ដូនតាបានទុកជាបណ្តាំឲ្យមានការកត់ចំណាំចំពោះមនុស្សដែលមានព្រំដីជាប់គ្នាថា “…មនុស្សល្អ ឬអាក្រក់ ឲ្យមើលព្រំ”។ បានសេចក្តីថា បញ្ហាព្រំដីនេះក៏បានឆ្លុះបញ្ចាំងមើលឃើញយ៉ាងច្បាស់ អំពីមនុស្សលោភលន់ ឬមនុស្សមានភាពសុចរិត ត្រឹមត្រូវនោះដែរ។ យ៉ាងនេះហើយទើបព្រះពុទ្ធបានសំយុងម្រាមដៃទាំង៥ចង្អុលទៅក្រោមដែលគេតែងនិយាយថា ព្រះអង្គបានយកព្រះធរណីជាសាក្សីពិតប្រាកដ។
ជាការពិតណាស់នៅក្នុងសង្គមមនុស្សជាពិសេសនៅក្នុងសង្គមខ្មែរតាំងពីបុរាណមកតែងមានទំនាស់វិបត្តិរហូតដល់មានជម្លោះប្តឹងផ្តល់គ្នាពីរឿងព្រំដីតាមរយៈការចោទប្រកាន់ថា ម្ខាងបានរំលោភយកពីអ្នកម្ខាង។ ជាពិសេសគេតែងនិយាយថា បញ្ហាទំនាស់ព្រោះដីមានទំហំទទឹងតែមួយហត្ថ ឬមួយចំអាម ប៉ុណ្ណោះ។ ការប្តឹងផ្តល់នៅដល់តុលាការជាច្រើនលើកច្រើនគ្រានៅតែមិនទាន់ដាច់ស្រេច ហើយដែលគេតែងចំណាំតែនិយាយថា គ្រាន់តែសោហ៊ុយចុះឡើង និងការចំណាយនោះ វាលើសពីថ្លៃដីនោះផង។ មានអ្នកខ្លះគេគិតឃើញវែងឆ្ងាយដោយគេខ្ជិលរវីរវល់នាំតែមានការខាតបង់កាន់តែច្រើននោះគឺ និយាយថា ឲ្យវាទូលដីនេះយកទៅចុះ ព្រោះទេវតាពិតជាមានភ្នែកប្រកបដោយយុត្តិធម៌។
បញ្ហាដីធ្លីនេះមិនថា តែប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនោះទេ គឺសូម្បីតែប្រទេស និងប្រទេសដែលមានព្រំដែនជាប់គ្នានោះក៏ភាគច្រើនមានទំនាស់តាមរយៈការចោទប្រកាន់គ្នាទៅវិញទៅមកនោះដែរ។ អ៊ីចឹងរឿងព្រះធរណីដែលធ្លាប់ផ្តល់នូវការរីកចម្រើននៃជីវិតនោះក៏ជាកម្មវត្ថុនៃការកេងបន្លំ និងដណ្តើមគ្នាដែរ។ នេះហើយដែលជាមហិច្ឆតាលោភលន់របស់មនុស្សដោយឥតមានការខ្លាចក្រែងរអែងពីរឿង ព្រះធរណីស្រូបនោះឡើយ។ ព្រោះបើព្រះធរណីស្រូបនោះនឹងនាំឲ្យលិចលង់កប់ទៅក្នុងដីស្លាប់…។ នេះជាទស្សនៈក្នុងសង្គមខ្មែរដែលដូនតាចំណាំតែនិយាយតៗមកយ៉ាងហ្នឹង។
