Ad Code

គោល​បំណង​ នៃ​ការ​បង្រៀន​របស់​គ្រូ ដើម្បី​ឲ្យ​​សិស្ស​ទទួល​បាន​​ជោគ​ជ័យ

សិស្ស​រៀន​បាន​ប្រកប​ដោយ​ជោគជ័យតែ​ ក៏មាន​សំណួរ​ថា តើគ្រូ​បង្រៀន​​ត្រូវ​ប្រើ​ល្បិច​បង្រៀន​យ៉ាង​ណា​ដើម្បី​ឲ្យ​សិស្ស​បាន​​ទទួល​ជោគជ័យ? តើគ្រូ​បង្រៀន​អាច​ធ្វើ​បាន​ដែរ​ឬទេ? គេឆ្លើយ​ថា​ អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​សិស្ស​ក្នុងថ្នាក់​រៀន​ទាំង​មូល​បាន​សម្រេច​នូវ​ជោគជ័យ​ មួយរយ​ភាគ​រយនោះ។


មុន​នឹង​ធ្វើការ​រៀប​រាប់​អំពី​វិធី​ដែល​នាំ​ឲ្យ​សិស្ស​បាន​ទទួល​ជោគជ័យ​នៃ​ការ​បង្រៀន​និង​រៀន​ នោះ​យើង​គប្បី​បញ្ជាក់អំពី មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​​គ្រូ​បង្រៀន​ចង់​ឲ្យ​សិស្ស​បាន​ទទួល​ជោគជ័យ​ជាមុន​សិន។ ហេតុផល​ដែល​នាំឲ្យ​គ្រូ​បង្រៀន​ចង់​ធ្វើការ​បង្រៀន​ដោយ​ឲ្យ​សិស្ស​បាន​ទទួលនូវ​ជោគជ័យ​​គ្រប់​គ្នានោះ ព្រោះ​កាល​ណាសិស្ស​​បាន​ទទួល​ជោគជ័យ​ គឺតែង​ធ្វើ​ឲ្យ​សិស្ស​នោះ​មាន​ចិត​្​ត​អប​អរ​សប្បាយ​ និង​មាន​ចិត្ត​ស្រឡាញ់ នៃ​ការ​សិក្សា​លើ​មុខ​វិជ្ជា​នោះ​បន្ត​ទៀត ដើម្បី​រូប​គេ​បានទទួល​ជោគជ័យ​ជាកិត្តិ​យស​របស់​ខ្លួន​ ឬគេ​​ទទួល​បាន​នូវ​ការសរសើរ​លើកទឹកចិត្ត​ពីគ្រូ​បង្រៀន​គួរឲ្យ​មាន​ការ​រំភើប​បំផុត។ សិស្ស​បានទទួល​នូវ​ជោគជ័យ​ក្នុងថ្នាក់ តែង​ធ្វើ​ឲ្យ​សិស្ស​នោះ​កាន់​តែ​ចង់​រៀន​ និង​កាន់តែ​ស្រឡាញ់​ថ្នាក់រៀន និង​កាន់តែ​ចង់​ធ្វើ​កិច្ច​ការដែល​គ្រូ​បាន​ដាក់​ឲ្យ​ធ្វើ​រាល់​ថ្ងៃ។ ប្រការ​សំខាន់​ម្យ៉ាង​ទៀត នៅពេល​ដែល​សិស្ស​រៀន​បាន​ទទួលនូវ​ជោគជ័យ​នោះ គឺ​ធ្វើ​ឲ្យ​សិស្សនោះ​មិន​មានការ​អវត្តមាន​នៅពេល​រៀន​ផង ហើយ​ក៏​​ជាចំណុច​នៃ​ការកាត់​បន្ថយ​នូវ​អត្រា​ត្រួត​ថ្នាក់ និង​កាត់​បន្ថយ​នូវ​អត្រា​នៃ​ការ​បោះ​បង់​ការសិក្សា​ផង។


