ប្រដាល់ ៖ អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា២រូប គឺវង្ស ណយ អ្នកប្រដាល់ក្លិបខេត្តប៉ៃលិន និង ឡៅ ស៊ីណាត អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នឹងប្រកួតជាមួយអ្នកប្រដាល់ថៃលើកទី២ នាយប់ថ្ងៃអាទិត្យទី២៣ ខែសីហា ឆ្នាំ២០១៥នេះ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ ក្នុងព្រឹត្តិការណ៍ជម្រុះដណ្ដើមខ្សែក្រវាត់ខារ៉ាបាវវគ្គII ទម្ងន់៦៩គីឡូក្រាម។
វង្ស ណយ នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃPlangchork Or.Yuthachai។ អ្នកប្រដាល់ថៃរូបនេះខ្លាំងគួរសមដែរ តែកាលពីប្រកួតលើកទី១ គេត្រូវ បឺត ខាំ អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាយើងបំបាក់ឲ្យសន្លប់ក្នុងទឹកទី៣។
Plangchork Or.Yuthachai វាយចាញ់ បឺត ខាំ ដោយផុយបែបនេះ មកប៉ះជាមួយ វង្ស ណយ ក៏មិនជាធានាប៉ុន្មានដែរ ព្រោះ វង្ស ណយ គេខ្លាំង និងមានផ្លែល្អជាងបឺត ខាំ ទៅទៀត។ ប៉ុន្តែយ៉ាងណា អ្នកប្រដាល់ថៃរូបនេះ គ្រាន់តែភ្លាត់ស្នៀតជាមួយ បឺត ខាំប៉ុណ្ណោះ ហើយសម្រាប់ការជួប វង្ស ណយ នេះ អាចថាគេមានការប្រុងប្រយ័ត្នជាងមុន ដែលធ្វើឲ្យ វង្ស ណយ ពិបាកសង្ឃឹមឈ្នះនោះ។ អ្នកប្រដាល់ថៃរូបនេះ មានកំណត់ត្រាប្រកួតតែចំនួន១១១លើកប៉ុណ្ណោះ ឈ្នះ៩៣លើក ចាញ់១៧លើក ស្មើ០១លើក និងធ្លាប់វាយដៃគូឲ្យសន្លប់១៨លើកឯណោះ។
យ៉ាងណា បើធៀបជាមួយប្រវត្តិប្រកួតរបស់ វង្ស ណយ គឺនៅតែតិចជាងដែរ ដោយ វង្ស ណយ មានកំណត់ត្រាប្រកួតរហូតដល់១២៩លើក ឈ្នះ៩៤លើក ចាញ់៣២លើក និងស្មើ៣លើក។ ទោះជាយ៉ាងណា ជើងខ្លាំង វង្ស ណយ កាលពីប្រកួតលើកទី១ គេត្រូវអ្នកប្រដាល់ថៃJongangFight វាយសន្លប់ក្នុងទឹកទី៤។ ដូច្នេះ វង្ស ណយ មិនអាចមើលងាយ Plangchork Or.Yuthachai បានឡើយ។ ចាំមើល វង្ស ណយ អាចរកបាន៣ពិន្ទុពីការប្រកួតជាមួយ Plangchork Or.Yuthachai នេះដែរឬអត់។
ឡៅ ស៊ីណាត អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា នៅក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ នឹងជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ Klakhunserk ChompeaTou ។ អ្នកប្រដាល់ថៃរូបនេះកាលពីជុំទី១ ក៏បានវាយឈ្នះ ពេជ្រ សីហា អ្នកប្រដាល់សមាគមក្រសួងការពារជាតិដោយពិន្ទុដែរ។
