ភ្នំពេញ ៖ នេះជាការបញ្ជាក់របស់លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា នៅក្នុងសន្និសីទសារព័មានកាលពីរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដោយបានថ្លែងថា មកដល់ពេលនេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅតែបន្តញុះញង់ឲ្យមានការភ័ន្តច្រឡំលើបញ្ហាផែនទី ដែលរារដ្ឋាភិបាលយកទៅប្រើប្រាស់សំរាប់ការកំណត់ព្រំដែនជាមួយប្រទេសជិតខាង។
លោក វ៉ា គឹមហុង ថ្លែងថា លោកមិនចង់ធ្វើសន្និសីទនេះទេ តែមកដល់ពេលនេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្ស សង្គ្រោជាតិ បានវាយប្រហារ យ៉ាងខ្លាំង ថាលោកបានកុហក បោកប្រាស់លើបញ្ហាផែនទីនេះ។ តែលោកមិនដែលបានកុហក មិនដែលលាក់លៀមអីទេ។ លោកបញ្ជាក់ថា ការចោទបែបនេះ វាគ្រោះថ្នាក់ណាស់។
លោក វ៉ា គឹមហុងថ្លែងយ៉ាងនេះថា “ពីសហរដ្ឋអាមេរិក លោកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានចោទធ្ងន់ៗណាស់មកលើខ្ញុំ ទាក់ទងបញ្ហាផែនទី ហេតុនេះដែលខ្ញុំធ្វើសន្និសីទ ដើម្បីបង្ហាញឲ្យសាធារណមតិជាតោអន្តរជាតិ បានដឹងពីបញ្ហានេះ ថាតើការពិតនៅត្រង់ណា ហើយបញ្ហាមួយទៀតយើងមានបញ្ហាព្រួយបារម្ភ បើទោះជាគាត់ទៅសហរដ្ឋអាមេរិកក៏ដោយ គាត់នៅតែធ្វើការញុះញង់បំផុសបំផុលមតិជាតិ និងអន្តរជាតិឲ្យកើតមានការសង្ស័យពីការ ដែលរាជរដ្ឋាភិបាលយើងក្នុងការវាស់វែង ឬកំណត់ព្រំដែនជាមួយប្រទេសជិតខាង”។
លោក វ៉ា គឹមហុង អះអាងថា “អ្វីដែលយើងបានធ្វើ គឺបានដឹងទាំងអស់គ្នាហើយ ថាត្រឹមត្រូវ ឬមិនមត្រូវ ដូច្នេះការដែលតំណាងរាស្ត្ររូបនោះនៅតែបន្តថា លើកឡើងឲ្យមតិជាតិ និងអន្តរជាតិ លែងទុកចិត្តលើរាជរដ្ឋាភិបាលនេះ ដែលនេះអំពើមួយដែលខ្ញុំមិននិយាយដូចសម្តេចលោកបានលើកឡើងថា ក្បត់ជាតិនោះទេ ប៉ុន្តែបញ្ហានេះ វាមានសារសំខាន់ ពីព្រោះនៅពេលយើងយកផែនទីមិនត្រឹមត្រូវ វាធ្វើឲ្យបាត់បង់ទឹកដីរបស់យើង ហើយក៍វាចូលចំណុចក្បត់ជាតិដែរ ដូច្នេះយើងជាគណៈកម្មាធិការព្រំដែន យើងមានការទទួលខុសត្រូវទាំងអស់គ្នា”។
តាមលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានអះអាងថា ផែនទីដែលយកមកប្រើប្រាស់នេះ យកបានតាំងពីឆ្នាំ២០០២ ឬ២០០៣ ម្លេះ ហើយបានបង្ហាញទាំងអស់អត់មានការលាក់លៀមអីទេ ដូចសម្តេចប្រាប់ហើយថា អ្វីដែលយើងធ្វើ គឺតម្លាភាព ហើយក៍បានចែកចាយ និងឲ្យរាជបណ្ឌិតសភាយកទៅផ្ទៀងផ្ទាត់ទៀតផង។ លោកបញ្ជាក់ថា “ផែនទីណា ដែលយើងយកមកប្រើប្រាស់យើងប្រាប់ប្រជាពលរដ្ឋ តាមរយៈអ្នកសារព័ត៌មាន ដែលមានតួនាទីផ្សព្វផ្សាយ។ ដូច្នេះគ្មានអ្វីប្លែកទេ ហើយប៉ុន្មានថ្ងៃមុននេះ បែរជាថា រកឃើញនៅបណ្ណាល័យអាមេរិក អីក៏ពូកែម្ល៉េះ។ យើងធ្វើអស់ប៉ុណ្ណឹងហើយ មានតំណាងគណបក្សសង្គ្រោះជាតិ តំណាងហ៊្វុនស៊ិនប៉ិច និងតំណាងផ្សេងៗទៀត ក៏បានចូលរួម ហើយបើមិនជឿទៀត មិនដឹងធ្វើម៉េចទេ ហើយបើមិនជឿលើផែនទីរបស់អង្គការសហប្រជាជាតិ ក៍ដូចជាមើលងាយដែរ”។
