បន្ទាយមានជ័យ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗដោយសារបើកបរម៉ូតូបុកគូថត្រាក់ទ័រដឹកម៉ាស៊ីនច្រូតស្រូវពីក្រោយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោងនៅ១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចបង្គោលខ្សែភ្លើងលេខ០២-៤៧ ភូមិគោកលន់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក ភ្លឹង វិចិត្រ នាយផ្នែកចរាចរណ៍អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ឈួន ឆែម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិខ្វាវ ឃុំបុសស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោក ខ្លឹង វិចិត្ត បាននិយាយបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីម៉ូតូបុកគូថត្រាក់ទ័រពីក្រោយ ដែលកំពុងបើកបរក្នុងទិសដៅស្របគ្នាពីលិចទៅកើត។ គ្រោះថ្នាក់មកពីត្រាក់ទ័រគ្មានភ្លើងបំភ្លឺពីក្រោយ ឯម៉ូតូជែងក្នុងស្ថានភាពគ្រោះថ្នាក់។
លោកនិយាយបន្តទៀតថា មុនពេលកើតហេតុមានត្រាក់ទ័រមួយគ្រឿងម៉ាកMTZ82Rផលិតនៅអតីតសភាពសូវៀត ក្បាលពណ៌ខៀវ សណ្ដោងរ៉ឺម៉កដឹកម៉ាស៊ីនច្រូតស្រូវ បើកបរដោយឈ្មោះ គីម សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកពីទិសខាងលិចទៅខាងកើត ពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឃ្លិក(Honda Click )ពណ៌ក្រហម គ្មានស្លាកលេខ ជែងនឹងរថយន្តផ្សេង ហើយមកបុកពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ ហើយម៉ូតូរងការខូចខាតធ្ងន់ផ្នែកខាងមុខ ឯត្រាក់ទ័រខូចខាតស្រាលផ្នែកខាងក្រោយ និងសម្ភារៈ ទាំងសងខាងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕
ជិះម៉ូតូបុកគូថត្រាក់ទ័រគ្មានភ្លើងបំភ្លឺ បណ្តាលឲ្យស្លាប់ម្នាក់
0 Comments