Ad Code

ក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពជាមួយឡាវ នៅម៉ោង ៥ ល្ងាចថ្ងៃសៅរិ៍នេះលើទឹកដីប្រទេសថៃ

បន្ទាប់ពី​ប្រកួត​ស្មើគ្នា​ជាមួយ​ក្រុម​ក្នុង​លី​ក​កំពូល​របស់​ថៃ កាលពីពេលថ្មីៗ នេះ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម​ជម្រើសជាតិ​ឡាវ ម្ដង​នៅវេលា​ម៉ោង ៥ ល្ងាច​ថ្ងៃ​សៅ​រិ៍ ទី ២៩ខែ សីហា ឆ្នាំ ២០១៥ នេះ​លើ​ទីលាន​កីឡដ្ឋាន Rajamangala Stadium នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។


មុន​ជួបគ្នា​នេះ​ក្រុម​កម្ពុជា បាន​ប្រកួត​ស្មើគ្នា ១ ទល់ ១ ជាមួយ​ក្រុម Arny United ក្នុង​លី​ក​កំពូល​របស់​ថៃ (Thia Premier League 2015) កាលពី​ថ្ងៃទី ២៦ ខែសីហា កន្លងទៅ​នៅ​កីឡដ្ឋាន Thai Army Sports Stadium។ ចំណែក​ក្រុម​ជម្រើសជាតិ​ឡាវ បាន​ប្រកួត​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Nakhon Ratchasima FC ក្នុង​លី​ក​កំពូល​ថៃ​ដែរ កាលពី​ថ្ងៃទី២៧ សីហា កន្លង​នៅ​កីឡដ្ឋាន 80th Birthday Stadium ក្នុង​ខេត្ត Nakhon Ratchasima ប្រទេស​ថៃ។


ទាំង​ក្រុម​កម្ពុជា និង ឡាវ សុទ្ធតែ​ត្រៀមខ្លួន​នៅក្រៅ​ប្រទេស​ដូចគ្នា ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2018 FIFA World Cup Russia ប្រចាំ​ទ្វីបអាស៊ី ដោយ​កម្ពុជា​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន ហើយ​ក្រុម​ឡាវ ត្រូវធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង។


ប្រកួត​ចុងក្រោយ​រវាង​ក្រុម​ទាំង ២ ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ២ ខែមិថុនា កន្លង​ទៅដោយ​លទ្ធផល​បញ្ចប់ទៅ​ស្មើគ្នា ១ ទល់ ។ កាលនោះ​ខ្សែប្រយុទ្ធ ឃួន ឡា​បូ​រ៉ាវី បា​នរក​គ្រាប់​ឱ្យ​កម្ពុជា នៅ​នាទី ៤៦ ស្របពេល​កីឡាករ Sangvone Phimmasen នៅ​នាទី ៤៩ ក្នុងការ​ប្រកួត។


ក្រុម​ជម្រើសជាតិ​កម្ពុជា ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក Lee Tae Hoon ដែលមាន​សមាជិក ២៣ នាក់​បានធ្វើ​ដំណើរ​ទៅ​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​អង្គារ ទី ២៥ ខែ សីហា កន្លងទៅ ស្របពេល​កីឡាករ ហួយ ផល្លី​ន ខ្សែបម្រើ​កណ្ដាល​ត្រូវ​ត្រឡប់មក​កម្ពុជា វិញ​ព្រោះ​មាន​ជំងឺគ្រុនឈាម។


សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានតែងតាំង លោក ឆាំង ពិសិដ្ឋ ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា ហើយ​លោក Lee Tae Hoon ជនជាតិ​កូរ៉េខាងត្បូង ជា​គ្រូបង្វឹក ស្របពេល​លោក អ៊ុង កង​យ៉ា​និ​ត លោក ហោ សុខ​ហេង និង លោក អុំ សាវង្ស ជា​គ្រូ​ជំនួយ ហើយ​លោក អ៊ិន សុខា ជា​គ្រូ​អ្នកចាំទី រួមទាំង​លោក ហៃ ស័​ក្ខ​រី និង លោក ខាយ់ ចាន់​ហាក់ ជា​គ្រូពេទ្យ​ប្រចាំ។


ក្រុម​កម្ពុជា ត្រូវ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ជើង​ទី១ ពូ​ល E នៃ​ពានរង្វាន់ 2018 FIFA World Cup Russia ប្រចាំ​ទ្វីបអាស៊ី ជាមួយ​ម្ចាស់ផ្ទះ​ជប៉ុន នៅ​ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ខាងមុខ​នៅ​កីឡដ្ឋាន Saitama Stadium 2002 ក្នុង​ទីក្រុង Saitama។ ៥ ថ្ងៃ​បន្ទាប់​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង មួយ​នេះ​នឹង​ត្រឡប់​មកកាន់​រាជធានី​ភ្នំពេញ វិញ​ទទួលភ្ញៀវ​ក្រុម​ជម្រើសជាតិ​ស៊ី​រី នៅ​ថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១។ កម្ពុជា ស្ថិតក្នុង​ពូ​ល E ជាមួយ ជប៉ុន, ស៊ី​រី, សិង្ហ​បុរី និង អា​ហ្វ​ហ្គា​នី​ស្ថាន។


ចំណែក​ក្រុម​ឡាវ ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​Hwaseong ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​នៅ​ថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ហើយ​នៅ​ថ្ងៃទី ៨ ខែ កញ្ញា ក្រុម​ឡាវ ត្រូវ​បើកទ្វា​កីឡដ្ឋាន New Laos National Stadium នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍ ប្រទេស​របស់ខ្លួន ក្នុង​វគ្គ​ជម្រុះ​ពូ​ល​G នៃ​ពានរង្វាន់ 2018 FIFA World Cup Russia ប្រចាំ​ទ្វីបអាស៊ី។ ឡាវ ស្ថិតក្នុង​ពូ​ល G ជាមួយ​ក្រុម កូរ៉េខាងត្បូង, លី​បង់, គុយ​វ៉ែត និង មី​យ៉ាន់​ម៉ា៕



ក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពជាមួយឡាវ នៅម៉ោង ៥ ល្ងាចថ្ងៃសៅរិ៍នេះលើទឹកដីប្រទេសថៃ

Post a Comment

0 Comments

Close Menu