ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងនៅក្នុងបណ្តាញសង្គមរបស់លោកថា នៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខក្រសួងនឹងរៀបចំការប្រគំតន្ត្រី ដ៏ពិសេសមួយ ក្រោមចំណងជើងថា៖ “ពេលវេលាដែលត្រូវតបស្នង – វិភាគទាន ចំពោះអធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត ” ដែលនឹងប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ ដើម្បី រ៉ៃ អង្គាសប្រាក់ឧបត្ថម្ភសម្រាប់ភរិយា របស់ លោក ស៊ីន ស៊ីសាមុត នឹងបញ្ជាក់ ពីការរីកចម្រើនដែលក្រសួងពាណិជ្ជកម្មសម្រេចបានទាក់ទងនឹងច្បាប់កម្មសិទ្ធិបញ្ញា និងច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធផងដែរ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបថា៖ ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ យើងខ្ញុំបានទទួលប្រិយមិត្តគាំទ្រ ចំនួន៥០ម៉ឺននាក់ ហើយ តាមរយៈការចុច LIKE លើទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់យើងខ្ញុំ។
ការបង្ហាញនូវចំណាប់អារម្មណ៍របស់ប្រិយមិត្ត តាមរយៈការចូលរួមចុច LIKE លើទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មនេះ គឺជាសក្ខីភាពមួយបញ្ជាក់ឲ្យឃើញថា ប្រិយមិត្ត ស្រឡាញ់ និងមានចំណាប់អារម្មណ៍ ចង់ឲ្យប្រទេសជាតិយើងមាន ការអភិវឌ្ឍ រីកចម្រើន ឆ្ពោះទៅមុខ។ តាមរយៈការបង្ហោះសារមួយនេះ ខ្ញុំចង់ជម្រាបជូនប្រិយមិត្ត ទាំងអស់អំពី ព្រឹត្តិការណ៍ ប្រគំតន្ត្រីដ៏ពិសេសមួយ ក្រោមចំណងជើងថា “ពេលវេលាដែលត្រូវតបស្នង – វិភាគទាន ចំពោះអធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលមហោស្រពកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។
ព្រឹត្តិការណ៍ប្រគំតន្ត្រីនេះ មិនត្រឹមតែធ្វើឡើងដើម្បី រ៉ៃអង្គាសប្រាក់ឧបត្ថម្ភសម្រាប់ភរិយា របស់ លោក ស៊ីន ស៊ីសាមុត ប៉ុណ្ណោះទេ ព្រឹត្តិការណ៍នេះក៏ជាសញ្ញាណ គូសបញ្ជាក់ ពីការរីកចម្រើនដែលក្រសួងពាណិជ្ជកម្មសម្រេចបានទាក់ទងនឹងច្បាប់កម្មសិទ្ធិបញ្ញា និងច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធផងដែរ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងខ្លួន ខ្ញុំផ្ទាល់ នឹងអញ្ជើញជាកិត្តិយសក្នុង ការប្រគល់សិទ្ធិអ្នកនិពន្ធលើស្នាដៃបទចំរៀងរបស់ លោក ស៊ីន ស៊ីសាមុត ចំនួន ៧៣ បទ ជូនដល់ភរិយារបស់លោក។ សិទ្ធិអ្នកនិពន្ធនេះ នឹងអនុញ្ញាតឲ្យភរិយារបស់លោកទទួលបានប្រាក់លាភការ មួយចំនួន ប្រសិនបើបទចំរៀងទាំងនេះត្រូវបានប្រើប្រាស់ក្នុងគោលបំណងដើម្បីធ្វើអាជីវកម្ម។
សិល្បករសិល្បៈ ការិនីខ្មែរល្បីៗផ្នែកចំរៀង ដែលមានទេពកោសល្យខ្ពស់ នឹងអញ្ជើញ ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ដែលមានរយៈពេលប្រមាណជាពីរម៉ោងនេះ ហើយនៅ ក្រោយថ្ងៃនៃការប្រគំតន្ត្រីនេះទៅ នឹងមានការចាក់ផ្សាយ នៅតាមកញ្ចក់ទូរទស្សន៍ MyTV, CTN និងទូរទស្សន៍ជាតិកម្ពុជាផងដែរ។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះយើងខ្ញុំនឹងជម្រាបជូនអំពីទីតាំងលក់សំបុត្រចូលទស្សនាតាមរយៈ ទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម និង ទំព័រហ្វេសប៊ុករបស់ ទូរទស្សន៍ MyTV ។ ខ្ញុំសង្ឃឹមថា ប្រិយមិត្តនឹងអញ្ជើញចូលរួម ជាមួយយើងខ្ញុំនៅក្នុងរាត្រី នោះ ហើយរីករាយជាមួយនឹងការប្រគំតន្ត្រីដ៏ពិសេសដែលមិនធ្លាប់មានពីមុនមកនេះ។
ដូចដែលប្រិយមិត្តដឹងហើយថា ខ្ញុំតែងតែវាយតម្លៃខ្ពស់លើមតិឆ្លើយតប របស់លោកអ្នក តាមរយៈទំព័រហ្វេសប៊ុករបស់យើងខ្ញុំ ហើយនៅពេលនេះ យើងខ្ញុំសូមឲ្យប្រិយមិត្តជួយ ផ្តល់មតិយោបល់ ថាតើយើងខ្ញុំត្រូវធ្វើយ៉ាងណាឲ្យទំព័រហ្វេសប៊ុក របស់យើងនេះមានភាព ប្រសើរឡើងជាងនេះ និងកាន់តែមានការចំណាប់អារម្មណ៍។ សូមប្រិយមិត្ត ផ្តល់ជាមតិឆ្លើយតបមកកាន់យើងខ្ញុំវិញ នៅក្នុងប្រអប់នៃការបញ្ចេញ មតិខាងក្រោម។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រិយមិត្តទាំងអស់ សម្រាប់ចំណាប់អារម្មណ៍ លើសកម្មភាពបំពេញការងាររបស់យើងខ្ញុំនៅក្រសួងពាណិជ្ជកម្ម ហើយយើងខ្ញុំសង្ឃឹម យ៉ាងមុតមាំថា ប្រិយមិត្តនឹងនៅតែបន្តរក្សាទំនាក់ទំនងនេះជាមួយយើងខ្ញុំបន្តទៀត ដោយហេតុថា យើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នា ក្នុងការពង្រីកទំហំពាណិជ្ជកម្ម និង ការវិនិយោគ ដើម្បីបង្កើតការងារធ្វើជូនប្រជាពលរដ្ឋរបស់យើង និងចូលរួមកសាង អនាគត របស់ពួកគេ ឲ្យកាន់តែត្រចេះត្រចង់ឡើងថែមទៀត៕
ក្រសួងពាណិជ្ជកម្មប្រគំតន្ត្រីដ៏ពិសេសមួយ “ពេលវេលាដែលត្រូវតបស្នង - វិភាគទាន ចំពោះអធិរាជសម្លេងមាស លោក ស៊ីន ស៊ីសាមុត ”
0 Comments