Ad Code

ខ្មែរ​ស្មើ​១ ចាញ់​១ ក្នុងការ​ប្រកួត​ជាមួយ​ថៃ​នៅ​SEA-TV

ប្រដាល់ ៖ អ្នក​ប្រដាល់​កម្ពុជា ​ឃីម ឌី​ម៉ា ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ បាន​ត្រឹម​តែ​ស្មើ​ជា​មួយ Chheang Krai អ្នក​ប្រដាល់​ជនជាតិ​ថៃ​ប៉ុណ្ណោះ ក្នុងការ​ជួបគ្នា​នៅលើ​សង្វៀន​SEA-TV​ កាលពី​រសៀល​ថ្ងៃអាទិត្យ ​ទី​២៣ ខែ​សីហា។


ឃីម ឌី​ម៉ា បាន​ស្មើ​ជាមួយ​Chheang Krai នេះ ចាត់ទុកថា​ជា​សំណាងល្អ​ហើយ ​ព្រោះ​បើតាម​ការ​កត់សម្គាល់​នៅក្នុង​ការប្រកួត​របស់​គេ​ជាមួយ​អ្នក​ប្រដាល់​ថៃ​នោះ គឺ ឌី​ម៉ា​ មានតែ​ចាញ់​ប្រៀប​គេ មិនមាន​ប្រៀប​ឈ្នះ​លើ​Chheang Krai នោះឡើយ​ក្នុងការ​ប្រកួត​គ្នា​៥​ទឹក​នោះ។​

Chheang Krai ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​SEA-TV​ម្តង​ហើយ​ កាលពី​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥ ដោយ​វាយ​ចាញ់ ​ឯម វិចិត្រ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​ក្នុង​ទឹក​ទី​៤ ។​ អ្នក​ប្រដាល់​ថៃ​នេះ ចាញ់​ វិចិត្រ​ ពេលនោះ​ដោយសារតែ​គេ​វាយ​ខុស​លក្ខន្តិកៈ​ប្រកួត​តែប៉ុណ្ណោះ ដោយ​វាយ​កែង​ថែម​ទៅលើ​ក្បាល​ផ្នែក​ខាងក្រោយ​របស់ ​ឯម វិចិត្រ ធ្វើ​ឲ្យ​អាជ្ញាកណ្តាល​ពិន័យ​ឲ្យ​ចាញ់​តែម្តង។

សម្រាប់​ការប្រកួត​ជាមួយ​ ឃីម ឌី​ម៉ា លើក​នេះ Chheang Krai ក៏មាន​ប្រៀប​ឈ្នះ​លើ​ ឌី​ម៉ា ដែរ ដោយ​គេ​បាន​វាយ​ចេញ​បាន​ច្រើន​ និង​ចំ​គោលដៅ​បាន​ច្រើនជាង​ការ​វាយ​ចេញ​របស់ ​ឌី​ម៉ា។ តែ​យ៉ាង​ណា អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​មិន​ឈ្នះ ​ឌី​ម៉ា​ ដាច់​ដែរ ទើប​គណៈកម្មការ​ឲ្យ​ស្មើគ្នា​តែម្តងទៅ។​

សេក គឹម​ផៃ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប គេ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ RE DA ដោយ​ពិន្ទុ បន្ទាប់ពី​ពួកគេ​ទាំងពីរ ប្រកួត​គ្នា​ប្រាំ​ទឹក​ពេញ​នោះ។


ជាការ​បរាជ័យ​លើក​ទី​១​របស់​ គឹម​ផៃ​ ហើយ ដែល​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ នៅ​សង្វៀន​ភ្នំពេញ​នេះ។ នៅក្នុង​ស្រុក គឹម​ផៃ​ ជា​អ្នក​ប្រដាល់​ដែល​វាយ​មិនចេះ​ខ្លាច និង​មិនសូវ​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​នោះទេ។

RE DA គេ​ជា​អ្នក​ប្រដាល់សកល​អាជីព​ទេ។ ក្នុង​វ័យ​៤០​ឆ្នាំ​ទៅហើយ RE DA​នៅតែ​រហ័ស​ និង​ខ្លាំង។ ទម្ងន់​ជើង​ទាត់​របស់គេ​ខ្លាំង ​និង​ធ្ងន់ ​ធ្វើឲ្យ​ គឹម​ផៃ ពិបាក​ទប់ទល់​ដែរ។ ដូច្នេះហើយ ទើប ​គឹម​ផៃ​ចាញ់​ពិន្ទុ RE DA នោះ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ តក់ សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ ប្រកួត​ចាញ់ ឆៃ សា​រ៉ា អ្នក​ប្រដាល់​សមាគម​កីឡា​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ។

តក់ សោ​ភ័​ណ្ឌ ត្រូវ ឆៃ សា​រ៉ា វាយ​កែង​បែក​លើក​ភ្នែក​ខាងឆ្វេង​ក្នុង​ទឹក​ទី​២ និង​បែក​មួយកន្លែង​ទៀត​ក្នុង​ទឹក​ទី​៣ ដោយសារតែ​កែង​របស់​សា​រ៉ា។​

