ភ្នំពេញ ៖ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ លោកហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានដឹកនាំក្រុមវេជ្ជបណ្ឌិតនិង និស្សិតពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោសហការជាមួយ Athena Foundation Cambodia ចុះព្យាបាល ជំងឺមាត់ធ្មេញ ជំងឺភ្នែក ដល់កុមារ បុគ្គលិកនិងប្រជាពលរដ្ឋបានជាង៣០០នាក់នៅអង្គការមូលនិធិកុមារកម្ពុជា (CCF) ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។
លោកហ៊ុន ម៉ាណែតបានផ្តល់នូវការស្រឡាញ់ កុមារទាំងនេះដូចជាកូនរបស់យើង ដែលពួកគេត្រូវការ អាហារ ការថែទាំសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ការយកចិត្តទុកដាក់ចំពោះការសិក្សារបស់ពួកគេ។ ដូច្នេះការចុះព្យាបាលជំងឺភ្នែក និងជំងឺធ្មេញជូនពួកគេដោយឥតគិតថ្លៃនាពេលនេះគឺការយកចិត្តទុកដាក់ចំពោះសុខភាព និងការផ្តល់កក់ក្តៅចំពោះពួកគេ។
ប្អូនៗកុមារនៅក្នុងអង្គការមូលនិធិកុមារកម្ពុជា (CCF)បានបង្ហាញអារម្មណ៍សប្បាយរីករាយដោយពួកគេទទួលបានភាពកក់ក្តៅ និងការយកចិត្តទុកដាក់ចំពោះការថែទាំសុខភាព និងការសិក្សារបស់ពួកគេ។ សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោសហការជាមួយ Athena Foundation Cambodia ចុះព្យាបាល ជំងឺមាត់ធ្មេញ ជំងឺភ្នែក ដល់កុមារ បុគ្គលិក និងប្រជាពលរដ្ឋបានជាង៣០០នាក់នៅអង្គការមូលនិធិកុមារកម្ពុជា (CCF)។ នាពេលកន្លងមកលោក ហ៊ុន ម៉ាណែតនិងលោកជំទាវតែងតែបានគិតគូរពីសុខទុក្ខនិងតម្រូវការផ្សេងៗរបស់កុមារនៅក្នុងអង្គការនេះដោយបានផ្តល់នូវសំលៀកបំពាក់ សម្ភារៈ សិក្សា និងអំណោយផ្សេងៗដល់ក្មួយៗកុមារដើម្បីឲ្យពួកគេមានសេចក្តីសង្ឃឹម និងភាពកក់ក្តៅក្នុងការកសាងអនាគតដ៏ប្រសើរ។ ជាក់ស្តែងថ្ងៃនេះ លោក ហ៊ុន ម៉ាណែតនិងលោកជំទាវបានឧបត្ថម្ភសម្ភារៈសំអាតធ្មេញនិង ទឹកផ្លែឈើចំនួន៣០០ កេសជូនដល់អង្គការមូលនិធិកុមារកម្ពុជា (CCF)ផងដែរ៕
លោកហ៊ុន ម៉ាណែតបានផ្តល់នូវការស្រឡាញ់ជូនដល់កុមារ និងចាស់ៗនៅអង្គការ(CCF)
0 Comments