ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ បានឃាត់ខ្លួនមនុស្សប្រុស/ស្រីចំនួន៩នាក់នៅចំណុចភូមិគោឃ្លាង ក្រុម១១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធការលេងល្បែង និងបើកល្បែងស៊ីសងខុសច្បាប់។ ក្រោយការសាកសួរ សមត្ថកិច្ចបានសម្រេចដោះលែងមនុស្ស៨នាក់ឲ្យមានសេរីភាពឡើងវិញ ពោលគឺបញ្ជូនមកតុលាការតែម្នាក់ប៉ុណ្ណោះ។
ប្រភពព័ត៌មានថ្លែងថា មនុស្សម្នាក់ដែលបានបញ្ជូនមកតុលាការមានឈ្មោះ កុយ រដ្ឋា ភេទប្រុស អាយុ៤៩ឆ្នាំ ជាម្ចាស់ផ្ទះបើកល្បែងស៊ីសងនេះ មុខរបរជាមន្ត្រីយោធា និងត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ពីបទបើកល្បែងស៊ីសងខុសច្បាប់។
ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចរឹបអូសវត្ថុតាងមួយចំនួនរួមមាន បៀរនីឡុង៥ហ៊ូ លុយខ្មែរជាង៣លាន និងប្រាក់៣១ដុល្លារទុកជាវត្ថុតាង។ មនុស្ស៨នាក់ដែលសមត្ថកិច្ចដោះលែងមាន ទី១-ឈ្មោះ ចាន់ សុខហេង អាយុ៩ឆ្នាំ។ ទី២- ឈ្មោះ សន ចាន់រី អាយុ៣៣ឆ្នាំ។ ទី៣-ឈ្មោះ សួស សុគន្ឋា អាយុ៣៥ឆ្នាំ។ ទី៤-ឈ្មោះ សំ ផៃ អាយុ៤៦ឆ្នាំ។ ទី៥-ឈ្មោះ ជេត ម៉ារ៉ា អាយុ៤៥ឆ្នាំ។ ទី៦-ឈ្មោះ ឡោ ផាន់ណារ៉ អាយុ១៩ឆ្នាំ។ ទី៧-ឈ្មោះ ងួន ស៊ីណាត អាយុ៤០ឆ្នាំ និងទី៨-ឈ្មោះ ចាន់ ថា អាយុ១៨ឆ្នាំ៕
ចាប់បាន៩នាក់ តែបញ្ជូនមកតុលាការតែម្នាក់ប៉ុណ្ណោះ ករណីបង្ក្រាបល្បែងនៅខណ្ឌសែនសុខ
0 Comments