Ad Code

មក​ពី​ដាំ​កូន​ឈើ ចុះ​ងូតទឹក​ព្រែក​ត្រូវ​លង់​ស្លាប់​​ ដោយ​មាន​ឈាម​ហូរ​តាម​ត្រចៀក

កណ្ដាល​ ៖​ បុរស​ម្នាក់​បាន​ចេញ​ពី​ផ្ទះ​ទៅ​ដាំ​កូនឈើ ពេល​ត្រឡប់មកវិញ​ក៏​ចុះ​ងូតទឹក​ព្រែក​ខាង​ក្រោយ​ផ្ទះ​បណ្ដាល​ឲ្យ​លង់​ស្លាប់ ព្រឹក​ឡើង​ម៉ោង​១១​ទើប​អ្នកជិតខាង​រាវរក​ឃើញ​សព​នៅ​ក្នុង​ព្រឹក​នោះ។


ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥​នៅ​ចំណុច​មាត់​ព្រែក​ខាង​ក្រោយ​ផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ស្វាយ​អំពារ​ ឃុំ​ស្វាយ​អំពារ​ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល។

​ ​

នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ​ចាន់ សុខា ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្វាយ​អំពារ ឃុំ​ស្វាយ​អំពារ ស្រុក​មុខកំពូល​ខេត្ត​កណ្តាល។


នគរបាល​ស្រុក​មុខកំពូល​បាន​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៥​វេលា​ម៉ោង​១៣​រសៀល ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ​ដាំ​កូនឈើ​នៅ​ចំណុច​ចម្ការ​បណ្ដុះ​កូនឈើ​ខាង​កើត​ភូមិ​មុខវត្ត​ស្វាយ​អំពារ​ជាមួយ​ឈ្មោះ​អ៊ុន ថេ​ន ឈ្មោះ​រស់ សុវណ្ណ ​និង​ឈ្មោះ កែម ផា។ លុះដល់​ម៉ោង​១៧​ល្ងាច​ទើប​ឈប់​នាំគ្នា​ដើរ​ត្រឡប់​ទៅផ្ទះ​បែក​គ្នា​រៀងខ្លួន។


ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​១៧​និង​៣០​នាទី​ឈ្មោះ​ថន សេរីរ័ត្ន ភេទ​ស្រី​ត្រូវជា​ប្អូនថ្លៃ​ជនរងគ្រោះ​បាន​ឃើញ​ជនរងគ្រោះ​មកដល់​ផ្ទះ​ ហើយ​ឡើង​ទៅ​លើ​ផ្ទះ​ផ្លាស់​ខោអាវ​រួច​ដើរ​ចុះទៅ​មុជទឹក​ព្រែក​នៅ​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ។ ចំណែក​ឈ្មោះ​ថន សេរីរ័ត្ន​ពុំបាន​ចាប់អារម្មណ៍ រហូតដល់​ម៉ោង​១៨​ល្ងាច​ក៏បាន​ឡើង​ទៅ​លើ​ផ្ទះ​បាត់​តែ​ម្តង ដោយ​មិនបាន​មើល​បងថ្លៃ​ឡើង​ពី​មុជទឹក​ទេ។ ម្យ៉ាងទៀត​ជនរងគ្រោះ​សម្រាក​ពេលយប់​តែ​នៅ​ក្នុង​អង្រឹង​ក្រោម​ផ្ទះ​ទេ។លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៥​វេលា​ម៉ោង​​៦​ព្រឹក​ឈ្មោះ ចាន់ ប៊ុន​នី ​ភេទ​ប្រុស​(​ប្អូន​ជនរងគ្រោះ​បង្កើត​) បាន​ឃើញ​ប្រអប់​សាប៊ូ​នៅ​មាត់កំពង់ តែ​មិន​ចាប់អារម្មណ៍​ក៏​រើស​ប្រអប់​សាប៊ូ​យកទៅ​ទុក​នៅផ្ទះ។ បន្ទាប់មក​នៅ​ម៉ោង​​៩​ព្រឹក​ក៏​ចុះទៅ​មើល​មង​ក្នុង​ព្រែក បាន​ឃើញ​ស្បែក​ជើង​របស់​បង​(​ជនរងគ្រោះ​)​១​គូរ​អណ្ដែត​ទឹក​ខាងជើង​ផ្ទះ​ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ ហើយក៏​រើស​ស្បែកជើង​នោះ​មក​ទុក និង​មានការ​សង្ស័យ​ក៏​ជិះ​ម៉ូតូ​តាម​សួររក​ឈ្មោះ​ចាន់ សុខា​ពី​មិត្តភ័ក្ដិ​ដែល​ធ្លាប់​ដើរ​ជាមួយគ្នា គេ​ប្រាប់ថា​អត់​ឃើញ​ទេ​។ បន្ទាប់មក​ក៏​ឲ្យ​ឈ្មោះ​វ៉ា​ត់​ តេ​ ទូរស័ព្ទ​ទៅ​ជនរងគ្រោះ​ចូល​តែ​ពុំ​មាន​អ្នក​លើក​ទូរស័ព្ទ រួច​ជិះ​ម៉ូតូ​មក​ផ្ទះ​វិញ​ដើរ​រក​មើល​ឃើញ​ទូរស័ព្ទ​ជនរងគ្រោះ​នៅក្នុង​ហោប៉ៅ​ខោ​ព្យួរ​នៅមុខ​ផ្ទះ​កៀន​របង​ខាងត្បូង។ បន្ទាប់មក​នៅ​ម៉ោង​១១​ព្រឹក អ្នកជិតខាង​ឈ្មោះ​រស់ សា​រ៉េ​ន​បាន​ចុះ​រក​ក្នុង​ទឹក​កន្លែង​កើតហេតុ​ទើប​ប្រទះឃើញ​ជនរងគ្រោះ​ឈ្មោះ​ចាន់​ សុខា​លង់ទឹក​ស្លាប់​រួច​ក៏​នាំគ្នា​ស្រង់​សព​ជនរងគ្រោះ​មក​ដាក់​លើ​គ្រែ​ក្រោម​ផ្ទះ​តែម្តង។


ក្រោយ​ការពិនិត្យ​សព​ឃើញ មាន​វត្ថុ​រាវ​លាយ​ឈាម​ហូរ​តាម​ត្រចៀក​ខាងស្តាំ និង​វត្ថុ​រាវ​(​ទឹក​)

​ហូរ​ចេញ​តាម​ច្រមុះ​និង​មាត់​នៅ​ពេល​ដែល​សមត្ថកិច្ច​ក្រឡាប់​សព​ធ្វើការ​ពិនិត្យ​។ ចំណែក​ស្លាកស្នាម​ផ្សេងទៀត​ពុំ​មាន​អ្វី​កត់សម្គាល់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។​


ក្រោយពី​ធ្វើការ​ពិនិត្យ​សព រួច​ម្តាយ​ជនរងគ្រោះ​ឈ្មោះ​សោម ប៊ុន​បាន​ទទួល​ស្គាល់ថា​កូន​ឈ្មោះ​ចាន់​សុខា​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន ហើយ​សមត្ថកិច្ច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជាតិ៕


M17-09-15-n2


M17-09-15-n1



មក​ពី​ដាំ​កូន​ឈើ ចុះ​ងូតទឹក​ព្រែក​ត្រូវ​លង់​ស្លាប់​​ ដោយ​មាន​ឈាម​ហូរ​តាម​ត្រចៀក

Post a Comment

0 Comments

Close Menu