មកដល់សព្វថ្ងៃនេះកញ្ញាតូតាមានអាយុ២០ឆ្នាំ ហើយប៉ុន្តែបើនិយាយពីសមត្ថភាពនៃការដើរម៉ូដនិងសម្ដែងវិញ គឺពិតជាមានលេចធ្លោនិងគួរឲ្យកោតសរសើរខ្លាំងណាស់។ តូតាបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២ហើយក៏បោះជំហ៊ានជាបណ្ដើរៗចូលទៅក្នុងពិភពសិល្បៈតែម្ដង។ នៅក្នុងក្រុមគ្រួសាររបស់តូតា គឺមិនមានឈាមជ័រជាអ្នកសិល្បៈទេ ប៉ុន្តែពួកគាត់ពេញចិត្តនិងស្រឡាញ់ខាងផ្នែកសិល្បៈនេះខ្លាំងណាស់។ ម្ល៉ោះហើយក៏បានលើកទឹកចិត្តដល់តូតា ដែលជាកូនស្រីសំណព្វចិត្តនេះបានក្លាយជាតារាមួយដួងរះក្នុងពិភពសិល្បៈ។ ជីវិតសិល្បៈដ៏ជោគជ័យរបស់តូតា គួររំលឹកផងដែរតារាម៉ូដែលរាងខ្ពស់ស្រឡះមុខញញឹមស្រស់រូបនេះ ធ្លាប់បានគ្រងដំណែងជាកញ្ញាឯកប្រ៊ីស្តុនដែលទទួលបានចំណាត់ថ្នាក់លេខ១ក្នុងចំណោមស្រីស្អាតដែលចូលរួមប្រកូតនៅពេលនោះ។
នេះជាអ្វីដែលជាចំណាប់ផ្ដើមដំបូងក្នុងការទាញឆក់ទំពួកនៃអាជីពសិល្បៈមកក្នុងកណ្ដាប់ដៃរបស់ខ្លួន។ កាលនោះគឺស្ថិតក្នុងអំឡុងឆ្នាំ២០០៧ដែលតូតាទើបតែមានអាយុ១៧ឆ្នាំនៅឡើយទេ ប៉ុន្តែបើនិយាយពីសមត្ថភាពនិងសម្រស់វិញ គឺពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់ អមទៅដោយទឹកមុខញញឹមដ៏មានមន្តស្នេហ៍។ដោយសារតែសម្រស់និងការព្យាយាមហ្វឹកហាត់រៀនសូត្រទាក់ទងជាមួយនឹងជំនាញបន្ថែមខាងដើរម៉ូដក៏ចេះតែធ្វើឲ្យកញ្ញាមុជខ្លួនកាន់តែជ្រៅទៅក្នុងសមុទ្រសិល្បៈដែលទាំងអស់នេះជាកេរ្តិ៍ឈ្មោះនិងភាពជោគជ័យដ៏ធំមួយទាំងខ្លួននៅវ័យក្មេង។បើនិយាយពីសកម្មភាពដ៏មមាញឹកមួយចំនួនក្នុងអាជីពសិល្បៈនេះគឺភាគច្រើនកញ្ញា ត្រូវបានទស្សនិកជនស្គាល់កញ្ញាចាប់តាំងពីកញ្ញាបានចូលថតក្នុងរឿងផ្កាក្នុងផ្កា។ចំពោះខ្សែរឿងនេះទៀតសោតគឺជារឿងមួយដែលមានការគាំទ្រពីអ្នកមើលជាច្រើននាក់ហើយទន្ទឹមនឹងពេលនោះហើយ ដែលជាឱកាសមួយធ្វើឲ្យតូតាបានបង្ហាញនូវមុខមាត់របស់ខ្លួនជាលើកដំបូងដល់ទស្សនិកជន។បន្ទាប់ពីការបង្ហាញវត្តមានជាតួសម្ដែងក្នុងរឿងផ្កាក្នុងផ្ការួចមកសូនីតាហៅតូតាក៏ ត្រូវបានក្លាយជាមុខព្រួញដ៏មុតស្រួតរបស់បណ្ដាក្រុមហ៊នុពាណិជ្ជកម្មនិងផលិតកម្មមួយចំនួន។