ដោយឡែកចំពោះបញ្ហាទំនាស់ដីធ្លីបច្ចុប្បន្ននេះក៏បានចោទឡើងជាបញ្ហាធំដែលប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។ កន្លងមកនេះតាមព័ត៌មានពីទីជិតឆ្ងាយ ដូចជាតំបន់ព្រៃឈើ,តំបន់បឹង ឬទីទំនាបដែលមានទឹកដក់ក្នុងរដូវវស្សានោះ ច្រើនមានបញ្ហាពីការទិញដីក្នុងតម្លៃទាបពីប្រជាពលរដ្ឋ ហើយក៏មានការបោះបង្គោលដោយរំលោភយកដីប្រជាពលរដ្ឋ។ បញ្ហានេះតែងបណ្តាលឲ្យប្រជាពលរដ្ឋមានការខឹងសម្បា ឬមានប្រជាពលរដ្ឋតែងមើលឃើញថា អាជ្ញាធរ ឬរដ្ឋអំណាចមូលដ្ឋានបានព្រមព្រៀងត្រូវដងត្រូវផ្លែជាមួយនឹងពួកឈ្មួញទិញដីទាំងនោះដែលមានឈ្មួញខ្លះ មានឋានៈដល់ទៅថ្នាក់ឧកញ៉ា ដែលមានខ្នងបង្អែក នឹងអ្នកធំក៏មានដែរ។ ចំពោះការទាមទារតវ៉ាពីសំណាក់ប្រជាពលរដ្ឋនោះឃើញថា ជាការគាស់មិនរបើកឡើយ។ នេះជាចំណុចឆករវែងមួយដ៏ធំដែលបណ្តាលឲ្យប្រជាពលរដ្ឋបាតបង់នូវសេចក្តីសង្ឃឹមលើអាជ្ញាធរថ្នាក់ក្រោមទាំងស្រុង។
ជាធម្មតាចំពោះរដ្ឋអំណាចថ្នាក់ក្រោមភាគច្រើនជាគណបក្សប្រជាជនកម្ពុជា ហើយដែលគេនិយាយជា ទូទៅថា មានការពាក់ព័ន្ធពីរឿងដីធ្លីជាមួយឈ្មួញនោះដែរ។ ដូចនេះចំពោះឈ្មួញដែលមានគំនិតខិលខូចក្នុងការរំលោភយកដីប្រជាពលរដ្ឋនោះ ក៏បានទទួលនូវការជះកំហឹងពីប្រជាពលរដ្ឋ ទៅលើរដ្ឋអំណាចមូលដ្ឋានថា ជាការឃុបឃិត ឬជាការរកស៊ីជាមួយគ្នាផងដែរ។
ដូចនេះចំពោះការថ្នាំងថ្នាក់ ឬជាការអាក់អន់ចិត្តរបស់ប្រជាពលរដ្ឋលើបញ្ហាដីធ្លីដូចបានរៀបរាប់មកនេះតែងបង្តើតនូវឥទ្ធិពលដល់គណបក្សនយោបាយតែម្តង។ បានសេចក្តីថា គណបក្សនយោបាយថ្មីៗគេចាំតែទទួលត្រងយកប្រជាប្រិយភាព និងការគាំទ្ររបស់គេតាមរយៈចំណុចខ្សោយនៃការងាររដ្ឋអំណាចមូលដ្ឋានរបស់យើងដោយងាយស្រួលបំផុត ឬដោយមិនបាច់ខំប្រឹងប្រែងនោះឡើយ។ ប៉ុន្តែដើម្បីកែលម្អបញ្ហាខាងលើនេះឲ្យបានសុខស្រួល ឬមានការស្ងប់ស្ងាត់ពីសំណាក់ប្រជាពលរដ្ឋនោះ គឺមិនទាន់ហួសពេលទេក្នុងការទទួលនិងដោះស្រាយតាមឆន្ទៈប្រជាពលរដ្ឋនោះ។ បើធ្វើបានយ៉ាងនេះទើបលែងមានទុក្ខភ័យគឺលែងមានបាបកម្មពីបញ្ហាព្រះធរណីស្រូបនោះឡើយ។ ឯប្រជាពលរដ្ឋក៏លែងមានកំហឹងទៅលើគោហើយវាយរទេះនោះដែរ៕
ទស្សនៈ ៖ ព្រះធរណី ជាសាក្សី
0 Comments