឡូក​សិល្បៈ​ គេ​សង្កេត​ឃើញ​ថា ក្រៅពី​ធ្វើជា​ពិធី​ការិនី នាង​បាន​សម្ដែង​រឿង ថត​ខារ៉ាអូខេ ព្រមទាំង​ថត​ឈុត​ពាណិជ្ជកម្ម​ច្រើន​ដូចជា​ ស្ព​ត​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​Mfone , ក្រុមហ៊ុន​ស៊ុយ​ស៊ូ​គី ,​ក្រុមហ៊ុន​គ្រឿងសម្អាង​មាន​ផលិតផល​ជា​ឡេ និង​ផលិតផល​សាប៊ូ​នួន​អា​ណុង​ជាដើម​។ កញ្ញា ​ហ៊ិ​ន ច័ន្ទនី​រ័ត្ន បាន​រំលឹក​ឡើងវិញ​ថា​ ដោយសារតែ​កញ្ញា​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​និង​ហ្វឹកហាត់​ជំនាញ​ខាង​ការ​រាំ ​ និង​ការសម្ដែង​ពី​លោកគ្រូ​អ្នកគ្រូ​ដែល​មកពី​សកលវិទ្យាល័យ​ភូមិន្ទ​និង​ វិចិត្រ​សិល្បៈ អស់​រយ​រយៈពេល​២​ខែ​ ដោយ​ស្ទើរតែ​រក​ពេល​សម្រាក​គ្មាន​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កញ្ញា​មិនសូវ​ជា​មាន​ផល​លំបាក​ក្នុង​ការសម្ដែង​ ឬក៏​ធ្វើជា​ពិធី​ការិនី​ឡើយ។​
ឆ្លងកាត់​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ ដំណាក់កាល បាន​ធ្វើ​ឲ្យ​កញ្ញា ​ហ៊ិ​ន​ ច័ន្ទ​និ​រ័ត្ន ​ទទួល​បាន​នូវ​បទពិសោធន៍​ដ៏​ច្រើន​ពី​វិស័យ​សិល្បៈ ​ទាំង​ផ្នែក​សម្ដែង និង​ផ្នែក​ពិធី​ករ​ជាដើម។ តាមរយៈ​សម្ដី​ផ្ទាល់​របស់​កញ្ញា​ និង​ចរិត​ដ៏​សុភាពរាបសារ​របស់​កញ្ញា​ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កញ្ញា​ ជាតា​រា​មួយ​ដួង​ដែល​មាន​ប្រជាប្រិយភាព​ខ្ពស់ ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ និង​ពោរពេញ​ដោយ​ភាព​រួសរាយ​រាក់ទាក់​ទៀត​ផង។​
*អាជីព​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​
ដោយឡែក ​ងាក​មក​រក​អាជីព​ក្នុង​វិស័យ​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ គឺ​កញ្ញា​ជា​ពិធី​ករ​ប្រចាំ​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន ក្នុង​កម្មវិធី​ឆា​ឆា ​ជា​មួយ​នឹង​លោក ជា វណ្ណា​រិ​ទ្ធ និង​មាន​កម្មវិធី​តន្ត្រី​ផ្សេងៗ​ទៀត​ផង​ដែរ។ ចាប់​តាំង​ពី​កញ្ញា​ចាប់ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មក​ កញ្ញា​បាន​សម្ដែង​ក្នុង​ខ្សែភាពយន្ត​បាន​ច្រើន​រឿង​ដែរ​ ដូចជា​រឿង “​ក្រោយ​ភ្លៀងរលឹម​” “​ព្រាយ​ហាយ​សូរ​” “​សាកសព​កំបុត​ក្បាល​”.។ល​.