Klakhunserk ChompeaTou ខ្ពស់ជាង ស៊ីណាត គឺមានកម្ពស់១,៧៧ម៉ែត្រ ក្នុងខណៈ ស៊ីណាតកម្ពស់១,៦៨ម៉ែត្រ គឺខ្ពស់ជិតមួយតឹក។ ឯកំណត់ត្រាប្រកួត ក៏ថៃលើសច្រើនដែរ គឺ Kla Khunserk គេប្រកួតបាន១២៦ដង ឈ្នះ៩៥ដង ចាញ់២៣ដង ស្មើ០៨ដង និងធ្លាប់ផ្ដួលដៃគូឲ្យសន្លប់បាន០៦ដង ។ ទោះជាយ៉ាងណា កំណត់ត្រាប្រវត្តិប៉ុណ្ណឹង ក៏មិនប្រាកដថាអាចឈ្នះ ស៊ីណាត បានដែរ។
ឡៅ ស៊ីណាត គេប្រកួតជាមួយថៃច្រើនគួរសមដែរ។ គ្រាន់តែជួបប្រកួតក្នុងស្រុកចំនួនចំនួន១៧នាក់ ដោយវាយឈ្នះថៃ១២នាក់ ចាញ់០៥ និងមិនដែលស្មើ។ ស៊ីណាត ខ្លាំងកណ្ដាប់ដៃ និងជើង ហើយប៉ិនប្រសប់ប្រើជង្គង់ថែមទៀត។ ជាមួយនេះ គេក៏មានភាពអំណត់ខ្ពស់ និងមានកម្លាំងគ្រប់សម្រាប់តស៊ូបាន៥ទឹក។ ឡៅ ស៊ីណាត មានប្រវត្តិប្រកួតចំនួន៩៩ដង ឈ្នះ៧៧ដង ចាញ់១៧ដង និងស្មើ០៥ដង។
Kla Khunserk ធ្លាប់ជួប និងវាយចាញ់ពិន្ទុ ឡៅ ស៊ីណាត ១ដងហើយកន្លងមក។ ដូច្នេះ ឡៅ ស៊ីណាត ប្រហែលជាពុំពិបាកក្នុងការរក៣ពិន្ទុនោះទេ។ តែយ៉ាងណា ឡៅ ស៊ីណាត មិនអាចមើលស្រាល Kla Khunserk បានទេ សម្រាប់ការជួបប្រកួតគ្នានេះ។ ទោះជាយ៉ាងណា រវាង ឡៅ ស៊ីណាត និង Kla Khunserk នេះ ការឈ្នះចាញ់ គឺមិនអាចទស្សន៍ទាយមុនបានឡើយ។
ព្រឹត្តិការណ៍ប្រដាល់ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវវគ្គ២ ទម្ងន់៦៩គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប និងអ្នកប្រដាល់ជើងខ្លាំងថៃ៤រូប ដើម្បីវាយដណ្ដើមយកខ្សែក្រវាត់របស់ភេសជ្ជៈខារ៉ាបាវ២០១៥ ដែលមានទឹកប្រាក់រង្វាន់អមចំនួន៥.០០០ដុល្លារ សម្រាប់អ្នកឈ្នះតំណែងជើងឯក ។
អ្នកប្រដាល់ជើងខ្លាំងទាំង៤រូបរបស់កម្ពុជានោះ គឺ វង្ស ណយ ក្លិបកីឡាប្រដាល់ខេត្តប៉ៃលិន- ឡៅ ស៊ីណាត ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១-ពេជ្រ សីហា ក្លិបក្រសួងការពារជាតិ និងពេជ្រ សីហា សមាគមកីឡាក្រសួងការពារជាតិកីឡា។
ចំពោះអ្នកប្រដាល់ជើងខ្លាំងថៃទាំង៤រូបវិញ មាន Watcharalek Or. Kwanmoueng–Jonganfight Jongsnangwin-Kla Khunserk-Kla Khuserk Chomoea និងPlangchor Or.Yuc hchai។
មកដល់ពេលនេះ ឡៅ ស៊ីណាត និង វង្ស ណយ ពួកគេទាំងពីរនាក់នេះ ទើបនឹងបាន១ពិន្ទុទេ ដោយទើបប្រកួតបានមួយប្រកួតនោះ ចំណែក បឺត ខាំ គេបាន៦ពិន្ទុ ក្នុង២ប្រកួត ខណៈដែលពេជ្រ សីហា បាន២ពិន្ទុ ក្នុង២ប្រកួត៕
វង្ស ណយ និង ឡៅ ស៊ីណាត ជួបថៃលើកទី២ក្នុងជម្រុះខ្សែក្រវាត់ខារ៉ាបាវ
0 Comments