Ad Code

ចំណុច​ល្អ​ក្នុង​ការ​ប្រឡង​គឺ​មិន​បែក​ធ្លាយ​ ការសម្ងាត់​ចេញ​ក្រៅ

ការសម្ងាត់​ជារឿង សំខាន់ សម្រាប់​ការប្រឡង​របស់​បេក្ខជន​ឆ្ពោះ​ទៅរក​ភាព​សុក្រឹត​ ឬហៅថា ភាព​យុត្តិធម៌។ ការរក្សាការសម្ងាត់​បាន​ល្អ​នោះ​ទើប​តម្លៃ​នៃ​ការប្រឡង​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ត្រឹម​ត្រូវ​ និងប្រកប​ដោយ​សណ្តាប់​ធ្នាប់ និង​មាន​របៀប​រៀប​រយ។ តើអ្វីទៅជាការសម្ងាត់​ ឬ​ហៅថា ជារឿង​លាក់ការ?


ចំពោះ​ចម្លើយ​ជាបន្ទាន់​នោះ គឺ​បញ្ហា​វិញ្ញាសា​មុន​នឹង​​បើក​នៅពេល​ប្រឡង​នោះ​ហើយ​ដែល​ហៅថា ជាការ​សម្ងាត់​ ឬជារឿង​លាក់ការនោះ។ ដើម្បី​បញ្ជាក់​ពីបញ្ហា​នេះ ឲ្យ​បាន​ច្បាស់​គឺ បើ​យើង​ធ្វើ​ការគិត​តាំង​ពី​ប្រភព​ដែល​បានបង្កើត​វិញ្ញាសា​ និងមាន​ការជ្រើសរើស​វិញ្ញាសា​ហើយ​បន្ត​មក​ដល់​ការថត​ចម្លង​វិញ្ញាសា និង​ការវេច​ខ្ចប់​ឲ្យគ្រប់​ចំនួន​ទៅតាម​តម្រូវការ​ប្រឡង​ទៀត​​ផង។ ក្នុងដំណាក់​ការនេះ​គេ​តែង​យល់ថា ជា​ការ​សម្ងាត់​ ព្រោះ​ជាការថែរក្សាឲ្យ​វិញ្ញាសា​ទាំង​គ្រប់​មុខវិជ្ជា​ដែល​កសាង​បាន​នោះ ឋិត​នៅ​ក្នុង​ការ​សម្ងាត់​ ឬជារឿង​លាក់ការ​ខ្ពស់​ខ្ជាប់ខ្ជូន​ និង​ហ្មត់ចត់​បំផុតទើប​ការងារ​ប្រឡង​ប្រព្រឹត្ត​ទៅ​បាន​ល្អ។ មកដល់​ចំណុច​នេះ​បើ​យើង​ធ្វើការ​រំលឹក​អំពី​ឆ្នាំ​មុនៗ គេ​តែង​តែ​និយាយថា វិញ្ញាសា​ប្រឡង​មាន​ការ​បែក​ធ្លាយ​ចេញ​ក្រៅ​ដែល​មាន​ន័យ​ថា ការសម្ងាត់​នោះ​វាលែង​មាន​ភាព​លាក់​ការនោះ​ទៀត​ហើយ។ គេ​បាន​និយាយថា បើមាន​ការ​ធ្លុះ​ធ្លាយ​តែបន្តិច​នោះវា អាច​ដឹងឮដល់​អ្នក​ទី២ទៀត​​ តែង​បណ្តាល​ឲ្យ​មាន​ការលេច​ឮ​​បាន​សាយ​សុស​នោះ​កាន់​តែ​ធំឡើងៗ និង​ឆ្ងាយទៅៗ ពិត​ប្រាកដ ព្រោះ​តាមរយៈ​ការថត​ចម្លង​បន្ត​ផ្សព្វ​ផ្សាយ​យ៉ាង​ទំនើប​និង​យ៉ាង​រហ័ស​បំផុត។ គេ​តែង​និយាយ​អំពី​ប្រភព​នៃ​ការធ្លុះ​ធ្លាយ​វិញ្ញាសា​កន្លង​មក​ដែល​អាចមាន​ប្រភព​តាំង​ពី​ការ​ថត​ចម្លង​ទៅតាម​តម្រូវ​ការ​គ្រប់​មណ្ឌល​នីមួយៗ និង​មាន​ការវេច​ខ្ចប់​ជា​ដើម។ ដ្បិត​ប្រភព​ពីអ្នក​ធ្វើការ​ទាំងនោះ​ក៏​គេ​យល់ថា មាន​អ្នក​ស្មោះ​ត្រង់​ផង និង​ក៏​មាន​អ្នក​​មិន​ស្មោះ​ត្រង់​ផងដែរ។ ចំពោះអ្នក​ដែល​មិន​មាន​ភាពស្មោះ​ត្រង់​នោះគឺ តែង​មានការ​លួច​លាក់​យក​ចេញ​ក្រៅ​ទៅតាមឧបាយកល​នៃការ​រកស៊ី​របស់​ខ្លួន។ នេះ​ហើយ​ដែល​ជាមូល​ហេតុនៃ​ការ​បែក​ធ្លាយ​វិញ្ញាសាក្នុងការ​ប្រឡង​បណ្តាល​ឲ្យ​មាន​ការ​រកស៊ី​លក់​ប្រ៊ុយ​យ៉ុងព្រោង​ព្រាតបង្ក​ភាព​អនាធិបតេយ្យ​ដូច​ការប្រឡង​កន្លង​មក​ឆ្នាំ​មុនៗ នេះ​អ៊ីចឹង។ គេ​តែងនិយាយបន្ត​ទៀត​ថា បើមាន​ការ​ធ្លុះធ្លាយ​វិញ្ញាសា​ចេញក្រៅ​​ហើយ​នោះ​តែង​មាន​ការថត​ចម្លើយ​​បន្តយ៉ាង​ឆាប់​រហ័ស​ដល់​អ្នក​រត់​ប្រ៊ុយ​យ៉ុង។ ត្រង់​ចំណុច​នៃ​អ្នក​រត់​ប្រ៊ុយ​យ៉ុង​នេះ​ហើយ​ដែល​បណ្តាល​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​ក្នុង​ការ​ប្រឡង។ ដ្បិត​អ្នក​រត់​ការ​ខាង​បោះ​ប្រ៊ុយ​យ៉ុង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ការ​ប្រឡង​ពុំ​មាន​ភាព​ត្រឹមត្រូវ​នោះ។


