Ad Code

រដ្ឋមន្ត្រី​ការងារ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​បង្កើន​កូតា​ជ្រើសរើស​ពលករ​កម្ពុជា​បន្ថែម

ភ្នំពេញ ៖ លោក​អ៊ិត សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​ជួយ​បង្កើន​កូតា​ក្នុង​ការ​ជ្រើសរើស​ពលករ​ពី​កម្ពុជា ក៏ដូចជា​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​គាំទ្រ ការពារ​សិទ្ធ​ផលប្រយោជន៍​ពលករ​ក​ម្ពុ​ជា។


ក្រៅពី​នេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឲ្យ​កូរ៉េ​បន្ត​រៀបចំ​ការ ប្រឡង​ជ្រើសរើស​ពលករ​តាម​ប្រព័ន្ធ​EPS​ផង​ដែរ ព្រោះ​វា​មាន​តម្លាភាព​អាច​ទទួលយកបាន។


ការ​ស្នើសុំ​នេះ​បាន​ធ្វើឡើង​ខណៈ​ដែល​លោក​បាន​អនុញ្ញាត​ឲ្យ លោក​Song Joung Jung​អតីត​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណៈ​កូរ៉េ​ចូល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៥ នៅ​ទីស្តីការ​ក្រសួង។


នៅក្នុង​ជំនួប​នោះ លោក​អ៊ិត សំហេង​បាន​ជម្រាប​ជូន​អំពី​ដំណើរការ​នៃ​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ដេរ​ស្បែកជើង នៅ​កម្ពុជា​។ លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “ខ្ញុំ​បាន​រៀនសូត្រ​ពី​បទ​ពិសោធន៍​ការកំណត់​ប្រាក់​ឈ្នួល​ពី​សាធារណរដ្ឋ​កូរ៉េ កាលពី​ដំណើរ​ទស្សនៈ​កិច្ចការងារ​របស់ខ្ញុំ​ពី​ពេល​កន្លង​មក និង​បាន​យក​មក​អនុវត្ត​នៅ​កម្ពុជា ឃើញថា មាន​ភាព​ជោគជ័យ​ខ្លាំង​ណាស់”។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ការកំណត់​ប្រាក់​ឈ្នួល​នៅ​កម្ពុជា​មាន​លក្ខណៈ​ជា​ត្រីភាគី​លោក​ហើយ​យើង​បើកទូលាយ​ឲ្យ​គ្រប់​ភាគី​លើកយក​រូបមន្ត​សមស្រប​ណាមួយ​ផ្អែកលើ​លក្ខណៈ​វិទ្យាសាស្ត្រ​មក​ពិភាក្សា ជៀសវាង​ការ​ទាមទារ​ដោយ​មិន​មាន​មូលដ្ឋានគ្រឹះ​ច្បាស់លាស់​ហើយ បច្ចុប្បន្ន កម្ពុជា​កំពុង​ដំណើរការ​កំណត់​ប្រាក់​ឈ្នួល​សម្រាប់​ឆ្នាំ​២០១៦​។


លោក​រដ្ឋមន្ត្រី​បន្ថែម​ថា ក្រសួង​នឹង​បន្ត​សហការ​ជាមួយ​គ្រប់​ដៃគូ​ពាក់ព័ន្ធ ពិសេស​អង្គការ​អន្តរជាតិ​ខាង​វិស័យ​ការងារ (ILO) ដើម្បី​ជួយ​ជា​បច្ចេកទេស​ដល់​ដំណើរការ​នៃ​ការកំណត់​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៦​នេះ។


លោក​អ៊ិត សំហេង បន្ត​ជម្រាប​ជូន​ភ្ញៀវ​ថា ក្រសួង​ក៏​កំពុង​ពង្រឹង និង​បង្កើន​សមត្ថភាព​ក្នុង​ការធ្វើ​អធិការកិច្ច​ការងារ​តាម​បណ្តា​ក្រុមហ៊ុន រោងចក្រ សហគ្រាស និង​គ្រឹះ​សា្ថន​នានា​ដោយ ក្រសួង​បានធ្វើ​កំណែទម្រង់​បង្កើត​ឲ្យ​មាន​ក្រុម​អធិការកិច្ច​ពិសេស​តែមួយ​ចុះ​ធ្វើ​អធិការកិច្ច​ការងារ​លើ​គ្រប់​ផ្នែក​ក្នុង​ពេល​តែមួយ ដើម្បី​ជៀសវាង​ការចុះ​ធ្វើ​អធិការកិច្ច​ជាន់គ្នា និង​ការបង្ករ​ផល​រំខាន​ដល់​ក្រុមហ៊ុន។


