ភ្នំពេញ ៖ បណ្តាញសេវាទូរស័ព្ទ4G VoLTE ដែលមានល្បឿនលឿនមិនគួរឲ្យជឿ ដោយបោះទុនប្រមាណ៤០០លានដុល្លារ របស់ក្រុមហ៊ុន South East Asia Telecom (Cambodia) Co, Ltd បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការហើយកាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។
ពិធីបើកសម្ពោធបណ្តាញសេវាទូរស័ព្ទ4G VoLTE មានល្បឿនលឿននេះស្ថិតក្រោមអធិបតីភាពលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោក Tan Qingsheng ភារធារីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, លោក Zuo Huazheng ប្រធានក្រុមប្រឹក្សាភិបាលSEATEL GROUP, លោក Han Hanchouនាយកប្រតិបត្តិSEATEL GROUP និងគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងអប់រំយុវជន និងកីឡា ក្រសួងទេសចរណ៍ សភាពាណិជ្ជកម្ម និងក្រុមហ៊ុនធំៗជាច្រើននៅក្នុងកម្ពុជាផងដែរ។
លោក Han Hanchou នាយកប្រតិបត្តិ SEATEL Group បានថ្លែងថា ក្រុមហ៊ុន SEATEL គឺជាក្រុមហ៊ុនដែលផ្តោតសំខាន់ទៅលើការច្នៃប្រឌិតថ្មី និងសេវាកម្ម និងផ្ដួចផ្ដើមនូវទស្សនៈសេវាកម្មមួយផ្តល់“ការសន្ទនា ដែលមានសំឡេងច្បាស់ល្អ ការចំណាយដ៏ត្រឹមត្រូវ និងច្បាស់លាស់” និងចាត់ទុកការពេញចិត្តរបស់អតិថិជនគឺជាកាតព្វកិច្ចដ៏សំខាន់របស់យើង។ លោកបានបន្តថា ក្រៅពីផ្តល់នូវសេវាកម្មទូរគមនាគមន៍មូលដ្ឋានដូចជា សេវាកម្មទូរស័ព្ទ សេវាកម្មអ៊ីនធឺណិត … ក្រុមហ៊ុន SEATEL ក៏មានផ្តល់នូវដំណោះស្រាយសម្រាប់ការគ្រប់គ្រងប្រព័ន្ធព័ត៌មាន ដែលមានសុវត្ថិភាពខ្ពស់ អាចទុកចិត្តបាន និងមានប្រសិទ្ធភាពខ្ពស់ជូនដល់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល និងសហគ្រាសទាំងអស់ ដែលនៅក្នុងព្រះរាជាណាចក្រ កម្ពុជា ដើម្បីផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ “តំបន់មួយ មាគ៌ាមួយ”។
លោកបានបន្ថែមថា ស្របពេលជាមួយគ្នានេះដែរ ក្រមហ៊ុនSEATEL ក៏បានរៀបចំបង្កើតឡើងនូវគេហទំព័រផ្តល់សេវាកម្មពហុវិស័យមួយ ដែលមានឈ្មោះថា “ South East Asia Chamber of Commerce (SEACC)” ជួយបង្កើតគេហទំព័រ ផ្តល់ធនធាន និងសេវាគាំទ្រប្រតិបត្តិការទៅដល់សហគ្រាស និងសភាពាណិជ្ជកម្មដោយឥតគិតកម្រៃ។
