Ad Code

ទារក​និង​កុមារ​ស្ថិត​ក្នុងចំណោម​មនុស្ស​៣៤​នាក់​ដែល​បាន​ស្លាប់​ក្នុងការ​លិច​ទូក

មនុស្ស​យ៉ាងហោចណាស់​៣៤​នាក់​ដោយ​រួម​ទាំង​ទារក​ និង​កុមារ​១៥​នាក់​ផង​នោះ​បាន​លង់​ទឹក​ស្លាប់​នៅ​ពេល​ដែល​ទូក​របស់​ពួកគេ​បាន​ក្រឡាប់​នៅ​កោះ​របស់​ប្រទេស​ក្រិ​ក​កាលពី​ថ្ងៃអាទិត្យ​ដែល​វា​ជា​សោកនាដកម្ម​ជន​ចំណាកស្រុក​ចុងក្រោយ​បំផុត​នៅក្នុង​សមុទ្រ​។​



ទារក​បួន​នាក់​និង​កុមារ​តូចៗ​១១​នាក់ (​កុមារា​ប្រាំមួយ​នាក់​និង​កុមារី​ប្រាំ​នាក់​)​គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​នៅ​លើ​ទូក​ឈើ​នោះ​ នៅ​ពេល​ដែល​វា​បាន​លិច​នៅ​កោះ Farmakonisi ​ខណៈ​ជនរងគ្រោះ​ចំនួន​៨​នាក់​ត្រូវ​បាន​ប្រទះឃើញ​ដោយ​ឆ្មាំ​សមុទ្រ​។​



តួ​លេខ​ចុងក្រោយ​ដែល​ផ្តល់​ដោយ​ឆ្មាំ​សមុទ្រ​បាន​បង្ហាញថា មនុស្ស​សរុប​ចំនួន​៣៤​នាក់​ត្រូវ​បាន​គេ​រក​ឃើញ​ស្លាប់​ ខណៈ​ពេល​ដែល​មនុស្ស​៦៨​នាក់​ផ្សេងទៀត​ត្រូវ​បាន​ស្រង់​ចេញពី​សមុទ្រ​ទាំង​នៅ​រស់​ចំណែក​៣០​នាក់​បាន​ព្យាយាម​ហែល​រក​កន្លែង​សុវត្ថិភាព​នៅ​លើ​ឆ្នេរ​នៃ​កោះ​នេះ​។​



ទោះបីជា​យ៉ាងណាក៏ដោយ ចំនួន​ពិតប្រាកដ​នៃ​អ្នក​ដែល​ជិះ​នៅ​លើ​ទូក​នោះ​នៅតែ​មិនទាន់​ត្រូវ​បាន​គេ​ដឹង​ប៉ុន្តែ​គេហទំព័រ ANA បាន​ឲ្យ​ដឹង​ថា ទូក​នោះ​មាន​ភាព​ចង្អៀត​ហើយ​បាន​លិច​ដោយ​សារតែ​ខ្យល់​បក់​ខ្លាំង​នៅ​តំបន់​នោះ​។​



ទន្ទឹម​នោះ​នាវា​កងទ័ពជើងទឹក​របស់​ក្រិ​ក​បាន​យក​សាកសព​ទៅកាន់​ក្រុង Rhodes ខណៈ​ពេល​ដែល​អ្នក​នៅ​រ​ស់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​តំបន់ Leros។​



ដោយឡែក​ឆ្មាំ​សមុទ្រ​ក៏​កំពុង​ស្វែងរក​ផង​ដែរ​ចំពោះ​កុមារ​បួន​នាក់​ដែល​នៅតែ​បន្ត​បាត់​ខ្លួន​បន្ទាប់ពី​ទូក​មួយទៀត​បាន​ក្រឡាប់​កាលពី​ថ្ងៃ​សៅរ៍​នៅ​កោះ Samos របស់​ក្រិ​ក​ដែល​ស្ថិតនៅ​ជិត​ឆ្នេរសមុទ្រ​ប្រទេស​ទួរគី​។​



សោកនាដកម្ម​នា​ពេល​ចុងក្រោយ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ការ​ស្លាប់​របស់​ក្មេង​ស៊ី​រី​ម្នាក់​ដែល​សព​ត្រូវ​បាន​គេ​ថត​នៅ​លើ​ឆ្នេរ​ខ្សាច់​របស់​ប្រទេស​ទួរគី​កាលពី​សប្ដាហ៍​មុន​ហើយ​វា​បាន​ក្លាយជា​និមិត្តរូប​នៃ​ជនភៀសខ្លួន​ដែល​កំពុង​រត់​ចេញពី​ប្រទេស​មាន​សង្គ្រាម​។​



អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​បាន​និយាយ​ថា រហូតមកដល់​ពេលនេះ​មាន​ជន​អន្តោ​ប្រវេសន៍​ និង​ជនភៀសខ្លួន​ជាង ៤៣០ ០០០​នាក់​បាន​ឆ្លងកាត់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ទៅកាន់​អឺរ៉ុប​នៅ​ក្នុង​ឆ្នាំ ២០១៥ ខណៈ​អ្នក​ស្លាប់​និង​បាត់​ខ្លួន​នៅ​តាម​ផ្លូវ​មាន​ចំនួន​២៧៤៨​នាក់​។​



ស្រប​ពេល​ជាមួយគ្នា​នោះ គណបក្ស​ឆ្វេងនិយម Syriza របស់​ប្រទេស​ក្រិ​ក​ដែល​មាន​គោល​បំណង់​ចង់​បោះឆ្នោត​ឡើងវិញ​នៅ​ថ្ងៃអាទិត្យ​ក្រោយ​នោះ​បាន​អំពាវនាវ​ឲ្យ​មាន​ជំនួយ​ពី​ខាងក្រៅ​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​។​



គណបក្ស​នេះ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ “​យើង​គួរតែ​កាន់ទុក្ខ​ប៉ុន្តែ​ក៏​ធ្វើ​សកម្មភាព​ផង​ដែរ​”​។ សេចក្តី​ថ្លែងការណ៍​នេះ​បាន​រៀបរាប់​ថា លំហូរ​ដ៏​ធំ​នៃ​ជនភៀសខ្លួន​គឺជា​បញ្ហា​នៃ​អឺរ៉ុប​និង​សកលលោក​ទាំងមូល​៕


AFP




ទារក​និង​កុមារ​ស្ថិត​ក្នុងចំណោម​មនុស្ស​៣៤​នាក់​ដែល​បាន​ស្លាប់​ក្នុងការ​លិច​ទូក

Post a Comment

0 Comments

Close Menu