លោកទេសរដ្ឋមន្ត្រីបានអះអាងថា នៅបណ្ណាល័យនោះ មិនមែនផ្សារត្រីចេះតែចេញចូលស្រេចតែចិត្តនោះទេ លោកធ្លាប់បានទៅរកហើយ សូម្បីតែខ្មៅដៃក៏គេមិនឲ្យយកចូលដែរ អ្វីៗគេបានរៀបចំនៅកន្លែងគេទាំងអស់ ហើយនៅពេលទៅរកនៅអង្គការសហប្រជាជាតិ រកអត់ឃើញ ក៏បន្តទៅរកនៅសហរដ្ឋអាមេរិក។ នៅពេលនោះយើងរកបានកូពីទុករហូតមកតាំងពីឆ្នាំ២០០២ ហើយនៅពេលមានកិច្ចប្រជុំផ្សេងៗ ក៏បាននិយាយដែរថា យើងមានផែនទីទាំងអស់នោះ តែមិនមែនផែនទីបានពីយូអិនទេ ពីព្រោះសម្តេចតាតែងតែបានបញ្ជាក់ថា បានយកទៅដាក់នៅយូអិន។
លោកបញ្ជាក់ទៀតថា “ផែនទីដែលយើងបើកកាលពីថ្ងៃមុននោះវាដូចគ្នាទាំងអស់ យើងបានឲ្យទៅអាមេរិក ឲ្យទៅថៃ វៀតណាម អង់គ្លេស បារាំង តែខ្ញុំចាំមិនអស់ ហើយយើងបានឲ្យនៅខែមីនា ឆ្នាំ១៩៦៤ ហើយអ្វីដែលខ្ញុំហ៊ានអះអាង ពីព្រោះផែនទីនេះខ្ញុំធ្វើមួយយប់នៅនាយកដ្ឋានផែនទីភូមិសាស្ត្រខ្មែរ ខ្ញុំអត់ធ្វើទេ តែទៅមើលគេមួយយប់ទាល់ភ្លឺ ជាមួយលោកចាន់ យូរ៉ាន់ ជារដ្ឋលេខាធិការ ជាចាងហ្វាងនយោបាយនៅក្រសួងការបរទេស ហើយខ្ញុំប្រធានការិយាល័យនយោបាយក្រសួងការបរទេសឆ្នាំ១៩៦៣ បានប្រគល់ឲ្យទូតថៃ វៀតណាម អាមេរិក បារាំង តែរឿងបញ្ជូនឲ្យអង្គការសហប្រជាជាតិ ខ្ញុំមិនចាំដែរ ពីព្រោះខ្ញុំគ្រាន់តែជាប្រធានការិយាល័យនយោបាយប៉ុណ្ណោះ”។
តាមលោក វ៉ា គឹមហុង អះអាងថា “ការប្រគល់ពីមួយទៅមួយមានបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទ។ តែរឿងដាក់នៅអង្គការសហប្រជាតិ ដែលព្រះករុណាតែងតែមានព្រះរាជបន្ទូលនោះ ខ្ញុំជំរាបដោយត្រង់ទៅ ខ្ញុំនៅក្រសួងក្រសួងបរទេស មិនបានចាំទេ មិនដឹងដាក់តាមណាទេ ហើយនៅខែកក្កដា ឆ្នាំ១៩៦៤ ខ្ញុំបានទៅញូវយ៉កនៅជាមួយលោក ហួត សម្បត្តិ រហូតឆ្នាំ១៩៦៥ តែបញ្ជូនទៅរបៀបម៉េច ខ្ញុំអត់ដឹងទេ នេះខ្ញុំនិយាយត្រង់តែម្តង មិនដូចអ្នកខ្លះទើបតែថ្មីៗនេះខំក្អេងក្អាង បើមិនច្បាស់យើងសួរគ្នាទៅ ខ្មែរនិងខ្មែរដូចគ្នា ចាំបាច់ចោទភូតកុហកធ្វើអី វាអាក្រក់ស្តាប់ណាស់ ហើយការប្រើពាក្យបែបនេះ មិនមែនជាតំណាងប្រជារាស្ត្រទេ”។
ទោះជាយ៉ាងណាតាមលោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានអះអាងថា បើទោះជារារដ្ឋាភិបាលធ្វើយ៉ាងណា ក៏នៅតែចោទដែរ ហើយអ្វីដែលខ្លាំងទៅទៀតនោះ គឺការញុះញង់ ហើយការញុះញង់នេះ វាគ្រោះថ្នាក់បំផុតចំពោះស្ថេរភាពរបស់ប្រទេស ហើយញុះញង់នេះតាមរយៈសរសេរអក្សរជាលាយលក្ខណ៍អក្សរទៅសម្តេចនាយកតាមរយៈប្រធានរដ្ឋសភា គឺសម្តេច ហេង សំរិន ថាភូមិរបស់សម្តេចវៀតណាមទុកឲ្យដោយសារតែមានគុណចំពោះវៀតណាម ដែលបានអនុញ្ញាតិឲ្យវៀតណាមបានចូលមកកម្ពុជាជាដើម។ កាចោទនេះខ្លាំងណាស់ តែសម្តេចមិនដែលថាអីទេ។
ទាក់ទងដល់សំណួរថា តើនឹងត្រូវចាត់វិធានការយ៉ាងណា ចំពោះសកម្មភាពរបស់លោក អ៊ុំ សំអាន តំណារាស្ត្រគណបក្សសង្គ្រោះជាតិនោះ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង នោះជាការងាររបស់រដ្ឋាភិបាល លោកមិនដឹងទេ។ លោកបញ្ជាក់ថា យើងរង់ចាំតែផែនទីមកពីបារាំងថែមទៀត ដែលអាចនឹងមកដល់នៅសប្តាហ៍ក្រោយ ហើយនៅពេលមកដល់យើងធ្វើដូចគ្នាទៅនិងអ្វី ដែលយើងបានធ្វើកន្លងមក៕
លោក វ៉ា គឹមហុងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិកំពុងតែបន្តញុះញង់លើបញ្ហាផែនទី
0 Comments