ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ចកបានឃាត់ខ្លួនក្រុមចោរឆក់២នាក់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់មិនបានសម្រេច កាលពីវេលាម៉ោង១៧និង១០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខផ្ទះលេខ1D ផ្លូវ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១-មានឈ្មោះ លីម ហុងវ៉ាន់ដា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិត មានស្រុកកំណើត ភូមិប៉ាហ៊ីខាងត្បូង ឃុំប៉ាហ៊ីខាងត្បូង ខេត្តប៉ៃលិន ស្នាក់នៅផ្ទះជួលម្ដុំបូរីសរឡា ផ្លូវ២០០៤ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ,ទី២-ឈ្មោះ មាស ប៉ូរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំទី២។ ក្នុងការឃាត់ខ្លួនក្រុមជនសង្ស័យទាំងពីរនោះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CT-2713 កាបូបស្ពាយពណ៌.ស ជារបស់ជនរងគ្រោះ មានលុយដុល្លារ និងទូរស័ព្ទដៃ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះ រួមទាំងមិត្តភ័ក្ដិស្រីម្នាក់ទៀតបានជិះម៉ូតូម៉ាកស្កូបពី ដឹកគ្នាចេញពីផ្ទះនៅម្ដុំផ្សារសាំហាន់ មកដល់ចំណុចកើតហេតុ ស្រាប់តែមានជនល្មើស២នាក់ជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះដែលដាក់នៅខាងមុខតែមិនបានសម្រេចទេ ពីព្រោះជនរងគ្រោះទាញដណ្តើម បណ្ដាលឲ្យជនសង្ស័យដួលប្រកាច់ប្រកិន ហើយខណៈនោះ ជនរងគ្រោះស្រែកឆោឡោថា ”ចោរៗ” ផងនោះ ទើបគាប់ជួនកម្លាំងនគរបាលមូលដ្ឋានប៉ុស្តិ៍ស្រះចកដែលកំពុងតែល្បាតនៅក្បែរនោះ ឃើញដូច្នេះ ក៏ឃាត់ខ្លួនក្រុមជនសង្ស័យទាំង២នាក់ ព្រមទាំងដកហូតវត្ថុតាងបញ្ជូនទៅអធិការខណ្ឌដូនពេញដើម្បីបញ្ជូនទៅតុលាការ៕
និស្សិតសកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆក់កាបូបនារីម្នាក់មិនបានសម្រេច
0 Comments