ភួង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ វាយ​ឈ្នះ ​អៀម ដា​វុ​ធ អ្នក​ប្រដាល់​ក្លិប​កង​ទ័ព​ជើងទឹក ក្នុង​ទឹក​ទី​៥។


*សង្វៀន​Black Cat

​អ្នក​ប្រដាល់​ចេង គា ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ចាញ់​ គង់ សំបូរ អ្នក​ប្រដាល​សមាគម​កីឡា​ក្រសួង​ការពារជាតិ ក្នុង​ទឹក​ទី​៤ ក្នុងការ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម នៅ​យប់​ថ្ងៃអាទិត្យ ​ទី​២៣ ខែ​សីហា ២០១៥​នេះ នៅ​កម្មវិធី​ប្រដាល់​Black Cat លើស​ង្វៀន​SEA-TV។​

ចេង គា ជា​អ្នក​ប្រដាល់​ដែល​មិនមាន​ឈ្មោះ​ល្បី​អី​ទេ។​ ក្នុងការ​ប្រកួត​ជាមួយ​សំបូរ​នេះ ចេង គា​ ត្រូវ ​សំបូរ​ ទាត់​ប៊ិះៗ​តែ​សន្លប់។ ក្នុង​ទឹក​ទី​២ ចេង គា​ ត្រូវ​អាជ្ញាកណ្តាល​រាប់​៨​ម្តង ដោយសារតែ​ឈឺសន្លាក់​កែងដៃ​ស្តាំ ហើយ​មកដល់​ទឹក​ទី​៣ គេ​ត្រូវ​រាប់​៨​ម្តងទៀត និង​មកដល់​ទឹក​ទី​៤ ចេង គា ក៏​បោះបង់​ការប្រកួត​តែម្តង។​

គុន សំណង អ្នក​ប្រដាល់​នៃ​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ គួ​ន ប៊ុន​ហ៊ីម អ្នក​ប្រដាល់​មកពី​ក្លិប​ពន្លឺ​សាមគ្គី ខេត្តបាត់ដំបង​ដោយ​ពិន្ទុ។ សិទ្ធ ចន្ទ្រា អ្នក​ប្រដាល់​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ឈ្នះ​ សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក​ដោយ​ពិន្ទុ​ដែរ។ ឯ ចាប សុភា អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ឈ្នះ ង៉ែ​ត្រ បូ​រិ​ន អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ​ដែរ។


*ចាន់ ប៊ុន​ថឿ​ន ​ឈ្នះ ង៉ែត រដ្ឋា​ លើ​សង្វៀន​K.Cement

អ្នក​ប្រដាល់​ចំណូល​ថ្មី​ ចាន់ ប៊ុន​ហឿន ក្លិប​និរោធ​មានជ័យ បាន​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ជើងចាស់ ង៉ែត រដ្ឋា ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ ក្នុងការ​ជួបគ្នា​លើស​ង្វៀន K. Ce ment កម្មវិធី​ប្រដាល់​SEA-TV កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​២៣ ខែ​សីហា ឆ្នាំ​២០១៥។

ង៉ែត រដ្ឋា ប្រកួត​ចាញ់​ពិន្ទុ​ ចាន់ ប៊ុន​ហឿន ដាច់​តែម្ដង ដោយ​ក្នុង​ប្រាំ​ទឹក​រដ្ឋា​ចេញ​កណ្តាប់ដៃ​បានតែ​មួយ​ទឹក​ទី​៣​មួយ​ប៉ុណ្ណោះ ក្រៅពី​ហ្នឹង​គឺ​អត់​ចេញរួច​តែម្តង។

អ្នក​ប្រដាល់ ​បឺត វ៉ាន់ឌី ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក បានឈ្នះ​លើ​គូប្រកួត​របស់គេ គឺ ឆេង លាង ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នៅក្នុង​ទឹក​ទី​២។ វ៉ាន់ឌី ឈ្នះ​ដោយ​ហេង​បំផុត ព្រោះ​ក្នុង​ការ​ប្រកួត​ទឹក​ទី​២​នេះ ឆេង លាង វាយ​បុក​កែង​មកលើ សឹងតែ​មិនអាច​ការពារ​បាន តែ​សំណាង​គេ​បាន​បញ្ជូន​កែង​យ៉ាង​ប្រថុយ ទៅលើ​មុខ ​ឆេង លាង បណ្តាល​ឲ្យ​ឆេង លាង ដួលសន្លប់​ធំ​តែម្តង​នៅក្នុង​ទឹក​ទី​២​នោះ។​

ស្ថានភាព​នៃ​ការប្រកួត ឆេង លាង ហាក់ដូចជា​មានប្រៀប​ជាង​តែ​នៅ​ទឹក​ទី​២ ​ដោយសារតែ​ឃើញ​គូប្រកួត​ចាញ់​ប្រៀប​ខ្លួន​នោះ​ ឆេង លាង​ ព្យាយាម​សម្រុកចូល តែ​ភ្លាត់ស្នៀត​ត្រូវ​កែង​ វ៉ាន់ ឌី​មួយ​ទំហឹង​បណ្ដាល​ឲ្យ​សន្លប់​ក្រោក​លែងរួច។​