តូតាក៏ចេះតែមានឱកាសបានចូលថតជាចម្រៀងខារ៉ាអូខេក៏ដូចជាថតស្ពតផ្សេងៗផងដែរ។ លើពីនេះទៀតតារារាងតូចច្រឡឹងរូបនេះបានអភិវឌ្ឍន៍ខ្លួនទៅជាតារាសម្ដែងដ៏មានទេពកោសល្យខ្ពស់ក្នុងការធ្វើយ៉ាងណាឲ្យស៊ីទៅនឹងខ្សែសាច់រឿងដើម្បីបន្ទោរអារម្មណ៍របស់អ្នកមើលឲ្យលន្លង់លន្លោចទៅតាមនោះដែរ។ មកទល់នឹងពេលនេះកញ្ញាតូតាបានកសាងនូវប្រជាប្រិយភាពក្នុងសិល្បៈជាច្រើនរួមមានការផ្សាយពាណិជ្ជកម្មថតខ្សែភាពយន្តទាំងភាពយន្តសម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍និងទាំងក្នុងរោងភាពយន្តទៀតផង។ មួយវិញទៀតតូតាក៏មិនចាញ់តារាសម្ដែងជើងចាស់មុនៗដែរដែលអាចមានសមត្ថភាពជាអ្នកដើរម៉ូដដ៏លេចធ្លោនិងសម្ដែងជាឈុតឆាកខ្លីៗក្នុងកម្មវិធីមួយចំនួនក្នុងទូរទស្សន៍។ដោយឡែកបើក្រលេកមើលក្នុងដើមឆ្នាំ២០១៤នេះតូតាកាន់តែមានភាពមមាញឹកកាន់តែខ្លាំងលើការសម្ដែងក៏ដូចជាការថតស្ពតដែលថ្មីៗនេះកញ្ញាក៏កំពុងតែទទួលថតស្ពតដ៏ធំដែលមានការរៀបចំឡើងដោយក្រុមហ៊ុនមួយៀងដែរ។ទន្ទឹមនឹងការថតស្ពតដ៏ធំនេះដែរតូតាតារាដើរម៉ូដនិងសម្ដែងវ័យក្មេងរូបនេះក៏បានថតជាតួឯកក្នុងរឿងព្រហ្មលិខិតដែលដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ស៊ីធីអ៊ីន។ មួយវិញទៀតតូតាបានបង្ហើបប្រាប់ដែរថាចំពោះខ្សែភាពយន្តដែលកញ្ញាកំពុងតែថតក្នុងពេលបច្ចុប្បន្ននេះជាប្រភេទខ្សែភាពយន្តដាក់បញ្ចាំងក្នុងរោងភាពយន្តប៉ុន្តែសុំលាក់ចំណងជើងសិនព្រោះចង់ឲ្យទស្សនិកជនមានភាពរំភើបជាមួយនឹងការបង្ហាញខ្សែភាពយន្តនោះ។ គួរបញ្ជាក់ផងដែរ២ចំណុចសំខាន់ៗដែលជាភាពជោគជ័យរបស់តូតានោះគឺការដើរម៉ូដនិងការសម្ដែងនេះហើយ ដែលជាគ្រាប់ពេជ្រកំពុងស្ថិតក្នុងកណ្ដាប់ដៃរបស់តារាវ័យក្មេងរូបនេះ។
សិល្បៈឆ្លងទ្វីបរបស់កំពូលតារាដើរម៉ូដវ័យក្មេងតូតាត្រឹមតែជាពន្លកតារាមួយដួងតូចដែលទើបតែរះក្នុងចំណោមហ្វួងតារាៗធំជាច្រើនដួងសោះ ក៏ត្រូវបានកសាងឲ្យមានប្រជាប្រិយភាពកាន់តែខ្លាំងទៅហើយ។ រយៈពេលប្រហែលជា៥ទៅ៦ឆ្នាំនេះតូតាបានសន្សំនូវកេរ្ត៍ឈ្មោះសិល្បៈរបស់ខ្លួនកាន់តែច្រើនដែលធ្វើឲ្យកក្រើកដល់អារម្មណ៍ទស្សនិកជនមិនថា តែក្នុងស្រុកឬក្រៅស្រុកប៉ុណ្ណោះទេ។បើតាមការរៀបរាប់របស់កញ្ញាតូតាដោយផ្ទាល់ គឺមកដល់សព្វថ្ងៃនេះកញ្ញាធ្លាប់បានត្រូវក្រុមហ៊ុននិងម្ចាស់ផលិតកម្មជាច្រើនបានអញ្ជើញកញ្ញាឲ្យបានទៅចូលរួមសម្ដែងនិងថតផ្សាយពាណិជ្ជកម្មនៅប្រទេសក្រៅ។តួយ៉ាងកាលពីចុងឆ្នាំ២០១៣កន្លងទៅនេះ តូតាតារាសើចខួចដងខ្លួនស្រឡូនបានឆក់ឱកាសទៅសម្ដែងនៅសហរដ្ឋអាមេរិករយៈពេល២ខែកន្លះទៀតផង។ បន្ថែមពីនេះនៅមានប្រទេសជាច្រើនទៀតដែលតូតាធ្លាប់បានអញ្ជើញទៅសម្ដែងរួមមានប្រទេសវៀតណាម ប្រទេសថៃប្រទេសកូរ៉េហុងកុងអូស្ត្រាលីជាដើមនិងមានប្រទេសមួយចំនួន។ នេះសបញ្ជាក់ឲ្យឃើញថាតូតាប្រើបានទៅនឹងពន្លកតារាមួយដួងរះបន្លះក្នុងហ្វូងតារារាប់រយដួងយ៉ាងណាក៏ប៉ុន្តែហាក់មានពន្លឺភ្លឺខ្លាំងច្រាល់ដល់ពិភពសិល្បៈ។ ក្នុងការចាប់យកឱកាសបានទៅសម្ដែងដល់ប្រទេសក្រៅនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់កញ្ញាគួបផ្សំនឹងទេពកោសល្យដ៏ល្អតាំងពីកំណើតដែលយើងអាចនិយាយបានថាសិល្បៈជាចំណង់ចំណូលចិត្តរបស់តូតាស្រាប់ទៅហើយ ដូចនេះវាកាន់តែបំផុសនិងលើកទឹកចិត្តឲ្យតូតាចេះតែមានកម្លាំងតស៊ូរុញច្រានខ្លួនឲ្យបានចូលបន្តិចម្ដងៗទៅលើថ្នាលសិល្បៈទាំងក្នុងវ័យក្មេងបែបនេះ។ទៅថ្ងៃខាងមុខទៀតតូតាក៏នឹងមានគម្រោងងចេញ ទៅសម្ដែងនៅក្រៅស្រុកបន្ថែមទៀតដែរក៏ដោយសារតែការស្នើសុំពីទស្សនិកជន នៅប្រទេសក្រៅឲ្យកញ្ញាទៅបង្ហាញខ្លួនដោយផ្ទាល់ដល់ពួកគេទាំងអស់។ ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយចំពោះអ្វីដែលនាងខ្ញុំកំពុងទទួលបាននៅសព្វថ្ងៃនេះខ្លាំងណាស់ទាំងខ្លួននៅវ័យក្មេងដែលទាំងអស់នេះមិនមែនកើតចេញពីខ្លួននាងខ្ញុំតែម្នាក់ឯងទេគឺទាល់ តែមានបងប្អូនពុកម៉ែគាំទ្រទើបខ្ញុំមានថ្ងៃនេះ។នេះជាពាក្យសម្ដីដែលលាយឡំជាទឹកមុខស្រស់ញញឹមនិងហាឡើងទាំងស្ទើតែស្រក់ទឹកភ្នែករបស់តូតាដោយសារតែកញ្ញាមានក្ដីរំភើបយ៉ាងខ្លាំងចំពោះភាពជោគជ័យលើវិថីសិល្បៈរបស់ខ្លួន។ កញ្ញាតូតាក៏នៅតែប្រកាន់តែក្ដីស្រម៉យ៉ាងមុតមាំថាកញ្ញានឹងទៅបម្រើដល់ខ្សែចក្ខុទស្សនិកជនដែលនៅក្រៅប្រទេសដូចលើមុនទៀតប្រសិនបើមានការអញ្ជើញពីសំណាក់ម្ចាស់ផលិតកម្មឆ្លងដែននានា។