ប៉ុន្តែ​ចំពោះ​ការប្រឡង​មធ្យម​សិក្សា​បត្រ​ទុតិយភូមិ​កន្លងមកនេះ​(ថ្ងៃទី២៤-២៥ សីហា ២០១៥) មតិ​សាធារណៈ​បាន​យល់ថា មិន​មាន​ការ​បែក​ធ្លាយ​ការសម្ងាត់​នោះទេ គឺជា​ការប្រឡង​ប្រព្រឹត្ត​ទៅ​ដោយល្អ​ប្រសើរ​​បំផុត។ ជារឿង​ដ៏​ល្អ​ចាត់​ទុក​ជាគំរូ​សម្រាប់​ការប្រឡង​លើក​ក្រោយៗ ទៀត​ព្រោះ​ការសម្ងាត់​ មិន​មាន​លេច​ឮថា មាន​ការបែក​ធ្លាយ​នោះឡើយ។ គេបាន​​សរសើរ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​នៃ​ការប្រឡងអប់រំ​ហើយជា​ចុង​ក្រោយ​ក៏​មាន​ការ​ស្ងើច​សរសើរ​ដល់​លោក​ហង់ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​ និងកីឡា​ថា ជាការចាត់​ចែង​គ្រប់​គ្រង​ការងារ​ខាងលើនេះ​បាន​ប្រកប​ដោយ​សុក្រឹត​ភាព និង​មានប្រសិទ្ធភាព​បំផុត។ នេះ​ជា​មេរៀន​ល្អ​សម្រាប់​បង្កើត​ជាទម្លាប់​ល្អ​បន្ត ដល់​ឆ្នាំ​​ក្រោយៗ ទៀត​ពិត​ប្រាកដ។


សរុប​សេចក្តី​មក​ចំណុច​ល្អ​នៃ​ការប្រឡង​មធ្យម​សិក្សា​បត្រ​ទុតិយភូមិ​ឆ្នាំ​នេះ​ ក៏ឋិត​នៅ​លើ​ការងារ​ហ្មត់ចត់​គត់​មត់​នៃ​ការថែរក្សា​​ការសម្ងាត់​មិន​ឲ្យ​បែកចេញ​ក្រៅ។ ទង្វើនេះ​ក៏​បាន​រួម​ដំណើរ​ជាមួយ​បញ្ហា​គ្រប់គ្រង​ខាង​វិន័យ​នៅ​តាម​មណ្ឌល​នីមួយៗ ផងដែរ ទើប​ហៅថា លទ្ធ​ផល​ល្អ​នៃ​ការ​ប្រឡង​នេះ​កើត​ឡើង​ដោយសារទាំង​អស់​គ្នា ដែល​មាន​ការងារ​ពាក់​ព័ន្ធ​នៃ​ការប្រឡង​ពិត​ប្រាកដ។ សង្ឃឹម​ថាទម្លាប់​ដ៏ល្អ​នេះ​នឹង​ចេះតែ​បន្ត​ទៅឆ្នាំ​ក្រោយៗ ទៀត​ទុក​ជាកេរ្តិ៍ឈ្មោះ​ល្អ​ក្នុង​វិស័យ​អប់រំ​តរៀង​ទៅ៕


 



ចំណុច​ល្អ​ក្នុង​ការ​ប្រឡង​គឺ​មិន​បែក​ធ្លាយ​ ការសម្ងាត់​ចេញ​ក្រៅ

Post a Comment

0 Comments

Close Menu