គ្រូបង្រៀនគឺ ពិតជាពុម្ពគំរូ ដល់សិស្សមែន។ មានន័យថា ការឆ្លាក់ពុម្ពនោះយ៉ាងណា ក៏សម្ភារៈដែលផលិតចេញបានពីការបោះពុម្ពនោះតែងមានលំនាំដូចគ្នាបេះបិទទៅនឹងសណ្ឋាន ឬជាលក្ខណៈរបស់ពុម្ពនោះដែរ។ យ៉ាងណាមិញចំពោះលទ្ធផល និងដំណើរការប្រឡងបាក់ឌុបកន្លងមកនេះ ដែលមានរយៈពេល២ឆ្នាំសិក្សាមកហើយបានល្អគួរទទួលយកបាននោះព្រោះតែក្រសួងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ហ្មត់ចត់ទៅលើគ្រូ បង្រៀនដែលមានតួនាទីជាអនុរក្ស និងជាគ្រូខាងកំណែពិតប្រាកដ។
បានសេចក្តីថា អ្វីដែលគ្រូបង្រៀនបានអនុវត្តត្រឹមត្រូវតាមបទបញ្ជានោះហើយដែលបណ្តាលឲ្យសិស្ស ឬបេក្ខជនបានអនុវត្តត្រង់ផ្លូវផងដែរ។ ដ្បិតសិស្ស ឬបេក្ខជនចាំមើលទៅតាមចំណុចខ្សោយ ឬជាចំណុចខ្វះខាតរបស់គ្រូប៉ុណ្ណោះ។ ជាក់ស្តែងចំពោះបញ្ហាពុករលួយនៅពេលប្រឡងលើកមុនៗ នោះក៏ជាមានមូលដ្ឋានចេញពីគ្រូនោះដែរពោលគឺ មិនមែនជាការបង្កើតឡើងដោយសិស្ស ឬពីបេក្ខជននោះវាគ្រាន់តែជាជំហានទី២ ដែលបោះតាមពីក្រោយជំហានរបស់គ្រូពិតប្រាកដ។ ឧទាហរណ៍អំពីរឿងចាស់កន្លងមកដែលបណ្តាលឲ្យបេក្ខជនរៃអង្គាសលុយជូនមេប្រយោគតាមបន្ទប់នោះវាពិតជាផ្តើមចេញពីការបូញមាត់បត់ដុំដៃពីគ្រូតែម្តងទើប បេក្ខជនហ៊ានអនុវត្តតាម។ ផ្ទុយទៅវិញបើគ្រូ ឬមេប្រយោគមិនមានគំនិតពុករលួយទេនោះ ក៏បេក្ខជនមិនហ៊ានប្រព្រឹត្តយ៉ាងនេះដែរ។
ទាំងការងារផ្សេងទៀតក៏វាទាក់ទងនឹងបញ្ហាផ្ទៃក្នុងផងដែរ ទៅតាមមណ្ឌលប្រឡងនីមួយៗ នោះ។ ជាក់ស្តែងចំពោះអ្នកបោះប្រ៊ុយយ៉ុងកន្លងមកតែងនិយាយថា ឲ្យលុយទៅបូ៉លិសហើយបូ៉លិសយកទៅបោះតាមបង្អួចនៃបន្ទប់ប្រឡងសំដៅឲ្យដល់បេក្ខជនជាគោលដៅ។ ប៉ុន្តែផ្ទុយទៅវិញប្រសិនបើបូ៉លិសមិនបានប្រព្រឹត្តនូវអំពើពុករលួយទេនោះ ក៏មិនអាចមានប្រ៊ុយយ៉ុងចូលបាននោះដែរ។ ចំណែកឯការងារកំណែកិច្ចការក្នុងការដាក់ពិន្ទុទៀត សោតក៏មិនអាចមានអំពើពុករលួយកើតឡើងបានដែរកាលណាគណៈកម្មការមណ្ឌលនីមួយៗ មានការរឹតបន្តឹងផ្នែកវិន័យបានល្អខ្ជាប់ខ្ជួន។ ជាពិសេសប្រធានមណ្ឌល ឬថ្នាក់គ្រប់គ្រងមណ្ឌលតែម្តងដែលគេធ្វើការប្រៀបប្រដូចនឹងទ្វារសម្រាប់បិទបើកនោះ។ កាលណាទ្វារនោះបិទជិតឈឹងក៏មិនអាចមានអ្នកចូលបានឡើយ។ ប៉ុន្តែផ្ទុយទៅវិញបើទ្វារនោះមានភាពធូររលុងនោះ ទើបគេអាចបើកចូលបានតាមចិត្តចង់។ ជាពិសេសកាលណាទ្វារនោះធូររលុងតែងបណ្តាលឲ្យទ្វារដទៃទៀត ក៏យកតម្រាប់តាមបែបកាន់តែធូរបន្តទៀតជាមិនខាន។ ជាពិសេសណាស់ទាក់ទងនឹងអ្វីដែលជាជោគជ័យក្នុងការប្រឡងនោះគឺ គន្លឹះដ៏សំខាន់នៅលើប្រធានមណ្ឌល ឬជាគណៈគ្រប់គ្រងមណ្ឌលតែម្តង។ នេះជាគំរូដ៏ល្អសម្រាប់បន្តការអនុវត្តនៃអនុរក្សតាមបន្ទប់ក៏ដូចជាសព្វសរសៃញាក់ជាខ្សែបណ្តាញទាំងអស់សម្រាប់ទ្រងទ្រង់នៃការប្រឡងឲ្យមានប្រសិទ្ធភាពផងដែរ។ ដ្បិតគំរូល្អនេះ វាជាគោលដៅសម្រាប់ជាការតម្រង់ទិសទៅតាមការងារនៃគ្រប់ខ្សែបណ្តាញទាំងអស់ឲ្យអនុវត្តបានល្អឆ្ពោះទៅតាមចំណុចនោះដែរ។ បើយើងធ្វើការសង្ខេបឲ្យខ្លីនិងមានការងាយយល់នោះគឺ គ្រូជាគំរូដល់សិស្សទាំងការងារបង្រៀន និងរៀនគ្រប់មុខវិជ្ជាផង និងទាំងសកម្មភាពជាឥរិយាបថផងទាំងពួងទាក់ទងនឹងសីលធម៌នៃការរស់នៅផង និងឆ្ពោះទៅតាមច្បាប់រដ្ឋផង។
ដូចនេះហើយនៅពេលដែលគេឃើញសិស្សមានសមត្ថភាពល្អ ឬមានគុណភាពខ្ពស់ និងមានសីលធម៌ល្អ នោះគេពិតជាមិនអាចមើលរំលងពីការបង្រៀន និងពីការអប់រំទូន្មានប្រៀនប្រដៅពីគ្រូនោះបានឡើយ។ គឺគ្រូយ៉ាងណាសិស្សក៏យ៉ាងនោះដែរ ហើយក៏មិនខុសពីសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមគ្រួសារនីមួយៗ នោះដែរដែលពាក្យចាស់បានពោលថា «ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅ ឲ្យមើលផៅសន្តាន»។ ដោយឡែកចំពោះវិន័យល្អ និងការគោរពបញ្ជាដ៏ខ្ជាប់ខ្ជួនពីគ្រូសម្រាប់អនុវត្តបន្តតាមរយៈការគ្រប់គ្រងសិស្ស និងបេក្ខជនបានល្អនិងមានប្រសិទ្ធភាពពិតប្រាកដ៕
គន្លឹះដ៏សំខាន់ នៃការរៀបចំ សណ្តាប់ធ្នាប់ដល់សិស្ស
0 Comments