ជីវិតស្នេហានិងមុខជំនួញក្នុងថ្ងៃអនាគតគ្រាន់តែក្រលេកមើល ពីសម្រស់របស់តារាដើរម៉ូដនិងសម្ដែងវ័យក្មេងម្នាក់នេះ យើងក៏អាចទាយទុកបានថា កញ្ញាគឺជាតារាស្រីស្អាតមួយដួងដែលប្រហែលជាមានអ្នកតាមស្នេហ៍ច្រើននាក់បាត់ទៅហើយ។ មិនថា តែអ្នកនៅក្នុងរង្វង់សិល្បៈនិងក្រៅសិល្បៈប៉ុណ្ណោះទេដែលចេះតែតាមលោមប្រលោមស្នេហ៍កញ្ញាម្ដងហើយម្ដងទៀត។ងាកមកកញ្ញាតូតាផ្ទាល់វិញគឺហាក់បីដូចជាមិនទាន់ដឹងច្បាស់ពីរឿងស្នេហានេះឡើយព្រោះវរល់នឹងការងារសិល្បៈច្រើនហើយមិនទាន់មានគម្រោងច្បាស់លាស់ពីជីវិតអាពាហ៍ពិពាហ៍នេះ។ជាមួយនឹងទឹកមុខអឹមអៀនញញឹមតិចៗស្ទើរតែមិនចង់ហាមាត់ស្ដីនោះតូតាបានបង្ហើបប្រាប់ដែរថា រាល់ថ្ងៃនេះមិនចេះខ្វះអ្នកតាមស្រឡាញ់ទេ ប៉ុន្តែកញ្ញាមិនទាន់ចាប់អារម្មណ៍ទៅលើនរណាម្នាក់ឡើយ ហើយបើទោះបីជាទស្សនិកជនបានឃើញពីភាពស្និទ្ធស្នាលជាមួយអ្នកណានោះ វាគ្រាន់តែជាការសម្ដែងឬការប្ដូរស្ដាយ៍ដែលចេះតែធ្វើឲ្យប្លែកៗតែក្នុងពិភពសិល្បៈតែប៉ុណ្ណោះទេ។ ទាំងមុខក្រហមព្រើងៗសូនីតាហៅតូតាបានបន្តទៀតថា រឿងស្នេហាអ្នកណាៗក៏មានដែរប៉ុន្តែគ្រាន់តែមិនទាន់ចង់បញ្ចេញជាលក្ខណៈសាធារណៈហើយណាមួយតូតាក៏កំពុងតែទាញយក បានប្រជាប្រិយភាពខ្លាំងផងទៀតនោះគឺមិនទាន់ចង់គិតរឿងនេះទេ។ ម្យ៉ាងវិញទៀតកញ្ញាបានលើកឡើងថា កញ្ញាទើបតែនៅវ័យក្មេងអាយុត្រឹម២០ឆ្នាំដូចនេះវាជាពេលវេលាមួយដែលកញ្ញាកំពុងតែខិតខំប្រឹងប្រែងឲ្យជីវិតកាន់តែប្រសើរសិនទើបឆ្លងចូលដល់រឿងស្នេហា។ សម្រាប់លក្ខណៈគូស្រករវិញតូតាក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា កញ្ញាមិនប្រកាន់អ្នកសិល្បៈឬអ្នកណានោះទេ បើមាននិស្ស័យជាគូនោះនឹងបានជួបគ្នាហើយ។សំខាន់គឺត្រូវចេះស្រឡាញ់គ្រួសាររបស់កញ្ញានិងចេះតែយកចិត្តទុកដាក់ចំពោះស្ត្រីជាភរិយាទើបជាបុរសដែលអាចស្ថិតក្នុងក្រអៅបេះដូងដ៏ក្រពុំរបស់តារាមួយដួងនេះ។
ទន្ទឹមនឹងការបង្ហើបប្រាប់ពីអារម្មណ៍ស្នេហានេះដែរតូតា ក៏បានបន្តទៀតថា សិល្បៈគ្រាន់តែជាអាជីពមួយដែលយើងអាចនឹងឆកយកបានអំឡុងពេលដែលយើង នៅមានកម្លាំងសម្ដែងនិងរូបសម្រស់របស់យើងនៅស្រស់ស្អាតទេ។ ផ្ទុយមកវិញវានឹងអាចសាបរលាបបន្តិចម្ដងៗនៅពេលដែលអាយុកាលរបស់យើង ឈានទៅរកវ័យចំណាស់ដែលទាំងសម្រស់ ក៏ស្រុតស្រកនិងកម្លាំងក៏ចុះថត។
