ប្រមុខនៃទីភ្នាក់ងារផ្នែកវប្បធម៌របស់អង្គការសហប្រជាជាតិបានឲ្យដឹងកាលពីថ្ងៃសុក្រថា ក្រុមរដ្ឋឥស្លាមជ្រុលនិយមនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់បានចូលរួមនៅក្នុងការបំផ្លាញតំបន់បុរាណជាប្រព័ន្ធដ៏ព្រៃផ្សៃបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ ការព្រមានមួយត្រូវបានធ្វើឡើងនៅប៉ុន្មានម៉ោងបន្ទាប់ពីពួកសកម្មប្រយុទ្ធបានវាយកម្ទេចចោលវត្តអារាមមួយនៅកណ្តាលប្រទេសស៊ីរី។
ប្រធានអង្គការយូណេស្កូលោកស្រី Irina Bokova បានប្រាប់ The Associated Press ថា ការពឹងផ្អែកតែមួយគត់របស់ពិភពលោកនេះគឺការការពារការលក់វត្ថុបុរាណ ដែលត្រូវបានគេលួចដូច្នេះ វាបានកាត់ផ្តាច់ការរកប្រាក់ចំណូលសម្រាប់ពួកសកម្មប្រយុទ្ធ។
ការវាយប្រហារនាពេលថ្មីៗនេះបានបង្កឲ្យមានការភ័យខ្លាចថា ក្រុម IS កំពុងបង្កើនយុទ្ធនាការរបស់ខ្លួនដើម្បីកម្ទេច និងលួចនៅតំបន់បេតិកភណ្ឌ។
កាលពីថ្ងៃសុក្រ សាក្សីជាច្រើនបានឲ្យដឹងថា ពួកសកម្មប្រយុទ្ធបានឈូសឆាយវត្ត St. Elian ដែលជាកន្លែងប្រភពនៃផ្នូរមួយក្នុងសតវត្សរ៍ទី ៥ ហើយវាជាកន្លែងដែលបានបម្រើការជាតំបន់សក្ការបូជាមួយដ៏ធំ។ កាលពីថ្ងៃមុន ក្រុម IS បានកាត់ក្បាលអ្នកប្រាជ្ញវត្ថុបុរាណអាយុ ៨១ ឆ្នាំម្នាក់ដែលបានឧទ្ទិសជីវិតរបស់លោកក្នុងការត្រួតពិនិត្យទីក្រុង Palmyra ក្នុងប្រទេសស៊ីរី ដែលជាតំបន់បុរាណវត្ថុមួយដ៏អស្ចារ្យបំផុតនៅមជ្ឈិមបូព៌ា។
ចាប់តាំងពីការវាយយកបានប្រហែលមួយភាគបីនៃប្រទេសស៊ីរីនិងអ៊ីរ៉ាក់កាលពីឆ្នាំមុន យុទ្ធជនក្រុម IS បានបំផ្លាញវិហារឥស្លាម តំបន់ព្រះវិហារនិងតំបន់បុរាណវត្ថុដែលបណ្តាលឲ្យមានការខូចខាតយ៉ាងធំក្នុងទីក្រុងបុរាណ Nimrud, Hatra និង Dura Europos ក្នុងប្រទេសអ៊ីរ៉ាក់ចំណែកនៅខែឧសភា ពួកគេបានចាប់យកទីក្រុង Palmyra។
លោកស្រី Bokova បាននិយាយថា រូបភាពថ្មីៗនៃតំបន់បុរាណដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុម IS នៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីបានបង្ហាញពីសញ្ញានៃរាលដាលនៃការជីកនិងការលួចប្លន់ដោយខុសច្បាប់។ លោកស្រីនិយាយថា ប្រសិនបើអ្នកសម្លឹងមើលទៅលើផែនទី, រូបថត, រូបភាពផ្កាយរណបរបស់វានោះ អ្នកនឹងមិនស្គាល់កន្លែងមួយនេះទេ។
លោកស្រី Bokova បាននិយាយអស់រយៈពេលជាច្រើនម៉ោង បន្ទាប់ពីក្រុម IS បានបង្ហោះរូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបានបង្ហាញពីគ្រឿងឈូសឆាយកំពុងបំផ្លាញវត្ត St. Elian ស្ថិតនៅជិតទីក្រុង Qaryatain នៅកណ្តាលប្រទេសស៊ីរី។ ក្រុមនេះបានចាប់យកទីក្រុងនេះនៅដើមខែសីហា។
លោក Osama Edward នាយកនៃបណ្តាញសិទ្ធិមនុស្សគ្រិស្តសាសនិកអាស៊ីរីបាននិយាយថាការបាញ់ផ្លោងនៅក្នុងតំបន់នេះដោយកងទ័ពរដ្ឋាភិបាលស៊ីរីក្នុងរយៈពេលពីរសប្តាហ៍មកនេះបានបង្កការខូចខាតដល់វត្តនេះរួចទៅហើយ។
ពួកសកម្មជនបាននិយាយថា ក្នុងរយៈពេលខ្លីបន្ទាប់ពីការចាប់យកទីក្រុង Qaryatain ក្រុមរដ្ឋឥស្លាមបានចាប់ពង្រត់អ្នកស្រុកចំនួន ២៣០ នាក់ដោយនៅក្នុងនោះមានរួមទាំងអ្នកកាន់សាសនាគ្រិស្តរាប់សិបនាក់ផងដែរ។ ក្រុមសកម្មជនបាននិយាយថា គ្រិស្ដសាសនិកខ្លះត្រូវបានគេដោះលែងតែជោគវាសនារបស់អ្នកដទៃទៀតនៅតែមិនត្រូវបានគេដឹង។
លោកស្រី Bokova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា: «គោលដៅដោយចេតនានិងការបំផ្លាញជាប្រព័ន្ធចំពោះបេតិកភណ្ឌវប្បធម៌នៃប្រទេសស៊ីរីកំពុងឈានដល់កម្រិតមិនធ្លាប់មានពីមុនមក។
ដោយឡែក ក្នុងការវាយប្រហារមួយទៀត ពួកសកម្មប្រយុទ្ធក្រុម IS បានកាត់ក្បាលអ្នកប្រាជ្ញទីក្រុង Palmyra ម្នាក់ឈ្មោះ Khaled Al-Asaad កាលពីថ្ងៃអង្គារដោយបានព្យួរសាកសពប្រឡាក់ដោយឈាមរបស់លោកលើបង្គោលមួយនៅក្នុងបរិវេណដ៏សំខាន់របស់ទីក្រុងនេះ។ លោក Al-Asaad បានបដិសេធមិនព្រមចាកចេញពីទីក្រុង Palmyra បន្ទាប់ពីទីក្រុងនេះត្រូវបានកាន់កាប់ដោយក្រុម IS ៕
AP
ក្រុមISកំពុងបំផ្លាញតំបន់បេតិកភណ្ឌជាលក្ខណៈប្រព័ន្ធ
0 Comments