Ad Code

ក្មេង​ស្រី​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​ ក្នុង​ពិធី​ភ្ជាប់​ពាក្យ​មួយ

បាត់ដំបង​ ៖ ​ក្មេង​ស្រី​ម្នាក់ ​ដែល​ទើប​តែ​មាន​អាយុ​៨​ឆ្នាំ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​ចំណុច​កើតហេតុ​ស្ថិត​ក្នុង​ភូមិ​ព្រះ​ធាតុ ឃុំ​របស់​មង្គល ​ស្រុក​មោងឬស្សី ​ខេត្ត​បាត់ដំបង​​ កាល​ពី​វេលា​ម៉ោង​១២​និង​៤០​នាទី ខណៈ​ដែល​ក្មេង​ស្រី​រូប​នោះ​បាន​ដើរ​ទៅ​លែង​ក្បែរ​នឹង​ម៉ាស៊ីន​ភ្លើង​ដែល​គេ​កំពុង​បញ្ឆេះ​សម្រាប់​ចាក់​ធុងបាស​ក្នុង​ពិធី​ភ្ជាប់​ពាក្យ​មួយ។


ប្រភព​នៅ​ទីនោះ​បាន​រាយការណ៍​មក​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​ក្នុង​ភូមិ​ឃុំ​ខាង​លើ​បាន​រៀបចំ​ពិធី​ភ្ជាប់​ពាក្យ​កូន​របស់​ឈ្មោះ​នឹម ដៀប ​ដោយមាន​មនុស្សម្នា​មក​ចូលរួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ។ នៅ​ពេល​នោះ​ដែរ ​ក្រុម​អ្នក​កាន់​គ្រឿង​បំពង​​សំឡេង ​ក៏​បាន​រៀបចំ​ធុងបាស​ដើម្បី​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ​ និង​មាន​សំឡេង​កងរំពង​ផង​ ដោយ​គេ​បាន​អូស​ម៉ាស៊ីន​ភ្លើង​ទៅ​យ៉ាង​ឆ្ងាយ​ជៀសវាង​នូវ​ការ​រំខាន​អំពី​សំឡេង​របស់​វា ដោយ​នៅ​ទីនោះ​គឺ​មិន​មាន​អ្នកណា​នៅចាំ​យាម​ឡើយ ដោយ​គេ​បាន​បញ្ឆេះ​ហើយក៏​នាំគ្នា​មក​ក្នុង​រោង​អស់រលីង។


ចៃដន្យ​នៅ​ពេល​នោះ​ដែរ​ក៏​មាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ ចិន​ ស្រីនាថ ​អាយុ​៨​ឆ្នាំ ​រស់នៅ​ក្នុង​ភូមិ ឃុំ​ជាមួយគ្នា ដែល​បាន​មក​លេង​ក្នុង​ពិធី​នេះ​ដែរ បាន​ដើរ​ទៅ​លេង​តែ​ម្នាក់​ឯង​ក្បែរ​នឹង​ម៉ាស៊ីន​ភ្លើង​នោះ ហើយ​ក៏​ទំនងជា​ត្រូវ​ខ្សែភ្លើង​ ដែល​ចេញពី​ម៉ាស៊ីន​ភ្លើង​នោះ​ឆក់​ទើប​បណ្តាល​ឲ្យ​នាង​ដួល​ស្លាប់​ក្បែរ​ទីនោះ​តែ​ម្តង លុះ​មួយ​សន្ទុះ​ក្រោយមក​ក៏​មាន​ការ​ភ្ញាក់ផ្អើល​តែម្តង។


ក្រោយពី​បាន​ពិនិត្យ​រួចមក​ទើប​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្មេង​ស្រី​រូប​នេះ​ពិតជា​ត្រូវ​ខ្សែភ្លើង​ឆក់​ស្លាប់​យ៉ាង​ពិត​ប្រាកដ ដោយ​ភ្លាមៗ​នោះ​ដែរ​ក្រុម​គ្រួសារ​ក៏បាន​នាំ​យក​សព​ក្មេង​ស្រី​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​យ៉ាង​ក្រៀមក្រំ​ចិត្តជា​ទីបំផុត៕


M14-09-15-y2



ក្មេង​ស្រី​ម្នាក់​ឆក់​ខ្សែភ្លើង​ស្លាប់​ ក្នុង​ពិធី​ភ្ជាប់​ពាក្យ​មួយ

Post a Comment

0 Comments

Close Menu