លោក អ៊ិត សំហេង ក៏បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​កូរ៉េ និង​មូលនិធិ​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ចំពោះ​ការ​ផ្តល់​ឱកាស​ការងារ និង​ការ​គាំពារ​ដល់​ពល​កម្មករ​កម្ពុជា កំពុងធ្វើការ និង​ស្នាក់នៅ​ប្រទេស​កូរ៉េ​។


លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ផង​ដែរ​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ​មាន​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​សាធារណរដ្ឋ​កូរ៉េ មាន​ចំនួន​ប្រហែល ៤​ម៉ឺន​នាក់។


លោក Song Joung Jung​អតីត​ប្រធាន​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​នៃ​សាធារណៈ​កូរ៉េ​បាន​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់ ការកំណត់​ប្រាក់​ឈ្នួល​ត្រឹមត្រូវ ដែល​មិន​ធ្វើ​ឲ្យប៉ះពាល់​ដល់​ជីវភាព​កម្មករ និង​ដំណើរការ​វិនិយោគ​របស់​និយោជក នឹង​ជួយ​ដល់​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​មាន​ភាព​រីកចម្រើន​ជឿនលឿន។


ទោះ​ជា​មាន​បញ្ហា​កើតឡើង​បន្តិច​ប​ន្តួច​ចំពោះ​ដំណើរការ​កំណត់​ប្រាក់​ឈ្នួល​នៅ​កម្ពុជា​កាលពីពេល​កន្លងមក តែ​លោក​យល់​ឃើញ​ថា “ក្រោម​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជំនួយ​បច្ចេកទេស​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ កម្ពុជា​ពិតជា​មានការ​ជោគជ័យ​ក្នុង​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត ក្នុង​ផ្នែក​វាយនភ័ណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ដេរ​ស្បែកជើង ហើយ​លោក​ជឿជាក់​ថា សម្រាប់​ការកំណត់​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៦​នេះ កម្ពុជា​មុខជា​ទទួល​បាន​ភាពជោគជ័យ​ផងដែរ”។


សម្រាប់​ការ​ធ្វើ​អធិការកិច្ច​ការងារ លោក​Song Joung Jung ប្រធាន​គណៈប្រតិភូ ទទួល​ស្គាល់​ថា​ពិតជា​មានការ​លំបាក ដោយសារ​ខ្វះ​ការ​សហការ​ពី​និយោជក។


លោក បន្ត​ថា​ពលករ​កម្ពុជា​ធ្វើការ​នៅ​កូរ៉េ​ទទួល​បាន​ការ​កោតសរសើ​រថា​ពូកែ​អត់ធ្មត់ ស្មោះត្រង់​នឹង​ការងារ ហើយ​ចំពោះ​ស្ថិតិ​ពលករ​កម្ពុជា​ខុសច្បាប់​ធ្វើការ​នៅ​កូរ៉េ ក៏​មាន​ចំនួន​តិចជាងគេ​ផង​ដែរ។


ពាក់ព័ន្ធ​នឹង​ការ​ស្នើសុំ​របស់​លោក​រដ្ឋ​មន្ត្រី​លោក​Song Joung Jung បាន​សន្យា​ថា នឹង​នាំ​យក​សំណើ និង​លទ្ធផល​នៃ​ជំនួប​ក្នុងថ្ងៃនេះ ទៅ​ជម្រាប​ជូន រដ្ឋមន្ត្រីក្រសួង​ការងារ និង​មុខរបរ​នៃ​សាធារណរដ្ឋ​កូរ៉េ។


សំរាប់​ឆ្នាំ​២០១៦​ភាគី​កូរ៉េ​បាន​សម្រេច​ជ្រើសរើស​ពលករ​កម្ពុជា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ប្រមាណ​៥៧០០​នាក់​កើន​ជាង​ឆ្នាំ​២០១៥​នេះ​ដែល​ត្រូវការ​ពលករ​តែ​ប្រមាណ​៤០០០​នាក់​ប៉ុណ្ណោះ៕


T-08-18-15-rr-full


T-08-18-15-r-full



រដ្ឋមន្ត្រី​ការងារ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​បង្កើន​កូតា​ជ្រើសរើស​ពលករ​កម្ពុជា​បន្ថែម

Post a Comment

0 Comments

Close Menu