យន្ដហោះនៃអាកាសចរណ៍ London-bound British Airways មួយគ្រឿងបានឆាបឆេះបង្កជាអគ្គិភ័យមួយរំពេច ខណៈពេលកំពុងត្រៀមហោះហើរចាកចេញពី Las Vegas នាំឲ្យក្រុមអាកាសយានិកប្រញាប់ប្រញាល់បញ្ឈប់ការចាកចេញដំណើរ ព្រមទាំងជម្លៀសអ្នកដំណើរចេញ ដោយពួកគេរងការតក់ស្លុតជាខ្លាំង។
ប្រភពពីព្រលានយន្ដហោះអន្ដរជាតិ McCarran International Airport នៅ Las Vegas បាននិយាយថា មានអ្នកដំណើរ១៥៩នាក់ ព្រមទាំងក្រុមយានិក១៣នាក់នៅជើងហោះហើរនោះ។ ប្រភពដដែលបាននិយាយថា មនុស្ស៧នាក់ដែលស្ថិតនៅក្នុងយន្ដហោះដែលហៀបចាកចេញដំណើរ ហើយរងឧបទ្ទវហេតុនោះ ត្រូវបានទទួលការព្យាបាលដោយសាររងរបួសតិចតួច។
ស្ថាប័នផ្នែកអាកាសចរណ៍ Federation Aviation Administration បាននិយាយថាអណ្ដាតភ្លើងបានឆាបឆេះចេញពីម៉ាស៊ីនផ្នែកខាងឆ្វេងនៃយន្ដហោះ Boeing 777 ចំណុះ២៥៧កៅអីបានកើតមានឡើងភ្លាមៗក្រោយម៉ោង៤ល្ងាច (ម៉ោង២៣:០០ GMT) ហើយក្រុមយានិកបានផ្អាកការហោះហើរភ្លាមមួយរំពេច ដោយចេញបទបញ្ជាឲ្យមានការជម្លៀសអ្នកដំណើរភ្លាមៗផងដែរ។
អ្នកឆ្លើយឆ្លងទីភ្នាក់ងារព័ត៌មាន AFP ម្នាក់នៅឯព្រលានយន្ដហោះនោះបាននិយាយថា អណ្ដាតភ្លើងបានពន្លត់ទាន់ពេលដោយក្រុមពន្លត់អគ្គិភ័យប្រមាណ៥០នាក់ ដែលរូតរះទៅកាន់ទីកន្លែងនោះ ជាមួយនឹងរថយន្ដសង្គ្រោះបន្ទាន់ជាច្រើនគ្រឿងទៀត។
អ្នកដំណើរមួយចំនួនបានថតរូបភាពសោកនាដកម្ម ព្រមទាំងថតជាវីដេអូ ដែលបានបង្ហាញឲ្យឃើញពីផ្សែង និងអណ្ដាតភ្លើងកំពុងតែគ្របដណ្ដប់ទៅលើតួយន្ដហោះនោះ។
អ្នកដំណើរទាំងអស់នៃយន្ដហោះជួបប្រទះនឹងឧបទ្ទវហេតុនោះ ត្រូវបាននាំយកទៅកាន់សណ្ឋាគារមួយ ស្ថិតនៅក្បែរផ្លូវហោះហើរនៃយន្ដហោះនៅក្រុង Las Vegas ដើម្បីសម្រាកនៅក្នុងយប់នោះ ពេលត្រូវរង់ចាំជើងហោះហើរមួយទៀតឆ្ពោះទៅកាន់គោលដៅរបស់ពួកគេ៕
AFP
យន្ដហោះនៃអាកាសចរណ៍អង់គ្លេសBritish Airways ឆាបឆេះនៅLas Vegas បណ្ដាលឲ្យមានអ្នករងរបួសមួយចំនួន
0 Comments