ដោយ​យល់​ឃើញថា បើសិស្ស​បាន​ទទួល​ជោគជ័យ​នៃ​ការសិក្សា​នោះ គឺ​សិស្សកាន់តែ​សប្បាយ​និងកាន់តែ​ចង់​រៀន​យ៉ាង​ជក់​ចិត្ត​ឥត​បែក​បែរ​នោះ ទេទើប​គ្រូបង្រៀន​បានរិះរក​មធ្យោ​បាយ​ដើម្បី​ឲ្យ​សិស្ស​របស់គាត់​រៀន​បាន​ជោគជ័យ​ទាំង​អស់​គ្នា។ ដូចនេះ​តាមរយៈ​គ្រូ​ស្គាល់​សិស្ស​ គឺត្រូវ​ស្គាល់​នូវ​សមត្ថភាព​របស់​សិស្ស​ ឬស្គាល់​នូវគុណ​ភាព​ និង​កម្រិត​កម្ពស់​នៃ​ការ​រៀន​របស់​​សិស្សគ្រប់​គ្នា ទាំង​អស់។ ជាក់​ស្តែង​ក្នុងថ្នាក់​រៀន​នីមួយៗ តែង​មាន​សិស្ស​ប្រហែល​៤០​នាក់ ដោយ​​មាន​ការ​លាយ​ចម្រុះ​គ្នា ប្រុស​ស្រី។ ក្នុងនោះ ចំពោះ​សិស្ស​រៀន​ពូកែ​​ប្រហែល​១០នាក់។ ឯសិស្ស​រៀន​មធ្យម​ប្រហែល​២០​នាក់។ ចំណែក​ឯ​សិស្ស​ខ្សោយ​ក៏​មាន​ប្រហែល​១០​នាក់ ផងដែរ។ ដូចនេះ​នៅ​ពេល​រៀន​​គ្រូបង្រៀន​តែង​មានការ​ចាត់តាំង​តាមរយៈការ​បែង​ចែក​ជាក្រុម ដើម្បី​ឲ្យសិស្ស​ចូលរួម​កសាង​នូវខ្លឹមសារ​មេរៀន​នីមួយៗ ជាមេរៀនប្រចាំ​ថ្ងៃ ទៅតាម​កាលវិភាគ​នៃសប្តាហ៍។ ដើម្បី​ឲ្យ​សិស្ស​បានចេះ​ចែក​ជា​ក្រុម​ដោយ​មាន​សមាសភាព​លាយ​ចម្រុះគ្នា។ បានសេចក្តីថា ក្រុមនីមួយៗ តែង​​មានការ​លាយ​​ឡំ​ទៅដោយសិស្ស​រៀន ពូកែ សិស្សរៀន​មធ្យមផង និង​មានសិស្ស​រៀន​ខ្សោយផង។ សិស្ស​ទាំង៣​ប្រភេទ​នេះ​តែង​មាន​ការចូលរួម​រៀន​ជាមួយគ្នា​​ដែល​គេ​បាន​ស្តាប់គ្នាទៅវិញ​ទៅមក និង​មាន​ការ​សាកសួរ​គ្នាទៅ​វិញទៅមក​ផង។ ជាពិសេស​សិស្សក្នុង​​ក្រុម​តែង​មាន​ការ​យល់​ ឬបាន​ចេះ​ដូច​គ្នា និងស្មើគ្នា។ ក្នុងនោះ ចំពោះ​សិស្ស​ដែល​រៀន​ខ្សោយ​ក៏​មាន​មុខ​មាត់​ស្រស់​ស្រាយ ជាមួយ​នឹងគេ​តាមសមាជិក​ក្រុម​ដែល​បាន​អនុវត្ត​ការងារ​បាន​ត្រឹមត្រូវ​ហើយ​ដែល​ជាជោគ​ជ័យ​រួមគ្នា​ទាំង​ស្រុង។


ម្យ៉ាង​ទៀត​ប្រសិនបើ​គ្រូ​បង្រៀន​បាន​ដាក់​កិច្ច​ការ​ឲ្យក្រុម​នីមួយៗ ត្រូវបំពេញនោះ​ក៏​មាន​ការ​បែង​ចែក​សមាជិក​ក្រុម​ផ្សេងទៀតដែរ។ ឧទាហរណ៍​ថា មាន​ក្រុម​សិស្ស​រៀន​ពូកែ ២ក្រុម ក្រុម​សិស្ស​រៀនមធ្យម​៣ក្រុម និងក្រុម​សិស្ស​រៀនយឺត២ក្រុម។ បន្ទាប់គ្រូបង្រៀន​​បានកំណត់​ដោយ​ការដាក់​ប្រធាន​បទ​ឲ្យសិស្ស​ធ្វើដោយឡែកៗ តាមកម្រិត​នៃ​ក្រុម​គឺ ក្រុមសិស្ស​រៀន​ពូកែ មានប្រធាន​បទ​បែប​​ពិបាកជាងគេ ក្រុម​សិស្សរៀន​មធ្យម​ដាក់​កិច្ច​ការ​ល្មមៗ ដោយមិនសូវ​ពិបាក​ពេក និង​ក្រុមសិស្ស​រៀន​ខ្សោយ គ្រូដាក់​​ប្រធានបទ​បែប​ងាយស្រួល​ជាង​គេ។ បានសេចក្តីថា សិស្សក្នុង​ថ្នាក់ទាំង​មូល​​សុទ្ធតែ​អនុវត្ត​កិច្ច​ការ​បានសម្រេច​ជោគជ័យ​ទាំង​អស់​គ្នា។ ទាំង​សិស្ស​រៀន​ពូកែ​ និងទាំង​សិស្ស​រៀន​មធ្យម​និងទាំងសិស្ស​រៀន​ខ្សោយ ផងនោះ បានសម្រេច​តាមគោល​បំណង​របស់​ខ្លួនម្នាក់ៗ គឺជោគជ័យ​ ឬទៅ​ដល់​ទិសដៅ​ស្មើ​គ្នា។


ដូចនេះ​នៅពេល​ដែល​សិស្ស​ម្នាក់ៗ បាន​បញ្ចេញ​នូវ​សមត្ថភាព​ផ្ទាល់​ខ្លួន​ក្នុងការ​អនុវត្ត​កិច្ច​ការ​បានសម្រេច​ជោគជ័យ​ហើយនោះ ពួក​គេតែង​មាន​ការ​សប្បាយរីករាយ​ចិត្ត និង​មាន​ចិត្ត​ចង់​រៀន​និងចង់​បន្តការ​ស្រាវជ្រាវ​ប្រកប​ដោយ​ការឧស្សាហ៍ព្យាយាមប្រឹង​ប្រែង​គ្រប់​គ្នាដើម្បី​បាន​បន្ត​នូវ​ការទទួលនូវ​ជោគជ័យ​ថ្មីទៀត ពិត​ប្រាកដ៕



គោល​បំណង​ នៃ​ការ​បង្រៀន​របស់​គ្រូ ដើម្បី​ឲ្យ​​សិស្ស​ទទួល​បាន​​ជោគ​ជ័យ

Post a Comment

0 Comments

Close Menu