កំពង់ចាម ៖ បក្សពួកចោរប្លន់ម្នាក់ដែលបានរត់គេចខ្លួនអស់រយៈពេល១៥ឆ្នាំកន្លងមកហើយនោះ ត្រូវបានកម្លាំងស្នងការនគរបាលខេត្តកំពង់ចាមធ្វើការតាមប្រមាញ់រហូតចាប់ខ្លួនបាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ និងបញ្ជូនទៅសាលាដំបូងកាលពីថ្ងៃទី២៧សីហា ដើម្បីចាត់ការតាមផ្លូវច្បាប់។
លោក ចាន់ ហោ នាយរងការិយាល័យកណ្តាលនគរបាលយុត្តិធម៌ខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងអំឡុងឆ្នាំ២០០០ ដល់២០០៩ ក្រុមចោរប្លន់ប្រដាប់អាវុធ១ក្រុម តែងតែធ្វើសកម្មភាពប្លន់ និងបាញ់សម្លាប់ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិនៅតាមបណ្ដាខេត្តមួយចំនួន ជាពិសេសនៅខេត្តកំពង់ចាម។ ក្នុងក្រុមនោះមានមេខ្លោងម្នាក់ឈ្មោះ សៅ សាយ ដែលត្រូវសមត្ថកិច្ចកម្ទេចនៅស្រុកពញាក្រែក ដោយបានបាញ់សម្លាប់ និងធ្វើឲ្យឆេះផ្ទះ។ នៅពេលបន្តបន្ទាប់មកទៀត សមត្ថកិច្ចក៏បានបញ្ជូនសំណុំរឿង និងសុំដីកាតាមចាប់បក្សពួកសេសសល់ដែលរត់គេចយកទៅដាក់ពន្ធនាគារ។ដោយឡែក បក្សពួកចោរប្លន់ម្នាក់ឈ្មោះ ផន ភា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅនៅភូមិយាកត្បូងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជាកូនចៅរបស់មេខ្លោង សៅ សាយ បានរត់គេចខ្លួនចេញពីមូលដ្ឋានដើម្បីបំភាន់ភ្នែកសមត្ថកិច្ច ដោយខំដូរឈ្មោះជាញឹកញាប់ និងដូរកន្លែងមួយ ទៅកន្លែងមួយទៀត រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ សមត្ថកិច្ចក៏ស្រាវជ្រាវរកឃើញឈ្មោះ ផន ភា កំពុងសំងំលាក់ខ្លួននៅភូមិក្រូច ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោក ចាន់ ហោ បានបន្តថា ពេលនោះសមត្ថកិច្ចក៏អនុវត្តន៍ដីកាបង្គាប់ខ្លួនលេខ150 ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ចេញដោយចៅក្រមស៊ើបអង្កេតលោក ញាណ សុវណ្ណ ដោយចោទប្រកាន់ពីបទប្លន់ប្រព្រឹត្តនៅភូមិត្រាចជ្រុំ ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែកក្កដាឆ្នាំ២០០៩៕
គេចខ្លួនអស់១៥ឆ្នាំ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់តាមដីកាពីបទប្លន់
0 Comments