ម៉ន ខួច ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ឈ្នះ​ សំរាំង ភក្តី​ ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ​ដាច់​តែម្ដង។ ភក្ដី ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​នៅ​ទឹក​ទី​៣ និង​ទឹក​ទី​៤ ​តែ​គេ​ខំ​តស៊ូ​រហូត​ចប់​ទឹក​ទី​៥ ដោយ​សុខចិត្ត​ចាញ់​ពិន្ទុ​ម៉ន ខួច។​ ចំណែក ​ម៉ឺន សៃ ក្លិប​កងយោធពល​ខេមរ​ភូមិន្ទ សងសឹក​ជាមួយ ​ណឿ កូប ក្លិប​តា​ព្រហ្ម​មានជ័យ​មិនបាន​សម្រេច​នោះទេ។


*រឿ​ម វ​ណ្ណះ ឈ្នះ​គឹម វាសនា​ យ៉ាង​វេទនា​

អ្នក​ប្រដាល់ គឹម វាសនា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ បានធ្វើ​ឲ្យ​អ្នក​ប្រដាល់​ជើងចាស់ ​រឿ​ម វណ្ណៈ ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​មាន​របួស​២​កន្លែង​នៅក្នុង​ការប្រកួត​នា​ល្ងាច​ថ្ងៃទី​២២ ​ខែ​សីហា​លើ​សង្វៀន SEA-TV។​

គ្មាន​នរណា​នឹកស្មាន​ដល់​ថា វាសនា​ អាចជា​ដៃគូ​ជាមួយ ​រឿ​ម វណ្ណៈ ​នោះឡើយ។ តែ​សម្រេច​សម្រួល​ទៅ វាសនា​ បានធ្វើ​ឲ្យ​ រឿ​ម វ​ណ្ណះ បែក​ឈាម ​និង​ក្តៅស្លឹកត្រចៀក ដោយសារ​វាសនា ប្រើ​កែង​ ធ្វើ​ឲ្យ ​វណ្ណៈ​ មាន​របួស​លើ​ចិញ្ចើម​ទាំងសងខាង។ តែ​នៅ​ដើម​ទឹក​៣​ វាសនា​ភ្លាត់​ស្នៀត​ត្រូវ​មួយ​កែង​របស់ ​វណ្ណៈ ​បណ្ដាល​ឲ្យ​ដួល​បះជើង ​ហើយ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨​ ទើប​បន្ត​ការ​ប្រកួត​បាន​ទៀត។​

អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​៥​ទឹក​ពេញ ​ហើយ​ រឿ​ម វណ្ណៈ​ បានទទួល​ជ័យជំនះ​លើ ​គឹម វាសនា​ដោយ​ពិន្ទុ​ទាំង​វេទនា។​


ប៊ី ចាន់ណា អ្នក​ប្រដាល់​ក្លិប​ព្រះខ័ន​រាជ​ប្រកួត​ឈ្នះ ស៊ូ ពី ក្លិប​ពោធិ៍​ជ័យ​កីឡា​នៅ​ទឹក​ទី​៣។ អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។​

ស៊ូ ពី​ ត្រូវ​អាជ្ញាកណ្ដាល​រាប់ ៨ នៅ​ទឹក​ទី​១ និង​ទី​៣​ ហើយ​ទីបញ្ចប់​អាជ្ញាកណ្ដាល ​នួន បូរ៉ា​បង្ខំ​ចិត្ត​បញ្ចប់​ការប្រកួត​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣ ដោយសារតែ ស៊ូ ពី គ្មាន​សមត្ថភាព។​


សេង កំសត់ ក្លិប​គី​សែ​មាន​រិ​ទ្ធ​សន្លប់​នៅ​ទឹក​ទី​៤ ដោយសារ​ជង្គង់​ គឿ​ម សុវណ្ណ​នឿ​ត​ ក្លិប​ឃ្លាំង​មឿង​កីឡា។ ធន តា​រ៉ា​ ក្លិប​កងយោធពល​ខេមរភូមិន្ទ​ប្រកួត​ចាញ់​ពិន្ទុ​ គីន ធារ៉ា​ ក្លិប​រស្មី​កុមារ​កំព្រា​ដោយ​ពិន្ទុ និង​ប៊ី ឆា​នី​ ក្លិប​កងពល តូច​លេខ​៤១ សន្លប់​នៅ​ទឹក​ទី​២​ ដោយសារ​ជង្គង់ ​រឿង ធា​រិ​ន​ក្លឹប​គុន​ខ្មែរ​អង្គរ៕
Pisey-2015-08-24-full-C


Pisey-2015-08-24-full-C1


Pisey-2015-08-24-full-C4


Pisey-2015-08-24-full-C7



ខ្មែរ​ស្មើ​១ ចាញ់​១ ក្នុងការ​ប្រកួត​ជាមួយ​ថៃ​នៅ​SEA-TV

Post a Comment

0 Comments

Close Menu