Ad Code

គំនុំ​ចាស់​រើ​ឡើង​ចំ​ពេល​ស្រវឹង​​​ទាញ​ប៉័ងតោ​កាប់​តែ​ម្តង

បាត់ដំបង​ ៖​​ ជនរងគ្រោះ​ម្នាក់​បាន​រង​របួស​នៅ​ត្រង់​ក្បាល​ចំនួន​៤​ថ្នេរ ​បន្ទាប់ពី​មាន​ការ​ផឹក​ស៊ី​ស្រវឹង​ស្រឿងៗ​​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ត្រង់​ចំណុច​ភូមិ​អូរ​មុនី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ហើយ​បាន​ប៉ះទង្គិច​នូវ​ពាក្យ​សម្តី​ ក៏​ត្រូវ​ភាគី​ម្ខាង​កាំបិត​ប៉័ងតោ​កាប់​តម្រង់​ក្បាល​តែ​ម្តង តែ​ជា​សំណាងល្អ​បាន​បងប្អូន​ជួយ​ចាប់​ទាន់។


លោក​មួ ឡាន អធិការរង​ស្រុក​សង្កែ​ទទួលបន្ទុក​ការងារ​យុត្តិធម៌​បាន​បញ្ជាក់​ថា កន្លងមក​ជន​ទាំង​ពីរ​នាក់​នេះ​ធ្លាប់​មាន​ទំនាស់​នឹង​គ្នា​ផង លុះ​នៅមុន​ពេល​កើតហេតុ​ជន​ទាំងពីរ​នាក់​នេះ​បាន​ផឹក​ស៊ី​នៅ​វង់​ផ្សេងគ្នា​ ដែល​មាន​ចម្ងាយ​ប្រហែល​មួយ​រយ​ម៉ែត្រ​ពី​គ្នា​គឺ​ជន​បង្ក​ផឹក​នៅផ្ទះ​ រីឯ​ជនរងគ្រោះ​ផឹក​នៅក្នុង​តៀមស្រា ដោយមាន​បក្ខពួក​រៀងៗ​ខ្លួន។


លោក​អធិការរង​បាន​បន្ត​ថា នៅ​ពេល​ ដែល​ពួកគេ​ចាប់ផ្ដើម​ស្រវឹង ​គឺ​បក្ខពួក​របស់​ជនរងគ្រោះ​បាន​ដើរ​សំដៅ​ទៅ​ផ្ទះ​របស់​ជន​បង្ក​រហូត​បង្កើត​ជា​បញ្ហា ​ដោយ​ឃើញ​សភាព​បែប​នេះ​ជនរងគ្រោះ​ដែល​មាន​ឈ្មោះ​ថោង តាំង​ហូ ​ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ បាន​ទៅតាម​ហៅ​បក្ខពួក​របស់​ខ្លួន​ឲ្យ​ត្រឡប់​មក​កន្លែង​ផឹក​​ស៊ី​វិញ។ ប៉ុន្តែ​នៅ​ពេល​ដែល​ជនល្មើស​ឈ្មោះ​វ៉េ​ត ណាត់ ហៅ​គក់ ​ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​បាន​ឮ​សំឡេង​មនុស្ស​ ដែល​ខ្លួន​ធ្លាប់​មាន​ទំនាស់​ពី​មុន​មក ទើប​ធ្វើ​ឲ្យ​គំនុំ​ចាស់​បាន​រើ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​​រហូត​ស្ទុះ​ទៅ​ទាញ​កាំបិត​ប៉័ងតោ​ពី​ចង្ក្រាន​បាយ​មក​បម្រុង​នឹង​កាប់​ក្បាល​ តែ​ត្រូវ​បាន​ម្ដាយ​លើក​ដៃ​ចាប់​ទើប​ធ្វើ​ឲ្យ​កាំបិត​នោះ​ជ្រុះ​ពី​ដៃ​ធ្លាក់​ទៅ​ត្រូវ​ក្បាល​ជនរងគ្រោះ​តែ​ម្ដង​ ដែល​ត្រូវ​ព្យាបាល​អស់​ចំនួន​៤​ថ្នេរ។


បន្ទាប់ពី​បាន​ឃាត់ខ្លួន​ទាំង​យប់​យក​មក​កាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ​រួចមក​​​ទើប​ដឹង​ថា​ជន​ទាំងពីរ​នាក់​នេះ​ធ្លាប់​មាន​គំនុំ​ពី​មុន​មក​ ដោយសារ​ទំនាស់​ក្នុង​ពេល​ផឹក​ស៊ី​​​ផង​ដែរ ទើប​មាន​រឿងរ៉ាវ​កើតឡើង​បែបនេះ ដោយ​អ្នក​ទាំងពីរ​ត្រូវជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ផង ប៉ុន្តែ​ជនសង្ស័យ​ត្រូវ​បាន​គេ​ទាមទារ​សំណង​មួយ​លាន​កន្លះ​ សម្រាប់​ថ្លៃ​ព្យាបាល​៤​ថ្នេរ។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​ត្រៀម​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​ហើយ៕



គំនុំ​ចាស់​រើ​ឡើង​ចំ​ពេល​ស្រវឹង​​​ទាញ​ប៉័ងតោ​កាប់​តែ​ម្តង

Post a Comment

0 Comments

Close Menu