លោកបានបញ្ជាក់ថា ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍ពហុវិស័យដែលផ្តល់សេវាកម្មអ៊ីនធឺណិត និងសេវាទូរគមនាគមន៍ចល័ត SEATEL បានអនុវត្តនូវយុទ្ធសាស្ត្របណ្តាអ៊ីនធឺណិតចល័តគ្រប់ជ្រុងជ្រោយ ដែលគ្រោងនឹងធ្វើការបោះទុនវិនិយោគសរុបនៅកម្ពុជាចំនួន ៤០០លានដុល្លារ គិតមកត្រឹមបច្ចុប្បន្ន ក្រុមហ៊ុនបានវិនិយោគអស់ចំនួន ១០០លានដុល្លារ រួចមកហើយ។ បណ្តាញទូរគមនាគមន៍ចល័ត 4G VoLTE100% បានដាក់ឲ្យដំណើរការនៅតាមបណ្តាខេត្ត រាជធានីចំនួន ១៧ រួមមាន ៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ បាត់ដំបង … ជាដើម ហើយគ្រោងនឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជានាពេលអនាគតដ៏ខ្លីខាងមុខ។
លោកTan Qingsheng ភារធារីនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះការដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញទូរគមនាគមន៍ចល័ត 4G VoLTE និងបណ្តាញសេវាទូរស័ព្ទរបស់ក្រុមហ៊ុន SEATEL។ ក្រុមហ៊ុន SEATEL បានប្រើប្រាស់នូវល្បឿនសាងសង់ដ៏មិនគួរឲ្យជឿ ក្នុងរយៈពេលតែ ០១ ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនបានសាងសង់នូវបណ្តាញទូរគមនាគមន៍ចល័ត 4G100% បានសម្រេចដោយមានសេវាគ្របដណ្តប់ទៅលើបណ្តាខេត្ត រាជធានីចំនួន ១៧ មជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលមានទំហំ ៥០០០ម៉ែត្រការ៉េ ព្រមទាំងបើកឲ្យដំណើរការនូវសេវាកម្មបណ្តាញអ៊ីនធឺណិត ដែលលឿន ច្បាស់ និងអស្ចារ្យ។ លោកSong បានបន្តទៀតថា ក្រុមហ៊ុនSEATELគឺជាក្រុមហ៊ុនដែលខិតខំចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសកម្ពុជា និងជាក្រុមហ៊ុនដំបូងគេដែលអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ “តំបន់មួយ មាគ៌ាមួយ”។
ថ្លែងនៅក្នុងពិធីសម្ពោធនាឱកាសនោះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញសេវាទូរស័ព្ទរបស់ក្រុមហ៊ុន SEATEL។ លោករដ្ឋមន្ត្រីក៏បានថ្លែងបន្តទៀតថា « ក្រុមហ៊ុន SEATEL បានប្រើប្រាស់នូវបច្ចេកវិទ្យាទូរគមនាគមន៍ចល័ត 4G VoLTE100% ដែលជាបច្ចេកវិទ្យាទំនើបបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន និងគឺជាបណ្តាញទូរគមនាគមន៍ដែលមានលក្ខណៈពាណិជ្ជកម្មលើពិភពលោកដំបូងគេដែលប្រើប្រាស់ប្រព័ន្ធ 4G100%។ កត្តាទាំងអស់នេះបានធ្វើឲ្យប្រទេសកម្ពុជាឈានចូលទៅក្នុងចំណោមនៃបណ្ដាប្រទេស ដែលមានបច្ចេកវិទ្យាទូរគមនាគមន៍រីកចម្រើនលើពិភពលោក»។ លោករដ្ឋមន្ត្រីក៏បានសម្តែងនូវការថ្លែងអំណរគុណចំពោះក្រុមហ៊ុន SEATELដែលបានខិតខំជួយជំរុញឲ្យបច្ចេកវិទ្យាវិស័យព័ត៌មានរបស់ប្រទេសកម្ពុជាមានការរីកចម្រើន។ ស្របពេលជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះក្រុមហ៊ុនSEATEL ដែលបានបំពេញការងារសង្គម មនុស្សធម៌ និងវិនិយោគយ៉ាងច្រើនទៅលើវិស័យអប់រំជាដើម៕
បណ្ដាញសេវាទូរស័ព្ទ4G VoLTEប្រើប្រាស់ទុន៤០០លានដុល្លារបានបើកសម្ពោធជាផ្លូវការ
0 Comments