កណ្ដាល ៖ លោក សាយ សម្ផស្សេសេរី ចៅក្រមជំនុំជម្រះសំណុំរឿងលួចព្រះបរមសារីរិកធាតុ កាល ពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ បានធ្វើការប្រកាសសាលក្រមសម្រេចធ្វើការផ្ដន្ទាទោសជាប់ចោទ៦នាក់លួចព្រះសារីរិកធាតុ ក្នុងនោះមានជនជាប់ចោទ៥នាក់ ជាប់ទោស៧ឆ្នាំ និងពិន័យជាប្រាក់៨លានរៀលស្មើៗគ្នា និងម្នាក់ទៀតមិនមានទោសត្រូវដោះលែងក្នុងថ្ងៃប្រកាស។
ជនជាប់ចោទដែលត្រូវបានដោះលែងមានឈ្មោះ កាន់ សុភ័ក្រ អាយុ៣៨ឆ្នាំ។ ចំណែក៥នាក់ផ្សេងទៀតមាន ១-ឈ្មោះ ផា សុខែម អាយុ៦១ឆ្នាំ ជាប្រធានឆ្មាំ។ ២-ឈ្មោះ កា សាត អាយុ៤៧ឆ្នាំ, ៣-ឈ្មោះ ស៊ាង សារិន អាយុ៥០ឆ្នាំ,៤-ឈ្មោះ ថៃ ជា និង៥-ឈ្មោះ កែវ រស្មី ។ ៦-ឈ្មោះ ផា សុខែមពុំមានវត្តមានក្នុងពេលប្រកាសសាលក្រមផ្ដន្ទាទោសនេះទេ ដោយលោកមានជំងឺជាទម្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកម្ពុជា-សូវៀត។
ក្នុងពេលសវនាការ ជនជាប់ចោទ៥នាក់ជាឆ្មាំយាមព្រះសក្យមុនីចេតិយ គឺមាន ១-ឈ្មោះ ផា សុខែម អាយុ៦១ឆ្នាំ ជាប្រធានឆ្មាំ។ ២-ឈ្មោះ កា សាត អាយុ៤៧ឆ្នាំ, ៣-ឈ្មោះ ស៊ាង សារិន អាយុ៥០ឆ្នាំ, ៤-ឈ្មោះ ថៃ ជា និងកាន់ សុភ័ក្រ បានបដិសេធថា ខ្លួនពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ ចំណែកឈ្មោះ កែវ រស្មី ជាជនដៃដល់ធ្វើសកម្មភាពលួចព្រះបរមសារីរិកធាតុ បានសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន ហើយធ្វើសកម្មភាពតែម្នាក់ឯងប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងការសម្រេចនេះ លោកព្រះរាជអាជ្ញារង សំម ឫទ្ធីវាសនា ជាតំណាងអយ្យការក្នុងពេលសវនាការថ្លែងថា លោកអាចទទួលយកបានចំពោះការសម្រេចនេះ។
ប៉ុន្តែលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលថ្លែងថា លោកនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ ដោយមិនពេញចិត្តចំពោះការផ្ដន្ទាទោសនេះឡើយ ពោលគឺជនដៃដល់ដែលធ្វើសកម្មភាពលួចព្រះបរមសារីរិកធាតុ ជាទ្រព្យមហាសាលរបស់ជាតិ ត្រូវបានផ្ដន្ទាទោសក្នុងកម្រិតស្រាល រីឯឆ្មាំ៥នាក់ដែលនៅមានវិមតិសង្ស័យ ត្រូវបានផ្ដន្ទាទោសក្នុងកម្រិតដូចគ្នានឹងជនដៃដល់ដែរ។ ដោយឡែកការសម្រេចឲ្យឈ្មោះ កាន់ សុភ័ក្ត្រ រួចផុតពីការចោទប្រកាន់លោកមិនប្តឹងឧទ្ធរណ៍នោះទេ។ ជនជាប់ចោទឆ្មាំយាមព្រះសក្យមុនីចេតិយ៥នាក់ ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ និងត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល លោក លឹម សុគន្ថា ឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន កាលពីរសៀលថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៣ ពីបទលួចមានស្ថានទម្ងន់ទោស។
សូមរំលឹកថា កោដ្ឋមាសសម្រាប់តម្កល់ព្រះបរមសារីរិកធាតុរបស់ព្រះពុទ្ធនេះ គឺជាអំណោយរបស់ប្រទេសស្រីលង្កាថ្វាយដល់ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះឧបយុវរាជ កាលពីឆ្នាំ១៩៥៧។ ក្នុងសំណុំរឿងនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត គឺម្នាក់ជាអ្នកចូលលួច និងម្នាក់ទៀតជាអ្នកទទួលទិញ។ ឈ្មោះ កែវ រស្មី ជាជនដៃដល់ធ្វើសកម្មភាពលួចព្រះបរមសារីរិកធាតុ និងស្ត្រីម្នាក់ទៀតឈ្មោះ សៀក សារ៉េត ជាអ្នកទទួលទិញព្រះបរមសារីរិកធាតុ ធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោស២ឆ្នាំ៦ខែ៕
ចោរលួចព្រះសារីរិកធាតុ៥នាក់ជាប់គុក៧ឆ្នាំ ឯម្នាក់ទៀតត្រូវដោះលែង
0 Comments