ដូចនេះហើយវិថីសិល្បៈដែលតូតាកំពុងតែដើរសព្វថ្ងៃនេះ គឺមានមែនទីពំនាក់សម្រាប់ជីវិតទៅថ្ងៃមុខឡើង។តូតានឹងមានគម្រោងបង្កើតជាមុខជំនួញមួយបន្ទាប់ពីខ្លួនដើរឆ្លងផុតពីវិថីសិល្បៈដ៏វែងឆ្ងាយនេះ។ នេះគឺអាចធ្វើឲ្យកញ្ញាអាចនឹងទប់បាននូវលំនឹងជីវិតរបស់ខ្លួនឲ្យនៅតែមានភាពស្រស់ថ្លានិងរុងរឿងបើទោះបីជាអាជីពសិល្បៈនឹងបាត់បន្តិចម្ដងៗក៏កញ្ញានៅតែរស់នៅដោយមានសេចក្ដីសុខព្រមជាមួយនឹងជីវភាពដ៏ប្រពៃផងដែរ។
តូតាមានអ្វីជាអាថ៌កំបាំងក្នុងការថែរក្សាសម្រស់នោះ…? ការថែរក្សាសម្រស់គឺជាភាពចាំបាច់មួយរបស់នារីគ្រប់រូបជាពិសេសសម្រាប់ការងារសិល្បៈដូចជាកញ្ញាតូតាគឺត្រូវតែមិនអាចចោលបានទេជាការនឹងយកចិត្តទុកដាក់ឲ្យមែនទែនទៅលើសម្រស់នេះ។តារាៗភាគច្រើនតែងតែប្រើប្រាស់នូវផលិតផលគ្រឿងសម្អាងជាច្រើនដែលមានពេលខ្លះអាចធ្វើឲ្យមានប្រតិកម្មចំពោះស្បែកផងដែរ។ដោយឡែកសម្រាប់កញ្ញាថ្វីត្បិតតែហត់នឿយជាមួយនឹងការសម្ដែងក្រោមកម្ដៅថ្ងៃយ៉ាងណាក៏សម្រស់នៅតែមានភាពស្រស់ស្អាតដដែល។ ជាពិសេសសរសៃសក់របស់កញ្ញា នៅមានសភាពរស់រវើកមិនងាប់នោះឡើយបើទោះជាពេលខ្លះកញ្ញាប្រើប្រាស់ជាមួយនឹងផលិតផលលាបសក់ច្រើនយ៉ាងណាក្ដី។ក្រោមការរៀបរាប់ពីអាថ៌កំបាំងថែរក្សាសម្រស់នេះតូតាបានលើកឡើងថាខ្លួនតែងប្រើប្រាស់ជាមួយផលិតផលដែលជួយការពារស្បែកមុនពេលផាត់មុខជាពិសេសប្រភេទឡេដែលកញ្ញាប្រើជាប្រភេទឡេត្រជាក់ផ្សំឡើងពីផ្លែឈើ។ចំពោះសរសៃសក់វិញគឺកញ្ញាមិនភ្លេចជាមួយនឹងការប្រើជាថ្នាំការពារប្រឆាំនឹងផលិតផលនៃថ្នាំលាបសក់ដើម្បីកុំឲ្យសក់ឆាប់ខួច។វិធីសាស្ត្រដែលជួយឲ្យស្បែកកាន់តែស្អាតតាមបែបធម្មជាតិនោះគឺតូតាតែងឧស្សាហ៍ញុំាផ្លែឈើ និងហាត់ប្រាណជាប្រចាំដើម្បីរក្សារាងឲ្យនៅតែស្លឹមនិងស្រស់ស្អាត។ ជាពិសេសគឺហាត់ប្រាណនេះកញ្ញាយល់ថាអាចកម្ចាត់ជាតិខ្លាញ់និងជាតិពុលឲ្យចេញតាមរន្ធរោមផងដែរ។ អ្វីដែលមិនអាចខ្វះបានមួយទៀតនោះគឺការគេងឲ្យបានគ្រប់គ្រាន់។ កញ្ញាតូតាតែងកំណត់ពេលវេលាគេងរបស់ខ្លួនឲ្យបានទៀងទាត់ដើម្បីរក្សាឲ្យស្បែកមុខមានសភាពតឹងល្អដោយមិនចាំបាច់ទៅធ្វើការម៉ាស្សាតាមបែបវិទ្យាសាស្ត្រនោះទេ៕
ម៉ាកសែនសូនីតាប្រជាប្រិយភាពខ្លាំងលើ២ចំណុច
0 Comments