សៀមរាប ៖ ផែនការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ដែលជាកាតព្វកិច្ចចម្បងរបស់ខេត្តទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ សៀមរាប-អង្គរ ត្រូវបានផ្ដោតការយកចិត្តទុកដាក់ទៅលើការការពារលទ្ធផល នៃការផ្ទៀងផ្ទាត់ផែនទីកំណត់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងកិច្ចប្រជុំមួយរបស់គណៈបញ្ជាការឯកភាព ដែលបានធ្វើឡើងនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥នេះ។
លោក ឃឹម ប៊ុនសុង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប មានវត្តមានដឹកនាំកិច្ចប្រជុំនេះ។ មេបញ្ជាការ មេបញ្ជាការរង នៃកងកម្លាំងប្រដាប់អាវុធទាំងបី (កងរាជអាវុធហត្ថ នគរបាល និងតំណាងឲ្យអង្គភាពតំបន់ប្រតិបត្តិការសឹករងសៀមរាប) ដែលជាកម្លាំងប្រតិបត្តិការស្នូល ត្រូវបានចូលរួមពិភាក្សានៅក្នុងកិច្ចប្រជុំនោះ ដោយឡែកមន្ត្រីស្ថាប័នឯករាជ្យ (តុលាការខេត្តសៀមរាប) ដែលមានភារកិច្ចសម្របសម្រួល អនុវត្តផែនការការពារសន្តិសុខ ក្នុងទិដ្ឋភាពច្បាប់ ក៏មានវត្តមានផងដែរ។
កិច្ចប្រជុំនេះបានបង្ហាញនូវការយកចិត្តទុកដាក់ ក្រោយពីមានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃការមកដល់ព្រះរាជាណាចក្រកម្ពុជា នូវផែនទី១៨ផ្ទាំង ដែលអង្គការសហប្រជាជាតិឲ្យកម្ពុជាខ្ចី ដើម្បីផ្ទៀងផ្ទាត់ស្វែងរកការពិត ជម្រះមន្ទិល លាងសម្អាតពីការចោទប្រកាន់នានា ក្នុងចេតនា មួលបង្កាច់ថា ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់កំណត់ព្រំដែនកម្ពុជា-វៀតណាម ជាផែនទីមិនពិតប្រាកដនោះ។
កិច្ចប្រជុំបានឯកភាពទទួលយកនូវក្តីសង្ឃឹមរបស់រាជរដ្ឋាភិបាល ក្រោយពីការផ្ទៀងផ្ទាត់ រវាងផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់២៦ផ្ទាំង ជាមួយផែនទី១៨ផ្ទាំង ដែលផ្តល់ឲ្យខ្ចីដោយអង្គការសហប្រជាជាតិ និងផែនទីដែលផ្តល់ឲ្យដោយគណបក្សសង្គ្រោះជាតិ ចំនួន២៤ផ្ទាំង ដែលទទួលបានលទ្ធផលជាវិជ្ជមានល្អប្រសើរនោះ។
ជាមួយគ្នានោះ កិច្ចប្រជុំនេះបានបង្ហាញនូវសុឆន្ទៈថា លទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទីខាងលើ វាជាអត្តសញ្ញាណថ្មី នៃការជួសជុលវប្បធម៌សន្ទនា រវាងគណបក្សសំឡេងច្រើន និងគណបក្សសំឡេងភាគតិចនៅក្នុងសភា និងឈានទៅរកការឯកភាពជាតិ បន្តដំណើររួមគ្នា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង ដោយសន្តិវិធី ក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ដើម្បីព្រំដែនសន្តិភាព និងការអភិវឌ្ឍន៍។
ផ្តើមចេញពីការរកឃើញនូវតម្លៃពិតខាងលើ កិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពខេត្តសៀមរាប បានដាក់ចេញនូវផែនការ រាយសំណាញ់សន្តិសុខ សុវត្ថិភាពនយោបាយ ការពារលទ្ធផល នៃការខិតខំប្រឹងប្រែងខាងលើ ដោយមិនអនុញ្ញាតឲ្យមានសកម្មភាពវិច្ឆេទកម្មណាមួយ ដែលមានបំណងបំពុលបរិយាកាសសង្គមបាននោះឡើយ ហើយផែនការនេះ នឹងត្រូវបានអនុវត្តន៍ ចាប់ពីថ្នាក់ខេត្ត គ្របដណ្ដប់រហូតដល់មូលដ្ឋាន៕
កិច្ចប្រជុំ ស្ដីពីការដាក់ផែនការពង្រឹងសន្តិសុខ សុវត្ថិភាពនយោបាយ ការពារលទ្ធផល នៃការផ្ទៀងផ្ទាត់ផែនទីកំណត់ព្រំដែនកម្ពុជា-វៀតណាម
0 Comments