ភ្នំពេញ ៖ នៅម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥នេះ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមតំណាងរាជរដ្ឋាភិបាល និងក្នុងនាមប្រធានចលនាយុវជនកម្ពុជាទូទាំងប្រទេស និងក្នុងនាមប្រធានសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍទូទាំងប្រទេសកម្ពុជាបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវចែម សាវ៉ៃ អតីតសមាជិកសភា និងជាតំណាងរាស្ត្រមណ្ឌលកំពង់ចាម ដែលបានទទួលមរណភាពកាលពីវេលាម៉ោង១និង៣៥នាទីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ដោយរោគាពាធ។
នៅក្នុងការចូលរួមរំលែកទុក្ខសពលោកជំទាវ ចែម សាវ៉ៃ នោះ លោកជំទាវឧបនាយករដ្ឋមន្ត្រីបានដឹកនាំប្រតិភូអមដំណើរក្នុងនោះមានលោកហ៊ុន ម៉ានី លោកហ៊ុន ម៉ានិត រួមនឹងឧបនាយករដ្ឋមន្ត្រីយឹម ឆៃលីផងដែរ។
លោកជំទាវឧបនាយករដ្ឋមន្ត្រីក៏បានធ្វើការបួងសួងសូមឲ្យវិញ្ញាណក្ខន្ធលោកជំទាវ ចែម សាវ៉ៃ ទៅកាន់សុគតិភព ហើយថា ការបាត់បង់រូបជំទាវ គឺជាការបាត់បង់ឥស្សរជនឆ្នើមមួយរូប ដែលលោកជំទាវតែងតែបំពេញការងារ និងភារកិច្ចជូនជាតិមាតុភូមិ ជួយប្រជាពលរដ្ឋគ្រប់ពេលវេលា។ ជាពិសេសលោកជំទាវបានចុះផ្ទាល់សួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តកំពង់ចាម យ៉ាងយកចិត្តទុកដាក់ ដោយអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ លោកជំទាវមានប្រវត្តិក្នុងការតស៊ូរំដោះជាតិមាតុភូមិ និងចូលរួមចលនាជាច្រើនជាមួយរដ្ឋាភិបាលរហូតដល់មានដូចសព្វថ្ងៃនេះ៕
លោកជំទាវម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកជំទាវចែម សាវ៉ៃ
0 Comments