។ តាមរយៈ​ការ​ទទួល​បាន​នូវ​បទពិសោធន៍​នៃ​ការសម្ដែង​រឿង​អស់ទាំង​នេះ​ បាន​កាន់​តែ​រុញច្រាន​កញ្ញា​ឲ្យ​ទទួល​បាន​នូវ​កេរ្តិ៍​ឈ្មោះ ​ក៏ដូចជា​សមត្ថភាព​ក្នុង​ផ្នែក​សិល្បៈ ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​ទៀត។ ទន្ទឹម​នឹង​នេះ​ដែរ ​កញ្ញា​បាន​បន្ត​ទៀត​ថា​ ការងារ​ជា​សិល្បៈ វា​មិន​មែន​ជា​ការងារ​ដែល​លំបាក​ខ្លាំង​នោះ​ទេ ​ប៉ុន្តែ​ក៏​ត្រូវ​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​តាមដាន​រាល់​ការ​ណែនាំ ​ពី​សិល្បៈ​ករ​រៀមច្បង និង​អ្នកដឹកនាំ​សម្ដែង​ជាដើម។
យ៉ាងណាមិញ ​ដូចជា​រាល់ថ្ងៃ​ កញ្ញា​ស្ថិត​នៅ​ក្នុង​អាជីព​ជា​ពិធី​ករ ​ដែល​នេះ​ទាមទារ​ឲ្យ​កញ្ញា​ត្រូវ​បង្កើន​សមត្ថភាព​ទៅលើ​ការ​និយាយ​ ដែល​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​ដែល​ស្ដាប់​អាច​ទទួល​យក​បាន និង​ចាប់អារម្មណ៍​ទៅលើ​កម្មវិធី​ដែល​កញ្ញា​កំពុងតែ​សម្ដែង​នោះ​ដែរ។​
បើ​ការ​រៀបរាប់​ត្រួសៗ ពី​ស្ថានភាព​ការងារ​សិល្បៈ​របស់​កញ្ញា​នោះ​ គឺ​កញ្ញា​ហាក់បីដូចជា​មិន​សូវ​មាន​ពេលទំនេរ​សម្រាប់​ធ្វើ​រឿង​ផ្ទាល់ខ្លួន​ នោះ​ទេ ព្រោះ​កញ្ញា​មាន​ការងារ​ច្រើន ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។ ហេតុ​នេះ​ហើយ​ទើប​កញ្ញា​ផ្អាក​ការសិក្សា​អស់​មួយ​រយៈ​ពេល​វែង ក៏ដោយ​សារ​គ្មាន​ពេលវេលា​គ្រប់គ្រាន់​នឹង​រៀន​សូត្រ​បន្ថែម។​
*គន្លឹះ​ថែរក្សា​សម្រស់​របស់​ ហ៊ិ​ន​ ច័ន្ទនិរ័ត្ន​
ថ្វីត្បិតតែ​កញ្ញា​មាន​ពេល​រវល់​ ច្រើន​ជា​មួយ​នឹង​អាជីព​សិល្បៈ​ក្ដី ​ក៏​កញ្ញា​មិន​ភ្លេច​ចំពោះ​ការ​ថែ​រក្សា​សម្ផស្ស​ផង​ដែរ ព្រោះ​កញ្ញា​យល់ថា​ សម្រស់​គឺជា​អ្វី​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​អ្នក​សិល្បៈ។ ដូចជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​កញ្ញា​តែងតែ​បង្ហាញមុខ​ជាប្រចាំ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ដែល​មាន​ទស្សនិកជន​ជាច្រើន​ចោល​ភ្នែក​មក​មើល​កញ្ញា។ ដូចនេះ​កញ្ញា​ចាំបាច់​ឆ្លៀតពេល​ដើម្បី​ថែរក្សា​សម្រស់​របស់​ខ្លួន​ឲ្យ​នៅ​ ស្រស់​ស្អាត។ មិន​ត្រឹមតែ​ផ្ដោត​សំខាន់​ទៅលើ​បញ្ហា​សម្រស់​តែប៉ុណ្ណោះ​ទេ ក្នុង​នោះ​ដែរ និ​រ័ត្ន ក៏បាន​យកចិត្តទុកដាក់​ទៅលើ​សុខភាព​ ដោយ​កញ្ញា​ហាត់ប្រាណ​ជាប្រចាំ និង​ទទួល​យក​នូវ​របប​អាហារ​ដែល​ទ្រទ្រង់​ដល់​សុខភាព​រាងកាយ។ ចំណែក​ឯ​ការ​ថែរក្សា​ផ្នែក​សម្រស់​វិញ​ គឺ​កញ្ញា​តែងតែ​ទៅ​ទទួលយក​ការ​ម៉ាស្សា​ស្ទីម​សូ​ណា​ជាដើម ដើម្បី​បង្កើត​សុខភាព​ស្បែក​ឲ្យ​កាន់​តែ​មាន​ភាព​ម៉ដ្ឋ​រលោង​ និង​ស្រស់​ស្អាត​៕

Post a Comment

0 Comments

Close Menu